
សកម្មភាពនៃការដាក់តាំងបង្ហាញផលិតផល និងម្ហូបខ្មែរក្នុងពិធីបុណ្យ ចំណងមិត្តភាពសេអ៊ូល កាលពីថ្ងៃទី ២៤~២៥ ខែឧសភា ឆ្នាំ២០២៤។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ
ក្រសួងការបរទេសនិងសហប្រតបត្តិការអន្តរជាតិ បង្ហាញពីកិច្ចប្រឹងប្រែងទាក់ទាញវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤នេះ តាមរយៈគោលនយោបាយ «ការទូតសេដ្ឋកិច្ច» រួមមានទាំងការលើកកម្ពស់ការទាក់ទាញក្នុងវិស័យទេសចរណ៍ផងដែរ។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងរយៈពេល ៥ខែឆ្នាំនេះ ក្រសួងការទេស ស្ថានទូត និងស្ថានតំណាងរបស់កម្ពុជានៅក្រៅប្រទេសបានចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងចំណោមសកម្មភាពការទូតសេដ្ឋកិច្ចទាំងនោះរួមមានការចូលរួមក្នុងព្រឹត្តិការណ៍ ASEAN-India Bazaar ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី និងទិវាវប្បធម៌ជាតិលើកទី២៤ នៅសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ឱកាសពិសេសសម្រាប់កម្ពុជាក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងផលិតផលចម្រុះរបស់កម្ពុជា។
នៅប្រទេសថៃជិតខាង មន្ត្រីកម្ពុជាបានរៀបចំកម្មវិធីវេទិកាការទូតសេដ្ឋកិច្ច ក្រោមប្រធានបទ «Cambodia's New Page: Business and Investment Opportunities»។ ក្រៅពីនេះក៏មានជំនួបធុរកិច្ចជាមួយធុរជនជាច្រើននៅប្រទេស ប្រ៊ុយណេ និង បារាំង ដែលបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសដៃគូ។
លោក ជុំ សន្ទរី បន្តថា នៅក្នុងខែមេសាកន្លងទៅ ស្ថានតំណាងកម្ពុជានៅជុំវិញពិភពលោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញការងារការទូតសេដ្ឋកិច្ចដែរ រាប់ចាប់ពីគំនិតផ្តួចផ្តើមក្នុងការបើកភោជនីយដ្ឋានខ្មែរនៅប្រទេសឡាវ រហូតដល់ការចូលរួមផ្សព្វផ្សាយគុនខ្មែរក្នុងប្រទេសរុស្ស៊ី ការរុករកកាលានុវត្តភាពវិនិយោគថាមពលសូឡានៅក្នុងប្រទេសទួរគី និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសប្រេស៊ីល។
សម្រាប់ខែឧសភាកន្លងទៅ សកម្មភាពការទូតសេដ្ឋកិច្ចបានលាតសន្ធឹងលើប្រទេសជាច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងវប្បធម៌ ដូចជាពិព័រណ៍អាហារអាស៊ីនៅប្រទេសគុយវ៉ែត ដែលបង្ហាញផលិតផលនិងវប្បធម៌កម្ពុជា។ នៅចក្រភពអង់គ្លេស មានការបោះជំហានឆ្ពោះទៅរកការបង្កើតការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅអង់គ្លេស។
លើសពីនេះ ក៏មានកិច្ចពិភាក្សារួមជាមួយការបង្ហាញពីបំណងរបស់សហគ្រិនឥណ្ឌូនេស៊ី លើការនាំចេញឱសថបុរាណ និងសម្ភារៈក្មេង ដែលបង្ហាញពីការប្តេជ្ញាចិត្តដើម្បីធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចបន្ថែមផងដែរ។
ចំណែកនៅប្រទេសជប៉ុន មានការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៨ ឡើងដើម្បីរឹតបន្តឹងចំណងការទូតជាប្រពៃណី និងពង្រីកការស្វែងយល់និងទាក់ទាញវិនិយោគ របស់ជប៉ុន។
សម្រាប់ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា អ្នកការទូតកម្ពុជាបានធ្វើបទបង្ហាញទៅកាន់អ្នកវិនិយោគ និងគម្រោងបង្កើតសមាគមខ្មែរ-ចិន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌។ នេះជាការលើកឡើងរបស់លោក ជុំ សន្ទរី។
លោកថ្លែងថា៖ «សកម្មភាពទាំងនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងឱកាសសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី៨ ខែកក្កដានេះថា ក្នុងឆមាសទីនៃឆ្នាំនេះ កម្ពុជាសម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៩០ មានតម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក។ ចំនួននេះមានកំណើន ៣ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានជាង ១,១ ពាន់លានដុល្លារ។
លោកថ្លែងថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជននៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅកម្ពុជា។
យ៉ាងណាក៏ដោយ លោក យ៉ង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា សកម្មភាពការទូតសេដ្ឋកិច្ចគួរបន្ថែមឲ្យបានកាន់តែខ្លាំងថែមទៀត ទោះបីជាលោកយល់ថា មន្ត្រីកម្ពុជាបានធ្វើល្អហើយក្ដី។
លោកថា ស្ថានទូតខ្មែរនៅខាងក្រៅគួរប្រឹងផ្សព្វផ្សាយនូវផលិតផល វប្បធម៌របស់ខ្មែរ បន្តទៀតនៅក្នុងកម្មវិធីនានា ដូចជាការតាំងពិព័រណ៍ ការរៀបចំឲ្យមានជំនួបផ្សេងៗ។
លោកថា៖ «ខ្ញុំយល់ថា ត្រូវខិតខំបន្ថែមទៀត មូរដៃអាវដុតដៃដុតជើងបន្ថែមទៀតដើម្បីទាក់ទាញការវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍»៕