
ជនជាតិជប៉ុនថតរូបចម្លាក់អប្សរានៅមុខស្តង់ពិព័រណ៍របស់កម្ពុជា នៅប្រទេសជប៉ុន។ រូបថត ស្ថានទូតកម្ពុជាប្រចាំជប៉ុន
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនកំពុងបង្កើនយុទ្ធសាស្ដ្រដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនកាន់តែច្រើនដែលជាផ្នែកនៃក្នុងការលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេស។
លោក ស៊ិន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មនៃស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ក្នុងគោលបំណងជំរុញទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។
តំណាងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក សារ៉ាយ បានឱ្យដឹងថា៖«មុនពេលមានវិបត្តិកូវីដ-១៩ ទេសចរជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលមានចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើនជាងគេ»។
លោកបន្ដថា៖ «ទោះជាយ៉ាងណា ទេសចរណ៍ជប៉ុនស្ទើរតែធ្លាក់ចុះទាំងស្រុងក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ»។
របាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយក្នុងខែមិថុនា ឆ្នាំ២០២៤ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជប៉ុន។
លោក សារ៉ាយ បានកត់សម្គាល់ថា៖ «ភ្ញៀវទេសចរជប៉ុនចំនួនជិត ៥៥០០០នាក់បានមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៤ ដែលមានការកើនឡើងចំនួន៥៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣»។
ការងើបឡើងវិញនេះបានធ្វើឱ្យភ្ញៀវទេសចរជប៉ុនឈរក្នុងចំណោមភ្ញៀវទេសចរកំពូលទាំង ១០ ម្ដងទៀតដែលមកទស្សនាកម្ពុជាច្រើនបំផុត។
លោក សារ៉ាយ បានចាត់ទុកការរីកចម្រើននេះ ដោយសារតែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរក្សាបាននូវសន្តិភាពនិងវិបុលភាព។
លោកបានបន្ថែមថា៖ «សក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជា គឺជាកត្តាជំរុញឱ្យមិត្តជប៉ុនមកទស្សនា និងវិនិយោគនៅកម្ពុជា»។
ពង្រឹងទំនាក់ទំនងការទូត និងវប្បធម៌
កាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំនៅទីក្រុង តូក្យូ កម្ពុជា និងជប៉ុនបានប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយនេះគឺពិព័រណ៍កម្ពុជាប្រចាំឆ្នាំ ដែលទើបនឹងធ្វើឡើងនៅថ្ងៃទី ៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យាន Yoyogi ក្នុងទីក្រុងតូក្យូ។ រូបថត ស្ថានទូតកម្ពុជាប្រចាំជប៉ុន
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី កាមីកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
កិច្ចប្រជុំក៏បានប្រារឰពិធីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជប៉ុន លោក សារ៉ាយ បានលើកឡើងថា ស្ថានទូតបាននិងកំពុងរៀបចំកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់សិល្បៈ និងវប្បធម៌កម្ពុជា។
ទាំងនេះ រួមមាន ទិវាវប្បធម៌ជាតិ បុណ្យចូលឆ្នាំខ្មែរ និងទិវាជាតិ ដែលប្រារឰទាំងនៅស្ថានទូត និងនៅតាមបណ្តាខេត្តនានា។
លោក សារ៉ាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ពិធីបុណ្យប្រពៃណីខ្មែរ ដូចជា បុណ្យឯករាជ្យជាតិ បុណ្យអុំទូក និងបុណ្យអកអំបុកក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីបញ្ជ្រៀបវប្បធម៌ខ្មែរកាន់តែជ្រាលជ្រៅក្នុងចំណោមប្រជាជនជប៉ុន»។
បង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា
ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយនេះគឺពិព័រណ៍កម្ពុជាប្រចាំឆ្នាំ ដែលទើបនឹងធ្វើឡើងនៅថ្ងៃទី ៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យាន Yoyogi ក្នុងទីក្រុងតូក្យូ។

ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ លើកលែងក្នុងឆ្នាំ២០២០ និង២០២១ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ ១៩ ពិព័រណ៍នេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ សិល្បៈ និងវប្បធម៌របស់កម្ពុជា។
លោក សារ៉ាយ បានថ្លែងថា៖ «ព្រឹត្តិការណ៍ឆ្នាំ២០២៤ បានទាក់ទាញអ្នកចូលរួមជាង ៨ម៉ឺននាក់ រួមទាំងជនជាតិជប៉ុន កម្ពុជា និងអន្តរជាតិ ដោយមានការសម្ដែងរបាំប្រពៃណីខ្មែរ អាហារខ្មែរ និងការតាំងពិព័រណ៍វប្បធម៌»។
ស្ថានទូតក៏បានលើកឡើងពីតំបន់បេតិកភណ្ឌវប្បធម៌ដែលចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូរបស់កម្ពុជាផងដែរ ដូចជា ប្រាសាទអង្គរវត្ត ព្រះវិហារ សំបូរព្រៃគុក និងកោះកេរ តាមរយៈការតាំងពិព័រណ៍ រូបថត និងបទបង្ហាញ។
សម្បត្តិបេតិកភណ្ឌអរូបី ដូចជារបាំព្រះរាជទ្រព្យ (របាំអប្សរា និងរបាំជូនពរ) និងល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់តាំងបង្ហាញជាប្រចាំ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ។
សម្រួលដល់វិស័យទេសចរណ៍ និងការវិនិយោគ
ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ស្ថានទូតរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនទេសចរណ៍ជប៉ុន និងប្រតិបត្តិករសំខាន់ៗក្នុងវិស័យទេសចរណ៍។
លោក សារ៉ាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ស្ថានអគ្គកុងស៊ុលនៃស្ថានទូតកម្ពុជាបានពន្លឿនការចេញទិដ្ឋាការសម្រាប់ភ្ញៀវជប៉ុន និងអន្តរជាតិ ដោយធានាបាននូវបទពិសោធន៍នៃការធ្វើដំណើរដោយរលូន»។
លោក សារ៉ាយ បន្ថែមថា សម្លឹងឆ្ពោះទៅមុខ ស្ថានទូតកម្ពុជាគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជា ពិព័រណ៍ពិភពលោក Osaka ឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំពីខែមេសា ដល់ខែតុលា ឆ្នាំ ២០២៥។
ជាមួយនឹងការរំពឹងថានឹងមានភ្ញៀវទេសចរចំនួន ២៨,២ លាននាក់ រួមទាំង ៣,៥ លាននាក់មកពីបរទេស ពិព័រណ៍នេះបង្ហាញពីឱកាសដ៏ល្អមួយដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

ភ្ញៀវទេសចរជប៉ុនមកទស្សនាប្រាសាទបុរាណនៅក្នុងខេត្តសៀមរាបនាពេលកន្លងមក។ រូបថត សហការី
អនាគតទេសចរណ៍កម្ពុជា-ជប៉ុន
យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជា ភ្ញៀវទេសចរជប៉ុនបានបង្ហាញវត្តមានយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការមកដល់ចំនួនជិត ៥៥០០០ នៅឆមាសទីមួយនៃឆ្នាំ២០២៤។
ការកើនឡើង ៥៤,២ភាគរយនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការទាក់ទាញនិងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
យោងតាមរបាយការណ៍បានឱ្យដឹងថា៖ «ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី១០ ក្នុងចំណោមទេសចរកំពូលទាំង ១០ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងទេសចរណ៍ដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ»។
ស្ថិតិថ្មីៗរបស់សហគ្រាសអង្គរ បង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសចំនួន ៥៨៦,២៦០នាក់ បានទិញប័ណ្ណអង្គរ ដែលបង្កើតចំណូលបានចំនួន ២,១៥០,៨០៤ដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២៤ តែម្នាក់ឯង។
ចំណាប់អារម្មណ៍ដ៏រឹងមាំនេះក្នុងការទស្សនាប្រាសាទអង្គរវត្តបញ្ជាក់ពីការទាក់ទាញយូរអង្វែងរបស់ប្រទេសកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍សំខាន់មួយ៕