
ភ្នំពេញៈ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមាន ពីកិច្ចចរចាទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិក លើបញ្ហាដំឡើងអត្រាពន្ធ បើទោះបីជាគ្មានប្រទេសណាមួយអាចទាយទុកជាមុន នូវលទ្ធផល ពីសង្រ្គាមពាណិជ្ជកម្មពិភពលោកនេះក៏ដោយ។
នេះជាការថ្លែងរបស់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា នាថ្ងៃចន្ទ ទី១៩ ខែឧសភា ក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពី «កម្ពុជាឈរកាន់តែរឹងមាំ ក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
លោកបានលើកឡើងថា កម្ពុជាបាននឹងកំពុងតែមានចំណាត់ការឆ្លើយតបយ៉ាងល្អទៅនឹង«ព្យុះនៃសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុក»នេះ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតី លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២ មេសាកន្លងមក បានប្រកាសដាក់ពន្ធបដិការ(Tariffs) ទៅលើប្រទេសជាង១៨០ ក្នុងពិភពលោក។ ក្នុងនោះក៏មានទាំងកម្ពុជាផងដែរ។ អត្រាពន្ធនេះត្រូវបានកំណត់ ដោយយោងតាមកម្រិត នៃឱនភាពពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសនីមួយៗ ដោយគ្មានមូលហេតុផ្សេង ដូចមតិមួយចំនួនបានលើកឡើងនោះទេ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពី «កម្ពុជាឈរកាន់តែរឹងមាំ ក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ រូបថត ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល
ព្រឹត្តិការណ៍នេះបានធ្វើឱ្យពិភពលោកទាំងមូលជួបភាពច្របូកច្របល់យ៉ាងខ្លាំង ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហានេះជា «រឿងអាទិភាព ដែលត្រូវដោះស្រាយជាបន្ទាន់»។ ក្នុងនោះ ភ្លាមៗក្រោយពីការប្រកាសអត្រាពន្ធបដិការនោះ ប្រមុខរដ្ឋាភិបាល ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកដូណល់ ត្រាំ ដោយបង្ហាញការប្តេជ្ញាចិត្ត យ៉ាងពេញលេញក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនានិងផលិតភាពជាមួយសហរដ្ឋអាមេរិក។
បន្ថែមពីនោះ រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈសម្របសម្រួល រួចជាស្រេចតាមរយៈការបញ្ចុះអត្រាពន្ធគយភ្លាមៗពី៣៥ភាគរយ មកត្រឹមតែ៥ភាគប៉ុណ្ណោះ សម្រាប់ផលិតផលចំនួន១៩ ប្រភេទរបស់កម្ពុជា។
ចំណែក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រីចម និម្មល ក៏បានសរសេរលិខិតមួយច្បាប់ដែរ ផ្ញើទៅកាន់ តំណាងពាណិជ្ជកម្មអាមេរិក ដើម្បីបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានចាត់វិធានការចាំបាច់មួយចំនួន ដើម្បីការពារការក្លែងបន្លំដើមកំណើតទំនិញជាដើម។ ដើម្បីត្រៀមខ្លួនពិភាក្សាជាមួយភាគីអាមេរិក ប្រមុខរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រីរដ្ឋមន្រ្តី ចម និម្មល។
ក្រោយពីកិច្ចប្រជុំផ្ទៃក្នុងជាច្រើនលើកដើម្បីត្រៀមលក្ខណៈសម្រាប់ការចរចា ក្រុមការងារចំពោះកិច្ចក៏បានប្រជុំតាមប្រព័ន្ធអនឡាញចំនួន២ដងជាមួយភាគីអាមេរិក ដើម្បីពិភាក្សា និងសម្របសម្រួលឆ្ពោះទៅការចរចាទល់មុខគ្នានៅទីក្រុងវ៉ាស៊ីនតោន។ ទីបំផុត កិច្ចចរចាទល់មុខគ្នាជុំទី១បានប្រព្រឹត្តទៅតាមការគ្រោងទុក កាលពីពាក់កណ្តាលខែឧសភានេះ ដោយភាគីទាំង២បានពិភាក្សាគ្នា ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
