ភ្នំពេញ៖ គម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ៥៣គម្រោងដែលមានទុនវិនិយោគ សរុបជាង ១ពាន់លានដុល្លារ (អាមេរិក) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តនៅក្នុងខែសីហាឆ្នាំ២០២៤ ដែលសកម្មភាពនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុកនិងជំរុញការនាំចេញទំនិញផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិកាន់តែច្រើន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ CDC នៅក្នុងខែសីហា ឆ្នាំ២០២៤ បានអនុម័តឱ្យគម្រោងវិនិយោគថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន៧ ដែលមានទុនវិនិយោគសរុបជាង ១,២ពាន់លានដុល្លារនិងអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។
ក្នុងចំណោមទុនវិនិយោគទាំងអស់គឺការវិនិយោគរបស់វិនិយោគិនចិន ឈរនៅលេខ១ ដោយមានចំណែកប្រមាណ ៨៤,៧២ភាគរយ និងវិនិយោគិនក្នុងស្រុក ៩,១២ភាគរយ ក្រៅពីនោះ ជាការវិនិយោគមកពីប្រទេសសិង្ហបុរី, កោះ Samoa, ហូឡង់, ម៉ាឡេស៊ី និងអាមេរិក។
យោងតាម CDC គម្រោងវិនិយោគទាំងអស់នោះ គឺមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (ស្រែអំបិល), គម្រោងបង្កើតរោងចក្រផលិតសម្បកកង់រថយន្ត, រោងចក្រផលិតភេសជ្ជៈ, សណ្ឋាគារ ... និងគម្រោងពង្រីករោងចក្រផលិតចំណីសត្វ ជាដើម។ គម្រោងទាំងនោះ មានភាគច្រើននៅក្នុងខេត្តព្រះសីហនុ, កំពង់ស្ពឺ, ស្វាយរៀង, កោះកុង, រាជធានីភ្នំពេញ, កណ្តាល,តាកែវនិងខេត្តក្រចេះជាដើម។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី១០ ខែកញ្ញាថា បើទោះបី ស្ថានភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅតែបន្តទទួលរងផលអវិជ្ជមានពីវិបត្តិកូវីដ១៩ និង ការផ្ទុះសង្គ្រាមរវាងបណ្តាប្រទេសមួយចំនួន ក៏ប្រទេសកម្ពុជានៅតែអាចមានសមត្ថភាពក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបើកអាជីវកម្មនិងពង្រីកផលិតកម្មជាបន្តបន្ទាប់។
លោកបន្តថា កំណើនវិនិយោគគឺបញ្ជាក់ពីភាពល្អប្រសើរនៃកត្តានយោបាយក្នុងស្រុកនិងកត្តាទីផ្សារនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា៖«នេះជាមោទនភាពមួយរបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មូលហេតុដែលអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា គឺដោយសារពួកគេមើលឃើញសក្តានុពល ដូចជា កត្តាស្ថិរភាពនយោបាយសន្តិសុខនិងទំនាក់ទំនងល្អជាមួយប្រទេស/ទីផ្សារអន្តរជាតិនានា»។
លោកបន្ថែមថា៖«បច្ចុប្បន្ននេះ រដ្ឋាភិបាលនិងផ្នែកឯកជនកម្ពុជាក៏កំពុងខិតខំរៀបចំកែលម្អប្រព័ន្ធច្បាប់ដើម្បីបង្កើតបរិយាកាសអំណោយផលដល់អ្នកវិនិយោគព្រមទាំងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាច្រើន ពិសេសក្នុងវិស័យដឹកជញ្ជូន»។
ទាក់ទងនឹងការវិនិយោគរបស់ប្រទេសចិន លោក វណ្ណៈ បានពន្យល់ថា ការបង្កើតកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រទេសទាំង២ ជាពិសេស កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» បានក្លាយជាកម្លាំងចលករមួយក្នុងការជំរុញឱ្យប្រទេសទាំង២ មានទំនាក់ទំនងកាន់តែល្អនិងទទួលបានកំណើននៃការវិនិយោគកាន់តែច្រើន។
កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ត្រូវបានរដ្ឋាភិបាលកម្ពុជា-ចិន ឯកភាពគ្នាកាលពីឆ្នាំ២០២៣។
កិច្ចសហប្រតិបត្តិការនេះ បង្ហាញពីការប្តេជ្ញាចិត្តថ្មីរវាងកម្ពុជានិងចិនឆ្ពោះទៅការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត។ក្រោមកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» កម្ពុជានិងចិនបានឯកភាពគ្នាអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់លើវិស័យចំនួន៥ រួមមាន នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពលនិងសន្តិសុខ។
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី ក្នុងវេទិកាវិនិយោគលើវិស័យឧស្សាហកម្មលើបច្ចេកវិទ្យាទំនើបថ្មីៗក្នុងខេត្តព្រះសីហនុ កាលពីចុងខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា កំណើននៃគម្រោងវិនិយោគទាំងថ្មីនិងចាស់គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរុញច្រានឧស្សាហូបនីយកម្មនៅកម្ពុជា។ គម្រោងវិនិយោគចិនមួយចំនួនបានរួមចំណែកជំរុញឧស្សាហកម្មប្រតិគមន៍ (backward linkages) តាមរយៈការកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេសដោយតភ្ជាប់ជាមួយសហគ្រាសផ្គត់ផ្គង់ក្នុងស្រុក ដូចជា គម្រោងវិនិយោគផលិតសម្បកកង់រថយន្តរបស់ក្រុមហ៊ុនចិននៅខេត្តស្វាយរៀង ដែលវត្ថុធាតុដើម ១០០ភាគរយ ជាជ័រកៅស៊ូដែលត្រូវបានទិញក្នុងស្រុក។
លោកបានថ្លែងថា៖ «ក្នុងក្របខណ្ឌវិនិយោគយោងតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជាដែលរួមចំណែកប្រមាណ ៨៨ភាគរយនៃទុនវិនិយោគបរទេស សរុបក្នុងឆ្នាំ ២០២៣។ ទុនវិនិយោគពីប្រទេសចិនបានកើនឡើងពីប្រមាណ១,៧ប៊ី(ពាន់)លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ ដល់ប្រមាណ ៣,២ប៊ី(ពាន់)លានដុល្លារអាមេរិកនៅឆ្នាំ២០២៣»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៣៦,៤៨ពាន់លានដុល្លារកើន ១៦,៥ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះទំនិញកម្ពុជានាំចេញមានទឹកប្រាក់ ១៧,៥៨ពាន់លានដុល្លារ កើន ១៦,៧ភាគរយ និង ទំនិញនាំចូល ១៨,៩ ពាន់លានដុល្លារកើន ១៦,២ភាគរយ៕