ភ្នំពេញ៖ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ហៅ​កាត់​ថា (ACIAR) ផ្តល់​ការ គាំទ្រ​ដល់​គម្រោង​ស្រាវជ្រាវ​កសិកម្ម​ចំនួន​២ ដែលមាន​ទំហំ​ថវិកា​សរុប​ចំនួន ៦ លាន​ដុល្លា​អូស្ត្រាលី​។

គម្រោង​ស្រាវជ្រាវ​នេះ​ជួយ​អភិវឌ្ឍ​ការធ្វើ​កសិកម្ម របស់​កសិករ​ខ្នាតតូច​នៅ​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ផ្នែក​គ្រឿងយន្ត​កសិកម្ម និង​ការគ្រប់គ្រង​ធនធាន​ដី ប្រកបដោយ​ចីរភាព​។  

លោកស្រី​សាស្ត្រាចារ្យ Wendy Umberger នាយក​ប្រតិបត្តិ​របស់ ACIAR បាន​ថ្លែងថា គម្រោង​ថ្មី​នេះ​បាន​ប្រមូលផ្តុំ​អ្នកស្រាវជ្រាវ​អូស្ត្រាលី​មកពី​សាកលវិទ្យាល័យ ស៊ីដនី និង​សាកលវិទ្យាល័យ Murdoch ដោយមាន​ការសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតចេញពី​បច្ចេកវិទ្យា​គ្រឿងយន្ត​កសិកម្ម​ដោយ​ដែល​រួមមាន ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ភាពហាប់​ណែន​នៃ​ដី  និង​ឧបសគ្គ​លំបាក​នានា​ក្នុងពេល​ប្រតិបត្តិ​ការណ៍​គឿង​យន្ត​ទាំងអស់នោះ​- ជាពិសេស​សម្រាប់​កសិក​រ​ជា​ស្ត្រី​។​

លោកស្រី​សាស្ត្រាចារ្យ Wendy Umberger បាន​ថ្លែង បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់ ACIAR ​ក្នុង​ការជួយ​គាំទ្រ​កសិករ និង​អ្នកស្រាវជ្រាវ​កម្ពុជា​។ 

លោកស្រី​បញ្ជាក់ថា៖ «​គោលដៅ​របស់ ACIAR គឺ​យើង​ចង់​ជួយ​ជំរុញ​ឲ្យ​វិស័យ​កសិកម្ម​ទទួលបាន​ផលិតភាព​កាន់តែ​ប្រសើរឡើង​និង​ប្រកបដោយ ​ចីរភាព​។ ការផ្តល់​ដំណោះស្រាយ​របស់​យើង​ដល់​កសិករ​ចំពោះ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​រួមមាន ការ​រិច​រិល​ធនធាន​របស់​ដី និង​ការ​បន្សាំ​របស់​កសិករ​ទៅ​និង​បច្ចេកវិទ្យា​ថ្មីៗ​។ ការគាំទ្រ​នេះ​ពិតជា​អាចជួយ​កសិករ​កម្ពុជា កសាង​នូវ​ប្រព័ន្ធ​កសិកម្ម​មួយ​ដែលមាន​ភាព​ធន់​និង ជួយ​ឱ្យ​ពួកគាត់​មានការ​ត្រៀម​រួចខ្លួន​ជាស្រេច​សម្រាប់​អនាគត​ខាងមុខ​»។​​

លោកស្រី​បាន​បន្ដថា​៖ «​​ការគ្រប់គ្រង​ធនធាន​ដី​ប្រកបដោយ​ចីរភាព​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​សន្តិសុខ​ស្បៀង និង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ពី​បំរែបំរួល​របស់​អាកាស​ធាតុ ដោយសារ​ដី​ដែល​ខូចគុណភាព បានរួម​ចំណែក​បញ្ចេញ​សារធាតុ​កាបូន និង​ផ្តល់​ផលប៉ះពាល់​ដល់​គុណភាព​ទឹក​»។

ការផ្តល់​មូលនិធិ​នេះ​នឹង​ដោះស្រាយ​បញ្ហា ​ដូចជា ការរិចរិល​ដី ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការលំបាក​ក្នុង​ប្រតិបត្តិការ ដែល​បាន​រារាំង​ដល់​ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យាគ្រឿង​​យន្ត​។​

