
លោក ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានមុនចាកចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា។ CDC
បើទោះបីការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយសហរដ្ឋអាមេរិកលើផ្នែកពន្ធបដិការនាំទំនិញចូលទៅទីផ្សារអាមេរិក ក៏ចំនួនទឹកប្រាក់នៃកាធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនៅតែបន្តកើនឡើងក្នុងអត្រាជាង ២២ភាគរយ។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូនានា ដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ការនាំចេញ-ចូលទំនិញទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក មានទឹកប្រាក់សរុបជិត ៣,៣ ពាន់លានដុល្លារ កើនឡើង ២២,៦ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ៣,២ ពាន់លានដុល្លារ កើនឡើង ២២,៣ភាគរយ និងអាមេរិកនាំមកវិញ ៩៧,៨លានដុល្លារ កើនឡើង ៣៤,៨ភាគរយ។
ផ្អែកតាមស្ថិតិនេះ គឺរយៈពេល ៤ខែដើមឆ្នាំ ២០២៥ ជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឧត្តមភាពប្រមាណ ៣,១ពាន់លានដុល្លារលើភាគីអាមេរិក ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ មានប្រមាណ ២,៥៥ពាន់លានដុល្លារ។
បញ្ហាអតុល្យភាពជញ្ជីងពាណិជ្ជកម្មនេះ គឺជាមូលហេតុដែលរដ្ឋបាលរបស់ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមេសា បានប្រកាសដំឡើងពន្ធបដិការ(Reciprocal Tariffs) រហូតដល់ ៤៩ភាគរយសម្រាប់ទំនិញទូទៅដែលនាំចូលពីប្រទេសកម្ពុជាទៅទីផ្សារអាមេរិក ។ ទោះយ៉ាងណា នៅពេលកាលបរិច្ឆេទចូលមកដល់ លោកត្រាំ ក៏បានសម្រេចពន្យារពេលចំនួន ៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ដើម្បីដោះស្រាយបញ្ហាពន្ធគយនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីជួបចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ(Zoom) ចំនួនពីរលើកជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (United States Trade Representative – USTR) ដែលលើកទី១ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ និងលើកទី២ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ តាមប្រព័ន្ធ Zoom ជាមួយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
លោក ចាន់ថុល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញកាន់ទីផ្សារអាមេរិក តាមរយៈការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
លោកបានថ្លែងថា៖«ភាគីកម្ពុជាបានត្រៀមលរួចរាល់ និងគ្រប់ជ្រុងជ្រោយក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយបើកទូលាយ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាមេរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលមានភាពស៊ីជម្រៅ ប្រកបដោយសមធម៌ និងតុល្យភាព សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ»។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ២ថ្ងៃ បន្ទាប់ពីអាមេរិកប្រកាសដាក់ពន្ធទំនិញលើកម្ពុជា លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៤ ខែមេសា បានផ្ញើលិខិតផ្លូវការទៅកាន់លោកប្រធានាធិបតីអាមេរិក ដោយបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ប្រភេទពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥ភាគរយមកត្រឹមអត្រាពន្ធអនុវត្តន៍ ៥ភាគរយ (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ (Hong Vanak) មានសុទិដ្ឋិនិយមថា ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនឹងបន្តកើនឡើងបន្ថែមទៀត ហើយការចរចាផ្នែកពន្ធគយរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានច្រើនដែរ។ បច្ចុប្បន្នអាមេរិក គឺជាទីផ្សារដែលទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ ជាពិសេសផលិតផលវាយនភណ្ឌ។ ក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏មានផលិតផលសម្បកកង់រថយន្ត និងទំនិញជាច្រើនប្រភេទទៀតដែលបាននាំចេញទីផ្សារអាមេរិកផងដែរ។
លោកបន្តថា ក្រៅពីទទួលទិញទំនិញដ៏ច្រើនពីកម្ពុជា ក៏មានក្រុមហ៊ុនអាមេរិកមួយចំនួនកំពុងបើកប្រតិបត្តិការនៅកម្ពុជាផងដែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ខ្ញុំមានជំនឿថា ទំនាក់ទំនងការទូត ឆន្ទះ និងការខិតខំសម្របសម្រួលពីសំណាក់រដ្ឋាភិបាលកម្ពុជា នឹងជួយឱ្យកម្ពុជាបន្តទទួលបានភាពអនុគ្រោះពន្ធគយពីសំណាក់រដ្ឋាភិបាលអាមេរិកបន្ថែមទៀត។ ទំហំពាណជ្ជកម្មទ្វេភាគីនឹងបន្តកើនឡើងបន្ថែមទៀត»។
របាយការណ៍ GDCE បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤,១៤ លានដុល្លារ៕