
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin(កណ្តាល) ពិនិត្យរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលកន្លងមក។ SSEZ
សំណើសុំវិនិយោគថ្មីចំនួន ១២ និងគម្រោងពង្រីកបន្ថែមចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ៣១៨ លានដុល្លារ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើកយកមកពិនិត្យ មុននឹងផ្តល់ការអនុញ្ញាតជាគោលការណ៍ឱ្យវិនិយោគនៅកម្ពុជា។
នៅទីស្នាក់ការកណ្តាល CDC កាលពីព្រឹកថ្ងៃទី១២ ខែមេសា មានរៀបចំ«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន១ (គម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត) ដែលដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់ CDC គម្រោងវិនិយោគទាំង ១៣ មានទុនវិនិយោគសរុប ៣១៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៧,៣ពាន់កន្លែង។ សម្រាប់គម្រោងថ្មីទាំង ១២ គឺមាន ១១គម្រោង ស្ថិតក្នុងវិស័យឧស្សាហកម្ម និង ១ ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព ១៥០មេហ្គាវ៉ាត់)។ គម្រោងវិនិយោគខាងលើ មានទីតាំងនៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១២ ខែឧសភា ថា គម្រោងវិនិយោគដែលដាក់ពាក្យស្នើសុំវិនិយោគ និងទទួលបានការអនុម័តឱ្យវិនិយោគនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ជាពិសេសចាប់ពីឆ្នាំ២០២៤ មក ដោយគេសង្កេតឃើញសំណើសុំវិនិយោគទាំងនោះមានស្ទើគ្រប់វិស័យ គឺមិនមែនសុទ្ធតែក្នុងវិស័យវាយនភណ្ឌដូចមុនទៀតឡើយ។ គម្រោងវិនិយោគថ្មីៗដែលជាការកត់សម្គាល់ មានដូចជា រោងចក្រផលិតសំបកកង់រថយន្ត ដំឡើងរថយន្ត កសិកម្ម រោងចក្រផលិតឧបករណ៍អេឡិចត្រូនិក ធនធានរ៉ែ សណ្ឋាគារ និងក្នុងវិស័យទេសចរណ៍ ជាដើម។
លោកបន្តទៀតថា មានកត្តាជាច្រើនដែលកំពុងជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនផ្ទាល់រួមមាន ភាពអំណោយផលនៃច្បាប់វិនិយោគ សម្បូរកម្លាំងពលកម្មវ័យក្មេង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងជាពិសេសគឺកម្ពុជាមានទីផ្សារសម្រាប់នាំចេញទៅកាន់ប្រទេសជាច្រើន។
លោកបញ្ជាក់ថា៖«នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែល្អ ខ្ញុំមានជំនឿថានឹងមានវិនិយោគិនអន្តរជាតិ និងក្រុមហ៊ុនល្បីឈ្មោះកាន់តែច្រើនចូលមកបើកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា»។
រយៈពេល ៤ខែដើមឆ្នាំ ២០២៥ CDC បានអនុម័តឱ្យគម្រោងវិនិយោគ ២៣១ ក្រោមទុនវិនិយោគ ៣,៤ ពាន់លានដុល្លារ។ បើប្រៀបធៀបនឹងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ គឺចំនួនគម្រោងវិនិយោគ បានកើនឡើងចំនួន ១០៣ ស្មើនឹងប្រមាណ ៨០ភាគរយ ខណៈទុនវិនិយោគកើនឡើងជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤ភាគរយ។
កាលពីឆ្នាំ២០១៤ ក្រុមប្រឹក្សាអភិវឌ្ឍនន៍កម្ពុជា បានអនុម័តឱ្យគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនឡើង ៥៤ ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ២៦៨ គម្រោង។ ចំណែកទុនវិនិយោគសរុបរបស់គម្រោងទាំង ៤១៤ គឺមានប្រមាណ ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០ភាគរយ ពីចំនួន ៤,៩២ ពាន់លានដុល្លារ៕