រដ្ឋាភិបាល​មាន​មហិច្ឆតា​បង្កើត​ និង​ពង្រីក​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សម​រម្យ និង​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព និង​ភាព​ធន់​រយៈ​ពេល​យូរ​អង្វែង ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត ​«ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សន្តិភាព»។

មហិច្ឆតា​នេះ​បន្ថែម​ទៅ​លើ​គោលដៅ​ទាក់​ទាញ​ទុន​វិនិយោគ​មក​អភិវឌ្ឍ​សេដ្ឋកិច្ច​ បង្កើត​សហគ្រាស​ និង​ការងារ​ជូន​ប្រជាពលរដ្ឋ។ នេះ​បើ​យោង​តាម​ខ្លឹមសារ​នៃ​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់​ខួប​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​ រំលឹក​ទៅ​ដល់​វីរភាព​របស់​កម្មករនិយោជិត។ ប្រធាន​បទ​ឆ្នាំ​២០២៥​នេះ​គឺ «រួមគ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកប​ដោយ​ចីរភាព និង​ភាព​ធន់»។

នៅ​ក្នុង​លិខិត​ដដែល លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​បន្ត​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម ​អត្ថប្រយោជន៍​នានា​របស់​កម្មករនិយោជិត និង​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​រយៈ​ពេល​វែង​ ក្នុង​ការ​កសាង​កម្ពុជា​ឱ្យ​ក្លាយ​ជា​អរិយ​ប្រទេស​មួយ ដែល​ឆ្លើយ​តប​នឹង​លក្ខណ​សម្បត្តិ​ចំនួន ​៥៖ កម្ពុជា ​ជា​សង្គម​ជាតិ​មួយ​ដ៏​រស់​រវើក, មានចំណូលខ្ពស់ ​និង​មាន​សេដ្ឋកិច្ច​ធន់​និង​រឹងមាំ, ប្រជាជន​កម្ពុជា​មាន​ចំណេះ​ដឹង​ខ្ពស់​ និង​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំជីវិត, ប្រជាជន​កម្ពុជា​រស់​នៅ​ក្នុង​សេចក្តី​ថ្លៃ​ថ្នូរ សុភមង្គល​ និង​ទទួល​បាន​ការ​គាំពារ​សង្គម​ប្រកប​ដោយ​សមធម៌ ស្មើសិទ្ធិ និងស្មើឱកាស, និង ​កម្ពុជាមាន ​បរិស្ថានរូបវន្ត និង​ធម្មជាតិ​ប្រកប​ដោយ​សុខដុមភាព ​ភាពធន់​ បរិយាបន្ន និងតុល្យភាព ​រវាង​ការ​អភិវឌ្ឍ​ និង​ការអភិរក្ស​ធនធាន​ធម្មជាតិ។

លោក​ថា កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ និង ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​គួរ​ឲ្យ​កត់​សម្គាល់ និង​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ ក៏ដូចជា​សហជីព​ដែល​ការពារ​ផល​ប្រយោជន៍​កម្មករ និង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​កាន់​តែ​ប្រសើរ​ឡើង។

កម្មករ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​រោងចក្រ​នោ​ខេត្ត​កំពង់​ឆ្នាំ​នៅ​ថ្ងៃ​ទី១១ ខែមេសា។ នៀម ឆេង

នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៥ ​គម្រោង​វិនិយោគ​ចំនួន ​១៧២​ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ទុន​វិនិយោគ ២,៥ពាន់លានដុល្លារ អាច​បង្កើត​ការងារ​បាន​ជិត ១២ម៉ឺន​កន្លែង។ ក្នុង​រយៈ​​ពេល​ដដែល​នេះ សហគ្រាស​ គ្រឹះស្ថាន​ បាន​កើន​ឡើង​ពី​ចំនួន៤៥៧​ ពី ​ចំនួន​៤៤៧៩៨ ទៅ​ដល់​ចំនួន ៤៥ ២៥៥​សហគ្រាស។ ចំណែក​ចំនួន​កម្មករ​និយោជិត បាន​កើន​ឡើង​ពី​ចំនួន ​១ ៨១៦ ០៤៦​នាក់ ដល់​ចំនួន ១ ៨៤៦ ៨៣៧នាក់ ក្នុង​កើន​ឡើង​ចំនួន ៣០ ៧៩១នាក់។

លោក​ថ្លែង​ថា៖ «ទន្ទឹមនេះ ​រាជរដ្ឋាភិបាល​ក៏​បាន​បន្ត​ខិតខំ​លើក​កម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​ច្បាប់​ស្តីពី​ការងារ ​ច្បាប់​ស្តីពី​សហជីព ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ»។

ក្នុង​ត្រី​មាស​ទី១​ដែរ ​ អង្គការ វិជ្ជាជីវៈ​ថ្មី​ចំនួន ៨៩ ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ដែល​ធ្វើ​ឲ្យ​អង្គការ​វិជ្ជាជីវៈ​កើន​ឡើង​ដល់​​ ៦ ៦០០ ក្នុងនោះ ​សហភាព​សហជីព​ ចំនួន ៤២ សហព័ន្ធ​សហជីព​ចំនួន ២៨១​ សហជីព​មូលដ្ឋាន​ចំនួន​ ៦ ២៦៥។ បន្ថែម​ពី​លើ​នេះ​ក៏​មាន​សមាគម​និយោជក​ចំនួន​ ១២ ផង​ដែរ។

លោកថ្លែងថា៖ «រាជរដ្ឋាភិបាល​ក៏​នឹង​បន្ត​ជំរុញ​ឱ្យ មាន​ផែន​ការ​សកម្មភាព​កាន់​តែ​បុរេសកម្ម​និង​ច្រើន​ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សមត្ថភាព​និង​ការ​ទទួល ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ចំពោះ​សមាជិក​របស់​ខ្លួន និង​ការ​យល់​ដឹង​អំពី​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ អត្ថប្រយោជន៍​នានា​របស់​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ភាគី​នីមួយៗ​អាច​បំពេញ​តួនាទី​ជា​តំណាង​ឱ្យ​សមាជិក​របស់​ខ្លួន​បាន កាន់​តែ​ល្អ និង​មាន​វិជ្ជាជីវៈ ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន»៕