ស្ថានទូតសហរដ្ឋអាមេរិកប្រកាសបើកកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) នៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ស្ត្រីក្នុងជំនាញអាជីវកម្មតាមរយៈការសិក្សាពីកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ។
កម្មវិធីនេះទទួលបានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកបន្ទាប់ពីពិធីប្រកាសបើកកម្មវិធីនៅថ្ងៃនេះ។
លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកបានថ្លែងនៅក្នុងពិធីបើកកម្មវិធីនេះថា៖ «សហរដ្ឋអាមេរិកបាននាំមុខគេក្នុងកិច្ចពិភាក្សាលើគោលនយោបាយក្នុងការលើកកម្ពស់ស្ត្រីអស់រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះកម្មវិធី AWE រាប់ថាជាគម្រោងដ៏សំខាន់សម្រាប់យុទ្ធនាការរបស់យើងស្តីពីការលើកកម្ពស់ស្រ្តី ដែលអបអរសាទរ និងគាំទ្រស្ត្រីឲ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់គេ»។
ពិធីបើកប្រកាសគម្រោងនេះធ្វើឡើង ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ផងដែរ ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងមានសិក្ខាកាមនៃកម្មវិធី AWE នេះចំនួន ៣០ នាក់មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សិក្ខាកាមទាំងនេះមកពីវិស័យផ្សេងៗគ្នា រាប់តាំងពីសេវាកម្មបដិសណ្ឋារកិច្ច ដល់វិស័យថាមពលប្រកបដោយចីរភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
កម្មវិធីនេះក៏មានវត្តមានការសុន្ទរកថារបស់លោកស្រី Melinda Emerson អ្នកជំនាញខាងសហគ្រិនភាពមកពីសហរដ្ឋអាមេរិក និងមានសុន្ទរកថាតាមវីដេអូ របស់លោកស្រី Leslie Kiernan អគ្គទីប្រឹក្សាក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកផងដែរ។
ពិធីបើកប្រកាសបើក AWE ធ្វើឡើងដោយមានក្រុមស្គរស្ត្រីមេធា (MeDha) ដែលជាក្រុមស្ត្រីវាយស្គរដំបូងនៅកម្ពុជា។
យោងតាមស្ថានទូតអាមេរិក AWE គឺជាគម្រោងផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ចំណេះដឹង បង្កើតបណ្តាញ និងផ្ដល់លទ្ធភាពចាំបាច់ ដើម្បីឲ្យស្ត្រីជាសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មដោយជោគជ័យ។
អ្នកដែលមានចំណាប់អារម្មណ៍ហើយបានដាក់ពាក្យចូលរួម ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៩ ខែ ដែលរួមមានការសិក្សាតាមប្រព័ន្ធអនឡាញ និងការចូលរួមសិក្សាដោយផ្ទាល់ ក៏ដូចជា ការដាក់តាំងពិព័រណ៍ស្នាដៃ និងផ្តល់ការគាំទ្រនៅក្រោយចប់កម្មវិធីសិក្សា៕