រាជរដ្ឋាភិបាល​កម្ពុជា ​បាន​និង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ការ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ព្រម​ទាំង​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​កាន់​តែ​ច្រើន ខណៈ​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។

បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឱ្យ​ដឹង​ថា ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា និង​ពង្រីក​ទីផ្សារ​នាំ​ចេញ ​លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ចាប់​ពី​ថ្ងៃ​២២ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ៣ ខែ​តុលា ឆ្នាំ​២០២៤។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​នឹង​មាន​បេសកកម្ម​សំខាន់​ៗ​នៅ​បណ្តា​រដ្ឋ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក ដូច​ជា សាន់ហ្វ្រាន់ស៊ីសស្កូ ឡូសអែនជែលលេស ញ៉ូវយ៉ក និង​វ៉ាស៊ីងតោន​ឌីស៊ី ចំណែក​ប្រទេស​កាណាដា គឺ​​នៅ​ទីក្រុង​ម៉ុងត្រេអាល់។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ CDC ទៅ​សហរដ្ឋ​អាមេរិក និង​កាណាដា នឹង​ក្លាយ​ជា​កម្លាំង​ចលករ និង​ជា​មេដែក​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ និង​ទាក់​ទាញ​វិនិយោគិន​អាមេរិក និង​កាណាដា ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​ និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​កាន់​តែ​ច្រើន​។

លោក​ប្រាប់​ទៀត​ថា កាល​ពី​ពេល​ថ្មីៗ​នេះ តំណាង​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​(AmCham) ក៏បាន​ជួប​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូល​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែង​រក​ឱកាស​ពង្រឹក​កិច្ច​សហប្រតិបត្តិការ​ រវាង​កម្ពុជា-អាមេរិក ផងដែរ។

លោក​បញ្ជាក់​ថា៖​«​ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ជា​រឿង​ដ៏​ល្អ​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែ​មមាញឹក និង​មាន​ទឹក​ប្រាក់​ច្រើន​ជាង​មុន ខណៈ​ថ្មី​នេះៗ​សភាពាណិជ្ជកម្ម​កម្ពុជា​(CCC) ក៏​បាន​ដឹកនាំ​ក្រុម​គណៈ​ប្រតិភូ ដែល​មាន​តំណាង​ក្រុមហ៊ុន​ឯកជន​កម្ពុជា​ជាង​៥០ ទៅ​ចូល​រួម​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ដើម្បី​ផ្សព្វផ្សាយ​ពី​ទំនិញ​កម្ពុជា​នៅ​អាមេរិក​ផងដែរ»។

បើតាម​លោក លឹម ហេង ដើម្បី​លើក​កម្ពស់​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា និង​ទាក់​ទាញ​វិនិយោគិន​នៃ​ប្រទេស​ទាំង ២ ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ កន្លង​មក​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​អាមេរិក ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា និង​នៅ​ទីក្រុង​តូរ៉ុនតូ ព្រម​ទាំង​ទីក្រុងម៉ុងត្រេអាល់​ នៃ​ប្រទេស​កាណាដា ផងដែរ​។​ លោក​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា ក៏​ជា​ផ្នែក​មួយ​ដែល​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​តំណាង​នៅតាម​ប្រទេស​នីមួយៗ មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​កាន់​តែខ្លាំង។

ទំនិញ​ដែល​ប្រទេស​អាមេរិក និង​កាណាដា ទទួល​ទិញ​ពី​កម្ពុជា មាន​​ភាគ​ច្រើន​​ជា​ផលិត​ផល​សម្លៀក​បំពាក់ ស្បែកជើង កាបូបធ្វើ​ដំណើរ គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី និង​ផលិត​ផលក​សិកម្ម​។​ ចំណែក​ទំនិញ​ដែល​ប្រទេស​ទាំង ២ នាំចូល​មក​កម្ពុជា​មាន​ភាគ​ច្រើន​​ជា​ផលិត​ផល​អេឡិចត្រូនិក និង​យានយន្ត។ នេះ​បើ​តាមលោក លឹម ហេង។​

ប្រធាន​សម័្ពន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា(FASMEC) លោក តែ តាំងប៉ បាន​ប្រាប់ថា ការ​ផ្សព្វផ្សាយ និង​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​ពិត​ជា​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន។ បច្ចុប្បន្ន​ FASMEC ក៏​កំពុង​តែ​ដំណើរការ​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ជំរុញ​ផលិត​ផល​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​ផងដែរ។

លោក​បន្ត​ថា ទោះ​យ៉ាង​ណា​មុន​នឹង​អាច​នាំ​ចេញ​ផលិតផល​របស់​យើង​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស គឺ​ទាម​ទារ​ឱ្យ​បាន​ការ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ និង​ច្បាស់​លាស់​ជាមុន​សិន។

លោក​បាន​បញ្ជាក់​ថា៖​«ទីផ្សារ​អាមេរិក និង​កាណាដា គឺ​មាន​ទំហំ​ធំ ព្រោះ​បើ​និយាយ​ពី​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​លើ​ទឹកដី​ប្រទេស​ទាំង​ពីរ​នេះ គឺ​ច្រើន​ណាស់។ អ៊ីចឹង​​ប្រសិន​បើ​មាន​ទីផ្សារ​ទៅ​ប្រទេស​ទាំង​ពីរ គឺ​ពិតជា​ល្អ​ណាស់​»។

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា អាមេរិក និង​កាណាដា ជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ក្នុង​ចំនួន​ច្រើន​ជារៀង​រាល់​ឆ្នាំ ខណៈ​កម្ពុជា​ក៏​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ទាំង ២ ផង​ដែរ។

ក្នុង​នាម​ជា​អ្នក​សេដ្ឋកិច្ច លោក វណ្ណៈ បាន​លើកឡើង​ថា៖​«​ទន្ទឹមនឹង​ការ​ខិតខំ​ផ្សព្វផ្សាយ និង​ស្វែង​រក​ទីផ្សារ​ពី​សំណាក់​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ម្ចាស់​សហគ្រាស និង​ផលិតករ​នីមួយៗ ​ក៏​ត្រូវ​តែ​ខិតខំពង្រឹង​គុណភាព និង​តម្លៃ​ផលិត​ផល​របស់​ខ្លួន​ផងដែរ ដើម្បី​អាច​ទទួល​បាន​ឱកាស​ទីផ្សារ​អន្តរ​ជាតិ​កាន់​តែ​ច្រើន»។

ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​ ២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា មាន​ទឹក​ប្រាក់​សរុប ៦,៩២​ពាន់​លាន​ដុល្លារ កើន​ ១០,៤​ភាគ​រយ ក្នុង​នោះ​ទឹក​ប្រាក់​នាំ​ចេញ​របស់​កម្ពុជា​មាន​ចំនួន ៦,៧៥ ពាន់​លាន​ដុល្លារ កើន​ ១០,៤​ភាគរយ និង​អាមេរិក នាំចូល ១៧៣,៧៩ លានដុល្លារ កើន ៨,៣​ភាគរយ។

ចំណែក​ពាណិជ្ជកម្ម​កម្ពុជា-​កាណាដា មាន​ទឹក​ប្រាក់​សរុប ៧៨២,៦១ លាន​ដុល្លារ កើន ២៧,៧​ភាគរយ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ មាន​ចំនួន​ ៧៣៦,៣៤​ លាន​ដុល្លារ កើន ២៨,៨ ​ភាគ​រយ និង​កាណាដា នាំចូល ៤៦,២៧ លានដុល្លារ កើន ១១,៨ ភាគរយ៕