ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ចង់​ឃើញ​ការ​វិនិយោគ​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប (EU) នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​បេសកកម្ម​ស្វែងរក​ការ​បណ្ដាក់​ទុន​ពី​ក្រុមហ៊ុន​អាមេរិក​មក​កម្ពុជា​នឹង​ចាប់ផ្ដើម​ក្នុង​ខែ​នេះ​នៅ​សហរដ្ឋអាមេរិក។

លោក​លើកឡើង​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​លោកស្រី Bridgette Walker ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា នាថ្ងៃទី៣ កញ្ញា នៅ​ទីស្ដីការCDC នៅ​ភ្នំពេញ។

សេចក្ដី​ប្រកាស​ព័ត៌មានCDCបញ្ជាក់​នា​ថ្ងៃ​ដដែល​នេះ​ថា លោក ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរគុណ​ដល់​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​អាមេរិក​ដែល​បាន​ដាក់​ទុន​វិនិយោគ នៅ​កម្ពុជា​នា​ពេល​កន្លង​មក។ 

លោក​លើក​ឡើង​ថា មាន​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន ដែល​ទទួល​បាន​ជោគជ័យ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Coca Cola ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​ក្រុមហ៊ុន RMA Automotive (Cambodia) ដែល​ដំឡើង​រថយន្ត​ម៉ាក FORD ក្នុង​ខេត្ត​ពោធិ៍សាត់​ជាដើម។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ចង់​ឃើញ​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​នូវ​ការ​វិនិយោគ​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នៅ​កម្ពុជា»។ 

លោក ស៊ុន ចាន់ថុល ប្រាប់​លោកស្រី Bridgette Walker ថា គម្រោង​បេសកកម្ម​គោះទ្វារ​វិនិយោគិន​នៅ​សហរដ្ឋ​អាមេរិក​របស់​CDC នៅ​ខែ​កញ្ញា​នេះ​មាន​គោល​បំណង​ផ្សព្វផ្សាយ​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​ស្វែងរក​ការ​បណ្ដាក់​ទុន​ពី​ក្រុមហ៊ុន​អាមេរិក​មក​កម្ពុជា។

លោក​ឧប​នាយករដ្ឋមន្ត្រី រំពឹង​ថា ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក​នឹង​មាន​ការ​កើន​ឡើង​នា​ពេល​អនាគត ក្រោម​កិច្ច​សម្របសម្រួល​វិនិយោគ​របស់​រដ្ឋាភិបាល ដែល​មាន CDC ជា​សេនាធិការ​ច្រក​ចេញ​ចូល​តែ​មួយ និង​ភាព​បើក​ទូលាយ​របស់​កម្ពុជា​ជូន​ដល់​វិនិយោគិន​បរទេស។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ឆ្លើយតប​ទៅ​កាន់​លោកស្រី Bridgette Walker ដែល​បាន​សាកសួរ​អំពី​វិស័យ​ជា​គោលដៅ ដែល​រដ្ឋាភិបាល​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​អំពី​វិស័យ​គន្លឹះ រួមមាន​ វិស័យ​យានយន្ត គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​​កសិឧស្សាហកម្ម ដោយ​លោក​បញ្ជាក់​ថា វិស័យ​ទាំងនេះ​នឹង​បង្កើន​តម្លៃ​បន្ថែម​ដល់​សេដ្ឋកិច្ច​កម្ពុជា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល លោកស្រី Bridgette Walker បាន​បង្ហាញ​សុទិដ្ឋិនិយម​អំពី​កិច្ច​ខិតខំ​របស់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​ជូនពរ​ជូន​ដល់​CDC ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​គោះទ្វារ​វិនិយោគិន​នៅ​សហរដ្ឋអាមេរិក​នា​ពេល​ខាង​មុខ​នេះ។ 

ប្រភព​ដដែល​បញ្ជាក់​ថា ចំពោះ​ទំនាក់ទំនង​ទ្វេភាគី លោកស្រី​រំពឹង​ថា​កម្ពុជា និង​សហរដ្ឋអាមេរិក​នឹង​រួមគ្នា​បន្ត​កិច្ច​សហប្រតិបត្តិការ​នានា​បន្ថែម​ទៀត ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត ដែល​នឹង​រួមចំណែក​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

របាយការណ៍ CDC បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល១​ឆ្នាំ​ចុង​ក្រោយ​នេះ ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ដល់​ខែ​សីហា ឆ្នាំ២០២៤ ប្រភព​ទុន​វិនិយោគ​មក​ពី​សហរដ្ឋ​អាមេរិក​មានប្រមាណ០,១ភាគរយ នៃ​ទុន​វិនិយោគ​សរុប ខណៈ​ចិន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ដែល​មាន​ប្រមាណ​ ៦០ភាគ​រយ​នៃ​ទុន​វិនិយោគ​សរុប។​

ក្នុង​រយៈ​ពេល​​ ៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ​មាន​ជាង​៥,៦ពាន់លាន​ដុល្លារ កើនឡើង៦,៥ភាគរយ។ ក្នុង​នោះ​ ការ​នាំចេញ​មាន​ជាង​៥,៥ពាន់លាន​ដុល្លារ កើន​៦,៤ភាគរយ ខណៈ​ការ​នាំចូល​ពី​សហរដ្ឋអាមេរិក​​មាន​ជាង​១៥៤​លាន​ដុល្លារ កើន៨,៩​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា៕