កម្ពុជា​បាន​លើក​ទឹកចិត្ត​ឱ្យ​ថ្នាក់​ដឹក​នាំ​​​ក្រុមហ៊ុន Yazaki ពិនិត្យ​លទ្ធភាព​លើ​ការ​វិនិយោគ​​បង្កើតតំបន់សេដ្ឋកិច្ចពិសេស(SEZ) ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុន​ឱ្យមកបណ្តាក់ទុនផ្ទាល់​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ ខណៈ​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ​ ២០២៥ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​ជប៉ុន មាន​ទឹក​ប្រាក់​សរុបជាង ៨៣២លាន​ដុល្លារ។

សំណើ​នេះ​ត្រូវ​បាន​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើក​ឡើង​ក្នុង​ជំនួប​​ពិភាក្សាការងារនៅទីស្តីការ CDC កាលពីថ្ងៃទី១២ ខែឧសភា ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង ប្រទេស​​ចិន ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិន​ផងដែរ​។

ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី បានសម្តែងក្តីរីករាយចំពោះក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយបន្ថែមលើ​នេះ​​ក្រុមហ៊ុនក៏​មានបំណងពង្រីកការវិនិយោគបន្ថែមផងដែរ​។ ក្នុងន័យនេះលោក ជា វុទ្ធី បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនស្វែងរក​ទីតាំងសមស្រប​ណាមួយ​សម្រាប់ពង្រីកការវិនិយោគ​របស់​ខ្លួន​ ព្រម​ទាំង​​ពិនិត្យ​លទ្ធភាព​​បង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់​តែ​ច្រើន​​។

លោក​បានថ្លែង​ថា៖​«​ខ្ញុំ​សូម​លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ​ក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត»​។

ប្រធានគណៈប្រតិភូ លោក Yoshimoto Ito បាន​សម្តែង​ក្តីរីករាយដែលថ្នាក់ដឹក​នាំ CDC គាំទ្រគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​នៅ​កម្ពុជា ព្រម​ទាំង​បាន​សន្យា​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេសផងដែរ។

យោង​តាម CDC ក្រុមហ៊ុន Yazaki ក៏​កំពុង​បណ្តាក់ទុនលើ​រោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើង​នៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក កោះកុង ប្រមាណជាង ១០ឆ្នាំមក​ហើយ និង​មានវត្តមាននៅខេត្តក្វាងតុង ប្រទេស​ចិន​ប្រមាណ ៤០ឆ្នាំមកហើយ។

ទិន្នន័យ​​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា(GDCE) ឱ្យដឹង​ថា ចន្លោះ​ពី​ខែ​មករា​-​ខែមេសា ឆ្នាំ​ ២០២៥ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា-​ជប៉ុន មាន​ទឹក​ប្រាក់​សរុប ៨៣២,២៩ ​លាន​ដុល្លារ កើន​ឡើង ២៩,៧ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ ក្នុងនោះ​​កម្ពុជា​នាំ​ទៅ​ជប៉ុន ៥២៣,៤៩​ លាន​ដុល្លារ កើន​ឡើង ១៩,៨​ ភាគរយ ចំណែក​ជប៉ុន​នាំ​មក​កម្ពុជា ៣០៨,៨​ លាន​ដុល្លារ កើន​ឡើង ៥០,៦​ ភាគរយ។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ២១៤,៦៩ ​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ មាន​ចំនួន ២៣១,៨១​ លាន​ដុល្លារ។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ថា តំបន់​សេដ្ឋកិច្ច​ពិសេស ដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​​នៅ​កម្ពុជា​​កាន់​តែ​ច្រើន។ ដោយសារ​វិនិយោគិន​ជប៉ុនមុន​នឹង​ទៅ​បណ្តាក់​ទុន​នៅ​ប្រទេស​ណា គឺ​ពួក​គេ​តែង​តែ​ធ្វើ​ការ​សិក្សា​យ៉ាង​លម្អិត និង​ចូល​ចិត្ត​ទៅ​បណ្តាក់ទុន​នៅ​កន្លែង​ណា​​ដែល​មាន​ជនជាតិ​របស់​ខ្លួន​នៅ​ទីនោះ​ស្រាប់ ដូច្នេះ​បើ​ក្រុមហ៊ុន​ Yazaki ដែល​មាន​ថ្នាក់ដឹកនាំ​ជាជនជាតិ​ជប៉ុន​ទៅ​វិនិយោគ​នៅ​កន្លែងណា គឺ​នឹង​ជួយ​​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​ជប៉ុន​ដទៃ​ទៀត ​ទៅ​វិនិយោគ​នៅ​ទីនោះដែរ។​

លោកបាន​ថ្លែង​ថា៖​«​បើ​មាន​ក្រុមហ៊ុន ឬ​វិនិយោគិន​ជប៉ុន​មក​វិនិយោគលើ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ខ្ញុំ​មាន​ជំនឿថា​នឹង​អាច​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​កាន់​តែ​ច្រើន​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា»។

លោក​បន្ថែម​ថា ការ​វិនិយោគ​នៅ​កម្ពុជា​នឹង​ជួយ​ឱ្យ​អ្នក​វិនិយោគ​ទទួល​បាន​ផល​ចំណេញ​ច្រើន ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយល្អ ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល មាន​ហេដ្ឋរចនាសម្ព័ន្ធ​ដឹក​ជញ្ជូនល្អ​ប្រសើរ និង​មាន​ទីផ្សារ​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ច្រើន​។

បើ​តាម​លោក សុខនឿន បច្ចុប្បន្ន​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ​មាន​​ក្នុង​វិស័យ​ជាច្រើន​ដូចជា សំណង់ អចលនទ្រព្យ សណ្ឋាគារ ទេសចរណ៍ រោងចក្រ​ដំឡើង​យានយន្ត រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម កសិ-ឧស្សាហកម្ម ចំណី​អាហារ ការដាំដុះ​ដំណាំ គ្រឿង​បង្គុំ​អេឡិចត្រូនិក-​អគ្គិសនី និង​ផ្សារ​ទំនើប​ជាដើម។

របាយការណ៍​​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មាន​ក្រុមហ៊ុន​/សហគ្រាស​ជប៉ុន​ចំនួន ៨៨ បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដោយ​កើន​ឡើង ២០,៥៥ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣៕