
លោក ហ៊ុន ម៉ាណែត ថតរូបអនុស្សាវរីយជាមួយបុគ្គលិកបម្រើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ STPM
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងថាកម្ពុជាកំពុងបន្តខិតខំពង្រីក និងពង្រឹងសមត្ថភាពរបស់កំពង់ផែអន្តរជាតិទឺកជ្រៅរបស់ខ្លួន ក៏ដូចជាការកាត់បន្ថយនីតិវិធីស្មុគស្មាញមួយចំនួន ដើម្បីចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងឡូជីស្ទីក។
នៅត្រឹមឆ្នាំ ២០៣០ កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នឹងមានសមត្ថភាពទទួលនាវាដឹកទំនិញនៅទូទាំងពិភពលោកបាន ១០០ភាគរយ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសនៃពិធីអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិរបស់កម្ពុជា ឱ្យដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់ និងពិភពលោក។
បច្ចុប្បន្នដោយសារកំពង់ផែខេត្តព្រះសីហនុ មានជម្រៅទឹករាក់ គឺត្រឹមតែ ១១,៥ម៉ែត្រ ដូច្នេះវាមិនអាចឱ្យនាវាធំៗចូលចតបានឡើយ គឺអាចទទួលនាវាដឹកទំនិញពីអាស៊ីប៉ាស៊ីហ្វិក បានត្រឹមប្រមាណ ៤៥ ភាគរយប៉ុណ្ណោះ ហើយក្រៅពីនោះបើចង់ដឹកទំនិញមកកម្ពុជា គឺត្រូវធ្វើការផ្ទេរទំនិញនៅកំពង់ផែប្រទេសសិង្ហបុរី ថៃ ឬវៀតណាម ជាមុនសិន។
លោកបន្តថា សមត្ថភាពកំពង់ផែកម្ពុជានៅមានកម្រិត ក៏ជាចំណែកមួយដែលធ្វើឱ្យតម្លៃដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា ជាមួយប្រទេសដៃគូអន្តរជាតិទាំងអស់មានតម្លៃខ្ពស់ជាងប្រទេសជិតខាងផងដែរ។
លោកពន្យល់ថា គម្រោងអភិវឌ្ឍន៍ចំពោះមុខ និងរយៈពេលខ្លី ដែលកំពុងធ្វើនាពេលនេះ គឺចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ បានចាប់ផ្ដើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៧ ដែលនឹងបង្កើនជម្រៅទឹកដល់ ១៤,៥ម៉ែត្រ ហើយអនុញ្ញាតឱ្យនាវាដឹកទំនិញពីអាស៊ីប៉ាស៊ីហ្វិកចូលចតបានដល់ ៩៣ភាគរយ(កើនពី ៤៣ភាគរយនាពេលបច្ចុប្បន្ន), ដំណាក់កាលទី២ គម្រោងបញ្ចប់ស្ថាពរនៅឆ្នាំ២០២៩ នឹងបង្កើនជម្រៅដល់ ១៦,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញពីឥណ្ឌូប៉ាស៊ីហ្វិក ចូលចតបានដល់ ៩៥ភាគរយ និងដំណាក់កាលទី៣ ដែលគម្រោងបញ្ចប់ស្ថាពរនៅឆ្នាំ២០៣០ នឹងបង្កើនជម្រៅទឹកដល់ ១៧,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញនៅទូទាំងពិភពលោកចូលចតបានដល់ ១០០ភាគរយ។
លោកបានថ្លែងថា៖«និយាយជារួម ក្រោយបញ្ចប់ការអភិវឌ្ឍកំពង់ផែទាំង ៣ ដំណាក់កាលនៅឆ្នាំ២០៣០ សមត្ថភាពរបស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុនឹងត្រូវលើកកម្ពស់យ៉ាងខ្លាំង ជាពិសេសសមត្ថភាពទទួលនាវាដឹកទំនិញចូលចតនឹងកើនយ៉ាងខ្លាំងពីត្រឹម ៤៥ភាគរយនៃនាវាពីអាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន រហូតដល់ ១០០ភាគរយនៃនាវាដឹកជញ្ជូនទំនិញពីគ្រប់ទិសទីលើពិភពលោក»។
លោកលើកឡើងទៀតថា បន្ថែមពីលើនេះសមត្ថភាពកំពង់ផែសរុប ក៏នឹងកើនឡើងពីប្រមាណ ១លាន ធីអ៊ីយូ(TEUs) ក្នុង ១ឆ្នាំនាពេលបច្ចុប្បន្ន ដល់ប្រមាណជាង ២,៦លាន TEUs នៅពេលគម្រោងនេះបញ្ចប់នៅឆ្នាំ២០៣០។
ទាក់ទងនឹងការកាត់បន្ថយនីតិវិធីក្នុងការដឹកទំនិញ លោក ម៉ាណែត លើកឡើងថា៖«រាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗនឹងខិតខំពិនិត្យមើល និងកែសម្រួលនីតិវិធីផ្សេងៗ បូកបញ្ចូលជាមួយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនដើម្បីកាត់បន្ថយពេល»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២ ខែឧសភាថា មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក គឺមានភាពពេញនិយម និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោករាប់ពាន់ឆ្នាំមកហើយ។
បច្ចុប្បន្នការដឹកជញ្ជូនទំនិញ ដែលមានបរិមាណច្រើន និងធ្ងន់ៗនៅទូទាំងពិភពលោក គឺត្រូវបានធ្វើឡើងតាមផ្លូវទឹក។ កំណើននៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ជាពិសេសកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ និងកំពង់ផែទន្លេក្នុងរាជធានីភ្នំពេញកំពុងកើនឡើងជាលំដាប់។
លោកបានថ្លែងថា៖«ការប្រើប្រាស់កំពង់ផែសមុទ្រនៅកម្ពុជានឹងកើនឡើងកាន់តែច្រើននាពេលអនាគត ព្រោះកំណើននៃផលិតផលដែលកម្ពុជាផលិតបានសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កំពុងកើនឡើងជាបន្តបន្ទាប់។ ការដឹកជញ្ជូនតាមផ្លូវទឹកគឺមានតម្លៃទាប និងបានបរិមាណច្រើនជាមធ្យោបាយផ្សេងទៀត»។
លោកប្រាប់ទៀតថា តាមការស្រាវជ្រាវរបស់អ្នកជំនាញជនជាតិឥណ្ឌា គឺការដឹកជញ្ជូនតាមផ្លូវទឹកមានផលអវិជ្ជមានតិចចំពោះបរិស្ថាន(ការបញ្ចេញផ្សែងពុលក្នុងបរិយាកាស) បើធៀបនឹងការដឹកជញ្ជូនតាមមធ្យោបាយផ្លូវគោក។
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់សរុប ចំនួន ១ ០៣២ ១៩១ TEUs កើនឡើង ២៩,៣៨ភាគរយ ដែលជាកំណើនខ្ពស់ពុំធ្លាប់មាន។ សមិទ្ធផលនេះ បង្ហាញអំពីតួនាទីនៃការចូលរួមចំណែកដ៏សំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដើម្បីកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែលកំពុងមានការអភិវឌ្ឍគួរជាទីមោទន។
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បាននិយាយថា ថ្នាក់ដឹកនាំ និងមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន ក៏ដូចជាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