
លោក សុខ ចិន្តាសោភា ឡើងថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី«លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជណាចក្រកម្ពុជាឆ្នាំ២០២៣»។ ហ៊ឹន ពិសី
ទិន្នន័យជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ដែលផ្តល់ឱ្យរាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់មានភាពងាយស្រួលក្នុងការរៀបចំផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យបោះជំហានទៅមុខកាន់តែលឿន ហើយក៏ជួយបង្កើននូវកាលានុវត្តភាពថ្មីៗបន្ថែមដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិចូលបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី«លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជណាចក្រកម្ពុជាឆ្នាំ២០២៣»ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា, លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំកម្ពុជា។
នៅក្នុងពិធីខាងលើ លោក សុខ ចិន្តាសោភា បានលើកឡើងថា ទោះបីទិន្នន័យជំរឿនកសិកម្មថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ នេះត្រូវបានធ្វើឡើងរយៈពេលជិត ២ឆ្នាំហើយក៏ដោយ ប៉ុន្តែទិន្នន័យជំរឿននេះពិតជាសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធយកទៅធ្វើជាមូលដ្ឋានដើម្បីរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់រយៈពេលខ្លី មធ្យម និងវែង។ ទិន្នន័យនេះក៏នឹងផ្តល់ឱ្យអ្នកមានតម្រូវការនូវព័ត៌មានស៊ីជម្រៅ និងច្បាស់លាស់អំពីរចនាសម្ព័ន្ធផលិតផលកសិកម្មកម្ពុជា ប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសកម្មភាពសេដ្ឋកិច្ចតាមវិស័យនីមួយក្នុងប្រទេសកម្ពុជាផងដែរ។
លោកបន្ថែមថា ក្រៅពីបង្កើតប្រសិទ្ធភាពក្នុងការធានាសន្តិសុខស្បៀងសម្រាប់បំពេញតម្រូវការក្នុងស្រុក វាក៏ជួយលើកកម្ពស់សមត្ថភាពនាំចេញកសិផលកម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសជួយឱ្យប្រទេសកម្ពុជាឈានទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកថ្លែងថា៖«ទិន្នន័យជំរឿនកសិកម្ម គឺមានសារៈសំខាន់ក្នុងការជួយជំរុញដល់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការឆ្លុះបញ្ចាំងស៊ីជម្រៅនៃសុខភាពនៃវិស័យកសិកម្ម ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ការអភិវឌ្ឍ ព្រមទាំងយល់ច្បាស់ពីតម្រូវការជាក់លាក់ក្នុងវិស័យកសិកម្ម ការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព និងការកំណត់វិធានការអន្តរាគមន៍តាមមុខសញ្ញា និងតាមដានវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលនឹងរួមចំណែកដល់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម»។
បន្ថែមពីលើនេះ លោក ចិន្តាសោភា ក៏បានស្នើឱ្យមានការផ្សព្វផ្សាយលទ្ធផលជំរឿនកសិកម្មឆ្នាំ២០២៣ ឱ្យកាន់តែទូលំទូលាយទៅបណ្តាស្ថានទូតកម្ពុជានៅប្រទេសនានាដើម្បីអ្នកតំណាងទាំងអស់ អាចយកទៅផ្សព្វផ្សាយបន្តក្នុងន័យទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា៖«ទិន្នន័យនេះក៏ជាបណ្តុំនៃព័ត៌មានមួយដែលអាចជួយទាក់ទាញវិនិយោគិន ពិសេសវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនផងដែរ»។
តាមរយៈលទ្ធផលនៃជំរឿនកសិកម្ម ឆ្នាំ២០២៣ ក៏បានឱ្យរកឃើញពីការធ្លាក់ចុះយ៉ាងគំហុកនៃការប្រើកម្លាំងរបស់សត្វពាហនៈនៅក្នុងវិស័យកសិកម្ម ដោយជំនួសមកវិញនូវគ្រឿងយន្តកសិកម្ម។
រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ បានលើកឡើងថា ជំរឿនកសិកម្មនៅកម្ពុជា ត្រូវបានធ្វើឡើងលើកដំបូង ក្នុងឆ្នាំ២០១៣ (បានធ្វើអង្កេតចន្លោះជំរឿនកសិកម្មនៅឆ្នាំ២០១៩) និងធ្វើជំរឿនកសិកម្មលើកទី ២ នៅឆ្នាំ២០២៣។ របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ គឺពិតជាមានភាពចាំបាច់សម្រាប់រដ្ឋាភិបាល ផ្នែកឯកជន និងដៃគូអភិវឌ្ឍទាំងអស់សម្រាប់ការរៀបចំផែនការ និងគោលនយោបាយដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
លោកបន្តថា តាមរយៈទិន្នន័យជំរឿន និងអង្កេតកសិកម្ម គឺផ្តល់ឱ្យអ្នកជំនាញអាចធ្វើបច្ចុប្បន្នភាពទិន្នន័យពីស្ថានភាពកសិកម្មគ្រប់ប្រភេទ សមភាពយេនឌ័រក្នុងវិស័យកសិកម្ម និងផ្តល់ទិន្នន័យកសិកម្មនៅកម្រិតមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ព្រមទាំងស្ថានភាពរចនាសម្ព័ន្ធនៃការកាន់កាប់កសិកម្ម ការប្រើប្រាស់ដី ការដាំដំណាំ ការចិញ្ចឹមបសុសត្វ បសុបក្សី វារីវប្បកម្ម និងសកម្មភាពអនុផលព្រៃឈើនៅក្នុងដែនដីប្រទេសកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ និងធាតុចូលសម្រាប់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត ប្រើប្រាស់។ ជំរឿននេះត្រូវបានធ្វើឡើងដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
លោកអះអាងថា៖«លទ្ធផលជំរឿនកសិកម្ម បានចូលរួមចំណែកក្នុងការផ្តល់ទិន្នន័យសូចនាករសំខាន់ៗ ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់ធ្វើបច្ចុប្បន្នភាពស្ថានភាពកសិកម្មនៅកម្ពុជា។ វាក៏បង្ហាញពីមូលដ្ឋានគ្រឹះនៃអង្គភាពកសិកម្ម ដែលឆ្លុះបញ្ចាំងអំពីទិន្នន័យ ព័ត៌មាន និងសកម្មភាពផលិតកម្ម កសិកម្ម ព្រមទាំងសូចនាករសំខាន់ផ្សេងៗទៀតរបស់អង្គភាពកសិកម្មគ្រប់ទំហំខ្នាត ប្រភេទ និងទម្រង់លក្ខណៈ នៃរចនាសម្ព័ន្ធកសិកម្មនៅកម្ពុជា»។
បើយោងតាមលោក រដ្ឋមន្ត្រីក្រសួងផែនការ ជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ គឺជាជំរឿនកសិកម្មលើកទី២ ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ ជំរឿននេះ ត្រូវបានប្រតិបត្តិការចុះសម្ភាសន៍ និងស្រង់ទិន្នន័យចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយគ្របដណ្តប់អង្គភាពកសិកម្មទាំងអស់ (គ្រួសារកាន់កាប់កសិកម្ម និងសហគ្រាសខ្នាតធំ) នៅក្នុងដែនដីកម្ពុជា។ ការស្រង់ទិន្នន័យអង្គភាពកសិកម្មនៅកម្ពុជា ត្រូវបានធ្វើឡើងដោយផ្អែកតាមនិយមន័យច្បាស់លាស់ស្ដីពី«អង្គភាពកសិកម្ម» ដែលសំដៅដល់អង្គភាពផលិតកម្មកសិកម្មមួយមានទីតំាងមួយជាក់លាក់ ឬមានសកម្មភាពផលិតកម្មសំខាន់ដែលបង្កើតតម្លៃបន្ថែមមួយផ្នែកធំ និងមានយ៉ាងហោចណាស់ គឺត្រូវមានផ្ទៃដីដាំដុះដំណាំ ០,០៣ហិកតា និង/ឬ មានចិញ្ចឹមបសុសត្វ ប្រភេទ ធំយ៉ាងតិច ២ក្បាល និង/ឬ បសុសត្វប្រភេទតូចយ៉ាងតិច ៣ក្បាល និង/ឬ យ៉ាងហោចណាស់ មានបសុបក្សីចំនួន ២៥ក្បាល)។
លទ្ធផលទិន្នន័យជំរឿនកសិកម្ម ឆ្នាំ២០២៣ បង្ហាញថា ស្ថានភាពគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជាមានការប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យកសិកម្មមកនៅត្រឹមអត្រា ៥៤,៥ភាគរយនៅឆ្នាំ២០២៣ ខណៈដែលអត្រានេះមានប្រមាណជិត ៨២ភាគរយនៅឆ្នាំ២០១៣។ ក្នុងចំណោមគ្រួសារកាន់កាប់កសិកម្មទាំងអស់នៅឆ្នាំ២០២៣ (១,៨៥លានគ្រួសារ) គឺមានក្បាលដីកសិកម្មសរុបចំនួន ៣,៦ លានក្បាលដី (រួមទាំងដីជុំវិញលំនៅឋាន) និងមានផ្ទៃដីសរុបប្រមាណ ៣,២ លានហិកតា។ ផលិតភាពដាំដំណាំស្រូវនៅទូទាំងប្រទេស គឺទិន្នផលដំណាំស្រូវធម្មតា គិតជាមធ្យមស្មើនឹង ៣,៤ តោន ក្នុង១ហិកតា៕