កិច្ចចរចាទល់មុខគ្នាជុំទី២ គ្រោងនឹងបន្តធ្វើនៅដើមខែមិថុនាខាងមុខនេះ។ ភាគីទាំង២ក៏បានពិភាក្សាគ្នា យ៉ាងស៊ីជម្រៅ លើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពី «កម្ពុជាឈរកាន់តែរឹងមាំ ក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ រូបថត ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល
លោកបញ្ជាក់ថា៖«ខ្ញុំបានឃើញមនុស្សមួយចំនួន ដែលមានគំនិតអគតិចំពោះជាតិខ្លួនឯង ខំនិយាយដោយបំភាន់ ដើម្បីបន្ទោសរាជរដ្ឋាភិបាល នៅពេលដែលការចរចាមិនទាន់បានលទ្ធផលសម្រេច។ ការចរចាពាណិជ្ជកម្មត្រូវការពេលវេលា។ មិនអាចទៅជួបគ្នាម្តងសម្រេចបានទេ។ គ្រប់ប្រទេសទាំងអស់ដែលបានចរចាជាមួយសហរដ្ឋអាមេរិកពីរឿងអត្រាពន្ធនេះ នៅមិនទាន់មានប្រទេសណាសម្រេចបានកិច្ចព្រមព្រៀងផ្លូវការនៅឡើយទេ ក្រៅពីចិន ដោយត្រូវជួបគ្នាច្រើនលើកទៀត។ មិនមែនតែកម្ពុជាទេ សូមបញ្ជាក់ដើម្បីកុំឱ្យមានការបំភាន់»។
លោកបានឱ្យដឹងថា មុនពេលគណៈប្រតិភូចេញដំណើរទៅចរចានៅវ៉ាស៊ីនតោន ប្រមុខរដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំ មួយ ដោយបានពិភាក្សាយ៉ាងលម្អិត និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព និងបានរៀបចំគ្រប់សេណារីយោទាំងអស់សម្រាប់ក្រុមការងារចរចា។ រីឯសមាសភាព នៃគណៈប្រតិភូ ដែលត្រូវធ្វើដំណើរទៅចរចាទៀតសោត ក៏ត្រូវបានសម្រិតសម្រាំង និងមានគ្រប់ជំនាញពាក់ព័ន្ធ ដើម្បីត្រៀមឆ្លើយតប ឬបំភ្លឺជូនភាគីអាមេរិក។
លោកបានលើកឡើងថា ការដាក់អត្រាពន្ធបដិការ ដែលធ្វើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំនេះ គឺដោយសារតែសហរដ្ឋអាមេរិកចង់ស្វែងរកតុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសទាំងអស់ ដែលរកស៊ីជាមួយអាមេរិក។ នេះបានធ្វើឱ្យទម្លាប់ នៃការធ្វើពាណិជ្ជកម្មពីមុនបានផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរនេះធ្វើឱ្យប៉ះពាល់ដល់គ្រប់ប្រទេសទាំងជាង ១៨០ គឺមិនមែនតែកម្ពុជានោះទេ។
លោកគូសបញ្ជាក់ថា៖«មានអ្នកខ្លះនិយាយហាក់ដូចជា មានតែកម្ពុជា។ អត់ទេ នេះគឺជាបញ្ហាទូទាំងពិភពលោក។ ដូច្នេះ គ្រប់ប្រទេសត្រូវស្វះស្វែងរកដំណោះស្រាយរៀងៗខ្លួន ដើម្បីបញ្ចៀស ឬកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ក្នុងនោះក៏មានកម្ពុជាដែរ»។
លោកថ្លែងបន្តដូច្នេះថា៖« លទ្ធផលចុងក្រោយយ៉ាងណានោះ គ្មានប្រទេសណាអាចទាយមុនបានទេ។ ប៉ុន្តែ អ្វីដែលខ្ញុំអាចបញ្ជាក់ជូនបានគឺ រាជរដ្ឋាភិបាលបានខិតខំ និងបានត្រៀមគ្រប់លទ្ធភាពដើម្បីធ្វើកិច្ចការងារនេះឱ្យបានល្អបំផុត។ សម្តេចធិបតីមានភាពវាងវៃ ប៉ិនប្រសប់ និងល្អិតល្អន់ក្នុងការដោះស្រាយប្រកបដោយភាពទន់ភ្លន់និងបត់បែន។ យើងសង្ឃឹមថា លទ្ធផលជាវិជ្ជមាននឹងកើតមានឡើង។ ដូច្នេះ សូមបងប្អូនយើងជ្រាបនិងជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងចូលរួមទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍ជាតិយើង»។
ចំណែកឯ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកតាន់ ហ្សង់ហ្វ្រង់ស័រ ក៏បានលើកឡើងពីសមិទ្ធផលពិសេសៗ នៃការទូតកម្ពុជា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ដែលមានលក្ខណៈដ៏សកម្ម និងមមាញឹកខ្លាំង ជាងប្រក្រតី។ ព្រឹត្តិការណ៍សំខាន់ៗទាំងនោះ គឺសុទ្ធសឹង ជាសកម្មភាពទូត ដែលឈានទៅរក ការពង្រឹង និងពង្រីកមិត្តភាព, ការលើកកម្ពស់និងការរក្សាសន្តិភាពនៅជុំវិញប្រទេសកម្ពុជា និងក្នុងតំបន់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាតិ លោកតាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងពីសមិទ្ធផលសំខាន់ៗ នៃការទូតកម្ពុជា ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ រូបថត ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល
ក្នុងនោះមាន ទស្សនកិច្ចរបស់ ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន នៅប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ និងទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពីន។ ក្រៅពីនោះ មានកិច្ចពិភាក្សាមួយចំនួនតាមប្រព័ន្ធទូរស័ព្ទ រវាងលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី, នាយករដ្ឋមន្ត្រីសិង្ហបុរី និងនាយករដ្ឋមន្ត្រីអូស្ត្រាលីជាដើម។
បន្ថែមពីនេះ លោកក៏បានរំលឹក ពីព្រឹត្តិការណ៍២ធំៗ គឺទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា និងទស្សនកិច្ចនៅកម្ពុជា របស់នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ។
លោកបានមើលឃើញថា៖«សកម្មភាពទូត តម្រង់ព្រមគ្នាទៅរកទិសដៅ៣។ គឺទី១ គឺការពង្រឹង និងពង្រីកមិត្តភាព, ទី២គឺ ការផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីវិបុលភាពរួម និងផលប្រយោជន៍ចែករំលែកគ្នាទៅ វិញទៅមករវាងប្រទេសយើង, កម្ពុជា និង បណ្តាប្រទេសដៃគូរបស់យើង និងទី៣ គឺការរក្សា និងលើកកម្ពស់សន្តិភាព នៅជុំវិញប្រទេសកម្ពុជាយើង និងនៅក្នុងតំបន់»។
លោកតាន់ ហ្សង់ហ្វ្រង់ស័រ ក៏មិនភ្លេចលើកឡើងពី លទ្ធផល នៃការបន្តអនុវត្តការទូតសេដ្ឋកិច្ច ដ៏សកម្មរបស់កម្ពុជា។ ក្នុងនោះ ចាប់ពីខែកុម្ភៈ ដល់ខែមេសា, កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១៦៣ និង ទទួលបានទុនវិនិយោគ សរុបប្រមាណជាង២ពាន់លានដុល្លារ ដែលមានកំណើន ១១,១៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ លើសពីនោះ គិតក្នុងរយៈពេល៣ខែចុងក្រោយដូចគ្នានេះ (កុម្ភៈ មីនា និង មេសា) ពាណិជ្ជកម្មកម្ពុជា មានទំហំសរុបប្រមាណជាង ១៤ពាន់លានដុល្លារ ដែលមានកំណើន ១៤,១៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។
លោកប៉ែន បូណាក៏បានថ្លែងដែរថា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អ បើទោះបីជាសេដ្ឋកិច្ចពិភពលោក មានភាពរប៉ាក់រប៉ើក មិននឹងនរ ដោយសារតែផលវិបាក នៃជំងឺកូវីដ១៩ ដែលមិនទាន់ចប់ សង្រ្គាមប្រដាប់អាវុធ និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែកើតឡើងក៏ដោយ។
សុខសន្តិភាពស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាកត្តាចំបងបំផុត នៅក្នុងការធានាប្រក្រតីភាពសង្គម ហើយនឹងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ការលើកឡើងម្តងហើយម្តងទៀតពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនេះ ពីព្រោះវាជាសូចនាករដ៍សំខាន់ សម្រាប់វាស់ស្ទង់ អំពីស្ថានភាពសុខភាពរបស់រាជរដ្ឋាភិបាល ជាពិសេស សុខភាពសេដ្ឋកិច្ច និងសុខមាលភាពសង្គម។

លោកថ្លែងដូច្នេះថា៖«អ៊ីចឹងលទ្ធផលបែបនេះមិនមែនកើតឡើងដោយឯកឯងទេ។ ពិភពលោកបច្ចុប្បន្ននេះ ច្របូកច្របល់ណាស់។ ណាមួយសង្រ្គាមប្រដាប់អាវុធ ណាមួយសង្រ្គាមពាណិជ្ជកម្ម គ្រោះធម្មជាតិកាន់តែកាចសាហាវឡើង ប៉ុន្តែអាចចាត់ទុកថាជាភ័ព្វសំណាងណាស់សម្រាប់កម្ពុជាយើង ដែលមានទាំងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះគឺជាសិល្បៈនៃការគ្រប់គ្រង ដឹកនាំ ចាត់ចែង ដោយភាពប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលលោកប្រើប្រាស់ជំនាញខ្ពស់ណាស់ក្នុងការគ្រប់គ្រងនេះ»៕