គម្រោង​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ប្រទេស​​អូស្ដ្រាលី កម្ពុជា ដោយមាន​អ្នកស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ​ស៊ីដនី​ និង​សាកលវិទ្យាល័យ Murdoch ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកជំនាញ​ក្នុងស្រុក​។​

លោក​ ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បានលើកឡើង​ពី​សារៈសំខាន់​យុទ្ធសាស្ត្រ​នៃ​ការធ្វើសមាហរណកម្ម​បច្ចេកវិទ្យា​ថ្មីៗ​ប្រព្រឹត្តិ​ទៅ​បន្តិច​ម្តងៗ​។ ការធ្វើ​បែបនេះ​អាចជួយ​ឱ្យ​កសិករ​សម្រប​​ខ្លួន​​ទៅ​នឹង​ការច្របាច់បញ្ចូល​បច្ចេក​វិទ្យា​គ្រឿងចក្រ​ទៅក្នុង​ការធ្វើ​​កសិកម្ម​របស់​ពួកគេ។ 

លោក​បានថ្លែងថា​៖ «ការយល់ដឹង​អំពី​បរិបទ​សង្គម​-​វប្បធម៌ និង​សេដ្ឋកិច្ច​របស់​កសិករ​កម្ពុ​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បីឱ្យ​ពួកគាត់​អាច​ទទួលយកបាន​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ទាំងអស់នោះ និង​អាចយ​កវា​មកប្រើប្រាស់​ដោ​យ​ជោគជ័យ​។ យើង​ក៏​នឹង​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ផងដែរ​ជាមួយនឹង​ដាក់បញ្ចូល​បច្ចេកវិទ្យា​គ្រឿងចក្រ​វៃឆ្លាត (smart mechanisation) ព្រោះថា​ការវិវត្ត​បែបនេះ​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​របស់​កសិករ​ក្នុងពេល​ប្រតិបត្តិការ​ហើយនឹង​ជួយ​បំពេញបន្ថែម​ទៅលើ​សមត្ថភាព​កសិកម្ម​របស់​ពួកគាត់​ដែលមាន​ស្រាប់​»។​

តាមរយ​:​ការគាំទ្រ​របស់ ACIAR អ្នកស្រាវជ្រាវ​កំពុង​បង្កើត​ត្រាក់ទ័រ​អគ្គិសនី​ដោយ​ច្របាច់​បញ្ចូល​ជាមួយ​នឹង​បច្ចេកវិទ្យា​កសិកម្ម​ឆ្លាត​វៃ​ថ្មីៗ​មួយចំនួន ដែល​វា​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ជាពិសេស​ជួយ​កសិករ​សម្រប​ខ្លួន​ទៅនឹង​ការអនុវត្ត​កសិកម្ម​ទំនើប​។​

លោកស្រី​ Wendy Vance ប្រធានគម្រោងមកពីសាកលវិទ្យាល័យ Murdoch បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អការគ្រប់គ្រងដីថា៖ «នេះ​ជា​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការ​បង្កើត​ប្រព័ន្ធ​កសិកម្ម​ដ៏ដែលរឹងមាំ និង​ប្រកបដោយចីរភាព​នៅ​កម្ពុជា។ តាមរយៈការកែលម្អការគ្រប់គ្រងធនធានដី និងការបង្រៀនកសិករនូវជំនាញសំខាន់ៗទាំងនេះ យើងអាចបង្កើនទិន្នផលដំណាំ ផ្តល់ជម្រើសច្រើនក្នុងការធ្វើកសិកម្ម និងអាចចូលរួមការកាត់បន្ថយការរិចរិលធនធានរបស់ដី»។​

តាមរយៈភាពជាដៃគូដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងស៊ីជម្រៅរវាងស្ថាប័ន និង​
អ្នក​ស្រាវជ្រាវរបស់អូស្ត្រាលី និងកម្ពុជា ACIAR បន្តជំរុញការធ្វើកសិកម្មប្រកបដោយការច្នៃប្រឌិត និងបចេ្ចកវិទ្យាទំនើប ដើម្បីគាំទ្រ និងជួយពង្រឹងសមត្ថភាពដល់កសិករខ្នាតតូច និងសហគមន៍កសិកម្ម
ទំាងមូល។

ការគាំទ្របែបនេះអាចជួយឱ្យ​កសិករមានលទ្ធភាពគ្រប់គ្រាន់ប្រឈមមុខនិងមានការត្រៀមខ្លួនរួចជាស្រេចចំពោះការវិវត្តទំាងឡាយរបស់ពិភពលោក៕