ក្នុងដំណើរការគាំទ្រកុមារកម្ពុជាដើម្បីទទួលបានការអប់រំខ្ពស់ ធនាគារ ABA មានមោទនភាពរួមចំណែកទឹកប្រាក់ចំនួន 20 000 ដុល្លារអាមេរិក បន្ថែមទៀតជូនដល់កម្មវិធីអាហារូបករណ៍សាកលវិទ្យាល័យ 2025 របស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ការឧបត្ថម្ភផ្នែកអប់រំនេះ មានគោលបំណងគាំទ្រសិស្សានុសិស្សក្នុងការបញ្ចប់ការសិក្សាសកលវិទ្យាល័យរបស់ពួកគេ និងបង្កើនការត្រៀមខ្លួនសម្រាប់ការងារ។ 

ភាគីទាំងសងខាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ នៅថ្ងៃទី12 ខែឧសភា ឆ្នាំ 2025 ក្រោមវត្តមានរបស់ លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា និងលោក Igor Zimarev អគ្គនាយករងប្រតិបត្តិ នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គមនៃធនាគារ ABA រួមទាំងតំណាងរបស់គ្រឹះស្ថានទាំងពីរ។  

ក្រោមភាពជាដៃគូនេះ ការគាំទ្រផ្នែកថវិការបស់ធនាគារ ABA ចំនួន 20 000 ដុល្លារអាមេរិក នឹងអនុញ្ញាតឲ្យអង្គការមូលនិធិកុមារកម្ពុជាផ្តល់ជំនួយទាំងស្រុងសម្រាប់ការបង់ថ្លៃសាលា សម្ភារៈសិក្សា ធនធាន ឱកាសអភិវឌ្ឍន៍ការងារ និងចំណាយលើការរស់នៅរបស់សិស្សានុសិស្ស។ ការរួមចំណែកនេះ ធានាថាសិស្សវិទ្យាល័យរបស់អង្គការមូលនិធិកុមារកម្ពុជា នឹងបញ្ចប់ថ្នាក់សិក្សាផ្លាសចូលសកលវិទ្យាល័យដោយរលូន និងគ្មានឧបសគ្គផ្នែកហិរញ្ញវត្ថុ។ 

បន្ថែមពីលើការគាំទ្រផ្នែកអាហារូបករណ៍ កិច្ចព្រមព្រៀងនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការស្វែងរកកម្មសិក្សា និងជម្រើសការងារផ្សេងៗ មិនថាជាចុះកម្មសិក្សា ឬទទួលបានការងារពីធនាគារ ABA។ បទពិសោធន៍ផ្ទាល់ទាំងនេះ មានតម្លៃខ្ពស់សម្រាប់សិស្សានុសិស្ស ក្នុងការបង្កើនជំនាញរបស់ពួកគេក្នុងវិស័យការងារ។ 

លោក Igor Zimarev មានប្រសាសន៍ថា “យើងខ្ញុំ មានកិត្តិយសដែលបានរួមចំណែកសារជាថ្មី ដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងបេសកម្មផ្លាស់ប្តូរជីវិតកុមារតាមរយៈឥទ្ធិពលនៃការអប់រំ។ ភាពជាដៃគូនេះ ជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា។” 

លោកក៏បានបន្តថា “កិច្ចសហការនេះពិតជាសមស្របយ៉ាងខ្លាំង ជាមួយនឹងគោលការណ៍ ទំនួលខុសត្រូវសង្គមយើងខ្ញុំ មិនត្រឹមតែការគាំទ្រផ្នែកថវិការប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាស ដែលជំរុញ និងលើកកម្ពស់សិស្សទាំងនេះផងដែរ។” 

លោក Scott Neeson បានបញ្ជាក់ថា “យើងពិតជាកោតសរសើរចំពោះការគាំទ្ររបស់ ABA សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារបស់និស្សិត អង្គការ CCF ។ អត្រានៃការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យទៅសាកលវិទ្យាល័យបានកើនឡើង ក៏ដូចជាការចំណាយផងដែរ។ ការឧបត្ថម្ភពី ABA បានជួយយើងធានាថា សិស្សដែលមានលទ្ធភាព និងឆន្ទៈក្នុងការបន្តទៅសាកលវិទ្យាល័យមិនត្រូវបានមើលរំលងឡើយ”។ 

ប្រវត្តិនៃភាពជាដៃគូដ៏រឹងមាំ របស់ ABA និងអង្គការ CCF បានបង្កើតឡើងក្រោមកម្មវិធីអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ក្នុងឆ្នាំ 2023 ក្នុងគោលបំណងជួយដល់សិស្សានុសិស្សខ្វះខាត។ កម្មវិធីនោះ ABA បានឧបត្ថម្ភទឹកប្រាក់ចំនួន 60 000 ដុល្លារអាមេរិក ទៀតសម្រាប់រយៈពេល 3 ឆ្នាំ ដល់កម្មវិធីអប់រំបឋមសិក្សារបស់ អង្គការ CCF ដោយធានាថា សិស្សក្មេងៗជាច្រើនទទួលបានការអប់រំបឋមសិក្សាពេញលេញ។

គួបផ្សំជាមួយនឹងរថយន្តក្រុងសម្រាប់ការដឹកជញ្ជូនដ៏ងាយស្រួលសម្រាប់សិស្ស និងការបរិច្ចាគកុំព្យូទ័រសម្រាប់ការងាររដ្ឋបាល កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ ABA ក្នុងការពង្រឹង និងវិនិយោគលើអនាគតរបស់កុមារកម្ពុជា។