ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវដល់កសិករជ្រើសរើសពូជស្រូវប្រភេទផ្ការំដួល និងសែនក្រអូបសម្រាប់ធ្វើការដាំដុះ ដោយកត់សម្គាល់ថា ស្រូវដែលផលិតពីពូជស្រូវទាំងពីរប្រភេទនេះមានតម្រូវការទីផ្សារខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងស្រុកដែលធ្វើការកែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា៖ «ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងខ្ញុំសូមធ្វើការអំពាវនាវ ក៏ដូចជាណែនាំដល់បងប្អូនប្រជាកសិករជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជស្រូវពូជរបស់យើងធ្វើការផលិតដើម្បីផ្សារភ្ជាប់មកទីផ្សារ»។
លោកថ្លែងតាមរយៈវីដេអូបង្ហោះក្នុងហ្វេសប៊ុកក្រសួងកាលពីថ្ងៃទី៣១ សីហា ថា៖ «ពូជស្រូវផ្ការំដួល និងសែនក្រអូបនេះជាពូជស្រូវមួយដែលមានតម្រូវការខ្ពស់ ជាពិសេសរោងម៉ាស៊ីន ក៏ដូចជាក្រុមហ៊ុនក្នុងស្រុកយើងត្រូវការពូជទាំងពីរនេះដើម្បីធ្វើការកែច្នៃដើម្បីនាំចេញជាអង្ករទៅក្រៅប្រទេស អ៊ីចឹងធ្វើឱ្យមានតម្រូវការទីផ្សារខ្ពស់។ ទន្ទឹមហ្នឹង បងប្អូនប្រជាកសិករអាចលក់ស្រូវទាំងនោះទទួលបានតម្លៃសមរម្យ និងមានស្ថិរភាពផង»។
លោក យ៉ង សាំងកុមារ បន្តថា ក្រសួងកសិកម្មក៏នឹងជួយសម្របសម្រួល និងគាំទ្រដល់កសិករដែលផលិតស្រូវផ្ការំដួល និងសែនក្រអូបនេះឱ្យមានការសហការគ្នាល្អរវាងរោងម៉ាស៊ីន និងក្រុមហ៊ុនក្នុងស្រុកក្នុងការប្រមូលទិញស្រូវទាំងនេះឱ្យបានទាន់ពេលជាមួយតម្លៃសមរម្យ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងជំនួបកាលពីចុងខែសីហា នៅប្រទេសហ្វីលីពីន បានទទួលស្គាល់នូវសក្ដានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «ភាគីទាំងពីរបានពិភាក្សាផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍធុរកិច្ចផ្នែកកសិកម្ម»។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៦៥៦ ៣២៣ តោន កើនឡើង ៣ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ចំណែកទឹកប្រាក់ប្រមូលបានមានចំនួន ៤៦៦ លានដុល្លារ កើនឡើង ១៣ ភាគរយ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់គោលដៅចំនួន ៦១ ប្រទេស/ដែនដី តាមរយៈក្រុមហ៊ុននាំចេញចំនួន ៦៣។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ ពីខែមករា ដល់កក្កដា ការនាំចេញរបស់កម្ពុជាទៅក្រៅប្រទេសគិតជាទឹកប្រាក់មានជាង១៤ពាន់លានដុល្លារ កើន១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