កម្ពុជា-កាណាដា បានសន្យានឹងគាំទ្រគ្នាទៅវិញទៅមកលើការរៀបចំកិច្ចសហការនានា ដើម្បីជំរុញកំណើនការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើន ខណៈទឹកប្រាក់នាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៤ កើនឡើងជិត ៣០ភាគរយ។
ការសន្យានេះបានធ្វើឡើងក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនឹងគណៈប្រតិភូកម្ពុជា ព្រមទាំងអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងម៉ុងត្រេអាល់,តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងតំណាងរដ្ឋបាលខេត្តកេបិច ដែលដឹកនាំដោយលោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ និងធុរជនកាណាដា ជាច្រើនរូប។
ជំនួបនេះធ្វើឡើងក្រោមកិច្ចសហការរៀបចំរបស់សភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងអង្គភាព Investissement Québec International របស់កាណាដា ក្នុងក្រុងម៉ុងត្រេអាល់។
នៅក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានលើកយកវិស័យអាទិភាពចំនួន៥ រួមមាន កសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា សម្រាប់បង្ហាញទៅដល់តំណាងរដ្ឋបាលខេត្តកេបិច និងផ្នែកឯកជននៅប្រទេសកាណាដា។ លោកបន្តថា កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ហើយរាជរដ្ឋាភិបាលក៏ផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើនផងដែរដល់អ្នកវិនិយោគ។
ជាចុងបញ្ចប់ ភាគីកម្ពុជា-កាណាដា សុទ្ធតែបានសន្យានឹងបន្តកិច្ចពិភាក្សាទ្វេភាគីលើការរៀបចំកិច្ចសហការនានា ដើម្បីជំរុញកំណើនការវិនិយោគឯកជនរវាងប្រទេសទាំងពីរបានកាន់តែច្រើនបន្ថែមទៀត។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឱកាសនោះ ក៏មានការបង្ហាញពីបទពិសោធន៍ជោគជ័យនៃកិច្ចវិនិយោគនៅកម្ពុជា ពីតំណាងក្រុមហ៊ុនកាណាដា ដែលកំពុងបណ្ដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកនៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ប្រទេសកាណាដា គឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ទំនិញកម្ពុជា ដោយទឹកប្រាក់នាំចេញទំនិញរវាងប្រទេសទាំង ២ បានកើនឡើងស្ទើររាល់ឆ្នាំ។ តាមរយៈបរិមាណនាំចេញទំនិញដ៏ច្រើនពីកម្ពុជា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏បានបើកការិយាល័យតំណាងសភាពាណិជ្ជកម្ម(CCC) នៅក្នុងប្រទេសកាណាដា រួចហើយ។
លោកពន្យល់ថា ការិយាល័យតំណាង CCC នៅប្រទេសកាណាដា មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជាទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកបាននិយាយថា៖ «យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជន ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសកាណាដា នឹងបន្តកើនឡើងទៀត»។
បើតាមលោក លឹម ហេង ភាគច្រើននៃទំនិញកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន គ្រឿងអេឡិចត្រូនិក រថយន្ត ជាដើម។
ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៩៤០,៤៨ លានដុល្លារ ធ្លាក់ចុះ ១៨,៥ ភាគរយ បើធៀបឆ្នាំ ២០២២ ដែលមានចំនួន ១,១៥ ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា ៨៦៩,៥៤ លានដុល្លារ ធ្លាក់ចុះ ២២,៤ ភាគរយ ចំណែកកាណាដា នាំមកកម្ពុជា ៧០,៩៥ លានដុល្លារ កើនឡើងជាង ១០០ ភាគរយ៕