កម្ពុជា និង​អាល្លឺម៉ង់ បាន​ពិភាក្សា​គ្នា​អំពី​គម្រោង​នៃ​ការ​​តភ្ជាប់ជើងហោះហើរត្រង់រវាង​ប្រទេស​ទាំង ២ នៅ​ពេល​អាកាសយាន្តដ្ឋាន​អន្តរជាតិតេជោ​បើក​​ដំណើរ​ការ​ ខណៈ​ក្នុង​ឆ្នាំ​២០២៤ មាន​ជន​ជាតិ​អាល្លឺម៉ង់ប្រមាណ ៧,៥ ​ម៉ឺន​នាក់​បាន​​ធ្វើ​ដំណើរ​មក​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ហួត ហាក់ កាល​ពី​ដើម​សប្តាហ៍​នេះបាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍​កម្ពុជា ​ទៅ​ចូល​រួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin ក្នុង​ទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

នៅ​ក្នុង​​​​ជំនួប​​​នៅ​ទីក្រុង​ប៊ែរឡាំង កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា រវាង​លោក ហួត ហាក់ ជាមួយនឹង ​​លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ភាគី​ទាំង​ ២ បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ពី​លទ្ធភាព​ក្នុង​ការ​សិក្សា​ពី​គម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ)​។

ភាគី​ទាំង ២ បាន​យល់​ស្របគ្នា​ថាការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនភ្ញៀវ​ទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់​ប្រទេស​កម្ពុជាឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៦,៧ លាន​នាក់ កើន​ឡើង ២២,៩​​ភាគ​រយ​បើ​ធៀប​នឹង​​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន ៥,៤៥ លាន​នាក់​។​

ក្នុង​ចំណោម​នោះ​​ជន​ជាតិ​អាល្លឺម៉ង់ មាន​ចំនួន ៧៤ ៨៦១ នាក់ កើន​ឡើង ១៨,៨​ភាគរយ ដោយ​ក្នុង​នោះភ្ញៀវ​ទេសចរ មាន​ចំនួន ៦៩ ៥២២​នាក់ ក្រៅ​ពី​នោះគឺ​ជា​ធុរកិច្ច​ជន​។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ស្ថាន​ភាព​ចំនួន​​ភ្ញៀវ​ទេសចរ​​បរទេស​ដែល​មក​ទស្សនា​ប្រាសាទបុរាណ​ក្នុង​ខេត្ត​សៀម​រាប​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ចាប់​​ពី​ចុង​ឆ្នាំ​២០២៤ មក។

កំណើន​នេះ​អាច​មក​ពី​កត្តា​រួម​ផ្សំមួយ​ចំនួន​ដូច​ជា ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​សកល ព្រម​ជា​មួយ​នឹង​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​កម្ពុជាលើ​ការ​​ផ្សព្វផ្សាយ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អាកាសយានដ្ឋាន និង​កំពង់ផែ​ជាដើម។​

លោក​បន្ថែម​ទៀត​ថា ​​កំណើន​ជើងហោះហើរ​ត្រង់​ពីក្រៅ​ប្រទេស​មក​កម្ពុជា ក៏​ជា​ចំណែក​សំខាន់​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ច្រើន​ផងដែរ ​។

លោក​​លើក​ឡើង​​ថា៖​«​ជាការ​ល្អ​ណាស់​​ប្រសិន​បើ​មាន​ជើងហោះហើរ​អន្តរជាតិ​កាន់​តែ​ច្រើន​ចូល​មក​កម្ពុជា​។ ​វា​នឹង​កាន់​តែ​ពិសេស​បន្ថែម​ទៀត​ ប្រសិន​បើ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ធំៗ អាច​មក​ចុះ​ចត​ផ្ទាល់​នៅ​អាកាសយាន្ត​ដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ប្រាសាទបុរាណ​ដ៏ល្បីល្បាញ​លើ​ពិភពលោក​»។

ទោះយ៉ាង​ណា លោក ខៀវ ធី ក៏​លើក​ទឹក​ចិត្ត​ឱ្យ​ប្រតិបត្តិការ​ទេសចរណ៍ និង​អ្នក​ពាក់​ព័ន្ធ​​ទាំង​អស់​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ផ្តល់​សេវាកម្ម​ឱ្យ​កាន់​តែ​ប្រសើរ ដើម្បី​ទាក់​ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​ទាំង​អស់​នោះឱ្យ​​ធ្វើ​ដំណើរ​មកកម្ពុជា​សារជាថ្មី ក៏​ដូច​ជា​ជួយ​ផ្សព្វផ្សាយ​ទៅ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ​។​

ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​និយាយ​​ថា ការ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនងការទូត និង​មធ្យោបាយ​ដឹក​ជញ្ជូន​​ឱ្យ​កាន់​តែ​សម្បូរបែប គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ចរន្ត​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​មាន​ចំនួន​កាន់តែ​ច្រើន​។

ប្រសិន​បើ​កម្ពុជា និង​អាល្លឺម៉ង់​ អាចមាន​ជើង​ហោះហើរ​ត្រង់​ជាមួយ​គ្នា​គឺ​ជា​ការ​ល្អ ព្រោះ​តាម​រយៈ​ជើងហោះហើរ​នេះ ក៏​អាច​នាំ​យក​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ពី​តំបន់​អឺរ៉ុប​ឱ្យ​ចូល​មក​កម្ពុជាកាន់​តែ​ច្រើន​ផង​ដែរ​។

លោក​ស្រី​និយាយ​ថា៖​«​វិស័យ​ទេសចរណ៍​បាន​ផ្តល់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​សម្រាប់​ប្រជាជន​ខ្មែរ និង​សេដ្ឋកិច្ច​ជាតិ ដូច្នេះ​វា​ជាការ​ចាំ​បាច់​ណាស់​ដែល​គ្រប់​គ្នាត្រូវ​ខិតខំ​ទាញ​យក​ផល​ប្រយោជន៍​ឱ្យ​បាន​ច្រើន​ពី​វិស័យ​មួយ​នេះ​»។

ដើម្បី​បង្កើន​សក្តានុពល​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេសចរបរទេរស​ឱ្យ​ចូល​មកប្រទេស​កម្ពុជា​កាន់​តែ​ច្រើ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្រេច​ធ្វើ​ការ​បញ្ចុះ​​​តម្លៃ​វីសា (e-Visa) ផងដែរ ដោយ​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វីសាប្រភេទ (T)បញ្ចុះ ពី ៣៦ ដុល្លារ មកនៅត្រឹម​ ៣០ ដុល្លារ, វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារ មក ៣៥ ដុល្លារ។

ក្នុង​សប្តាហ៍​នេះ វិស័យ​អាកាសចរណ៍​កម្ពុជា ក៏​​ទទួល​បាន​​​ដំណឹង​វិជ្ជមាន​ចំនួន ២ ផងដែរ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines នឹងចាប់ផ្តើមហោះហើរត្រង់​ពីទីក្រុងអ៊ីស្តង់ប៊ុល មក​​កាន់​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates ក៏​នឹងបន្ថែម​​ជើង​ហោះហើរ​របស់​ខ្លួន​ពី​ទីក្រុងឌុយបៃ មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ ចាប់​ពី​ពាក់កណ្តាលឆ្នាំ២០២៥ ត​ទៅ ខណៈ​បច្ចុប្បន្ន​​គឺមានការ​ហោះហើរ​រវាង​ទីក្រុង​ឌុយបៃ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕​