កម្ពុជាបានបញ្ចេញប្រាក់ជិត ១៤ ពាន់លានដុល្លារ ស្មើនឹងជាង ៧៣ ភាគរយនៃចំនួនទឹកប្រាក់សរុបនៃការនាំចូលទំនិញពីក្រៅប្រទេសក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៤ ទៅលើការនាំចូលទំនិញពីប្រទេសចំនួន ៣ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងធ្វើជាវត្ថុធាតុដើមសម្រាប់ផលិត/កែច្នៃទំនិញដើម្បីនាំចេញទៅលក់បន្តនៅទីផ្សារអន្តរជាតិ។
របាយការណ៍នាំចូលទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានបញ្ចេញប្រាក់សរុប ១៨,៩០ ពាន់លានដុល្លារទៅលើការនាំចូលទំនិញពីក្រៅប្រទេស កើនឡើង ១៦,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ប្រទេសចំនួន ៣ រួមមាន ចិន វៀតណាម និងថៃ បានគ្របដណ្តប់ចំណែកទឹកប្រាក់នាំចូលចំនួន ១៣,៩១ ពាន់លានដុល្លារ ដែលស្មើនឹង ៧៣,៥៩ ភាគរយនៃចំនួនទឹកប្រាក់សរុប។ រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ការនាំចូលទំនិញពីប្រទេសទាំង ៣ មានចំណែកប្រមាណ ៧១ ភាគរយនៃទឹកប្រាក់នាំចូលសរុប។
យោងតាម GDCE ក្នុងចំនួនខាងលើ គឺប្រទេសចិនបាននាំទំនិញមកកម្ពុជាចំនួនជិត ៨,៩៣ ពាន់លានដុល្លារ(កើន ២៤,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣) ស្មើនឹង ៤៧,២ ភាគរយនៃចំណែកទឹកប្រាក់នាំចូលទំនិញសរុប, វៀតណាម ២,៧៧ ពាន់លានដុល្លារ(កើន ១៣ ភាគរយ) ស្មើ ១៤,៦ ភាគរយ, និងប្រទេសថៃ ២,២២ ពាន់លានដុល្លារ(កើន ១៤,៣ ភាគរយ) ស្មើនឹង ១១,៧ ភាគរយ។
ក្រៅពីប្រទេសទាំង ៣ កម្ពុជាក៏បាននាំចូលទំនិញពីប្រទេស/ដែនដី មួយចំនួនដូចជា ជប៉ុន ឥណ្ឌូនេស៊ី ចិនតៃប៉ិ, ម៉ាឡេស៊ី, សិង្ហបុរី កូរ៉េខាងត្បូង, ហុងកុង, ស៊ីលី, អាមេរិក, ឡាវ, ឥណ្ឌា, អាល្លឺម៉ង់, អូស្រ្តាលី និងដាណឺម៉ាក ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៧ ខែកញ្ញាថា លក្ខខណ្ឌទីតាំងភូមិសាស្រ្ត និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ៣ ជាមួយកម្ពុជា បានធ្វើឱ្យលំហូរពាណិជ្ជកម្មកើនឡើងជាបន្តបន្ទាប់។
លោកបន្តថា សម្រាប់ប្រទេសចិន ទោះមិនមានព្រំដែនជាប់ជាមួយកម្ពុជា ប៉ុន្តែបច្ចុប្បន្នប្រទេសនេះគឺជាមជ្ឈមណ្ឌលផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមដ៏ធំលើពិភពលោក។ ចំណែកវៀតណាម និងថៃ គឺជាប្រទេសមានព្រំដែនជាប់ជាមួយកម្ពុជា ដូច្នេះការផ្លាស់ប្តូរទំនិញគឺកើតមានជាហូរហែរាល់ថ្ងៃ។
លោកប្រាប់ទៀតថា សម្រាប់ចំនួនទឹកប្រាក់នាំចូលទំនិញពីប្រទេសចិនដែលមានបរិមាណច្រើនលើសពីប្រទេសផ្សេង គឺដោយសារភាគច្រើននៃទំនិញចិននាំមកកម្ពុជា គឺជាវត្ថុធាតុដើមសម្រាប់បំពេញឱ្យតម្រូវការរោងចក្រ/សហគ្រាសនៅក្នុងស្រុក យកទៅផលិត ឬកែច្នៃ សម្រាប់កម្ពុជានាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«កត្តាទីតាំងភូមិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ ព្រមជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់ប្រទេសទាំង ៣ ជាមួយកម្ពុជា នឹងធ្វើឱ្យសម្ទុះនៃការនាំចូលទំនិញប្រទេសទាំង ៣ នៅតែមានបរិមាណច្រើនបន្តទៀតនាពេលខាងមុខ»។
បើតាមលោក លឹម ហេង ក្រៅពីការនាំចូលទំនិញមកកម្ពុជា ប្រទេសចិន វៀតណាម និងថៃ ក៏ជាទីផ្សារទទួលទិញទំនិញពីកម្ពុជាក្នុងទឹកប្រាក់ច្រើនលានដុល្លារផងដែរក្នុង ១ ឆ្នាំៗ។
ទិន្នន័យ GDCE បានឱ្យដឹងថា រយៈពេល ៨ ខែ ឆ្នាំ ២០២៤ ប្រទេសទាំង ៣ បានទទួលទិញទំនិញពីកម្ពុជាក្នុងទឹកប្រាក់ប្រមាណ ៤,១៨ ពាន់លានដុល្លារ ដែលស្មើនឹង ២៣,៨ ភាគរយនៃចំនួនទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជា ដែលមានចំនួនជាង ១៧,៥៨ ពាន់លានដុល្លារ។
សេដ្ឋវិទូ និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ធ្លាប់បាននិយាយថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសចិន វៀតណាម និងថៃ គឺមានដំណើរការល្អគួរឱ្យកត់សម្គាល់ ខណៈប្រទេសទាំង ៣ ជាសមាជិកនៃកិច្ចព្រមព្រៀង RCEP។
លោកបន្តថា ក្នុងដំណាក់កាលនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនទាន់ដំណើរការល្អ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជិតខាង ឬនៅក្នុងតំបន់ គឺមានភាពចាំបាច់ និងមានសារៈសំខាន់ណាស់។
លោកបានបញ្ជាក់ថា៖ «ផ្អែកលើទីតាំងភូមិសាស្ត្រ និងទំនាក់ទំនងល្អទាំងផ្នែករដ្ឋាភិបាល និងឯកជន គឺការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសចិន វៀតណាម និងថៃ គឺនឹងរឹតតែមានធំថែមទៀត»។
ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចូលទំនិញពីប្រទេសទាំង ៣ ចំនួនជាង ១៧,២៩ ពាន់លានដុល្លារ ស្មើនឹង ៧១,៥១ ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានចំនួនជិត ២៤,១៨ ពាន់លានដុល្លារ។ នេះបើយោងតាម GDCE៕