អ្នក​សេដ្ឋកិច្ចមាន​សុទិដ្ឋិនិយមថា កម្ពុជា​នឹង​ទទួល​បាន​ផល​​វិជ្ជមាន​ពី​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​បដិការ​រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន របស់​សហរដ្ឋអាមេរិក នា​ថ្ងៃទី១៤-១៥ ខែ​ឧសភា ឆ្នាំ២០២៥ ខាង​មុខ។

នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា​ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញ​​​សេចក្ដីប្រកាសព័ត៌មានមួយ​ដោយ​​លើក​ឡើង​​ថា នាព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) លោក ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និងវិនិយោគទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក បានជួបប្រជុំទ្វេភាគី​តាមប្រព័ន្ធវីដេអូជាមួយនឹង​​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែល​ដឹកនាំដោយ លោកស្រី Sarah Ellerman អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា៖​«​រាជរដ្ឋាភិបាលដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹង​បន្ត​ធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត»។

អ្នក​សេដ្ឋកិច្ច និង​ជា​អនុប្រធានសភាពាណិជ្ជកម្ពុជា-ចិន លោក ឡោ វិចិត្រ ជឿជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាកំពុង​បង្ហាញ​ពី​​ឆន្ទៈ​ក្នុងការ​​សម្របសម្រួលពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការបង្កើនកិច្ចខិតខំ​​​​ទិញ​ទំនិញពីអាមេរិក​ឱ្យបាន​កាន់​តែ​ច្រើន ក៏​ដូច​ជា​ការ​សន្យា​កាត់បន្ថយ​​អត្រាពន្ធគយ​​ក្នុងអត្រាណាមួយ​តាមលទ្ធភាពរបស់​រដ្ឋាភិបាល​។​ លោកបន្ថែមថា បើការ​ចរចារវាងកម្ពុជា និងសហរដ្ឋ​អាមេរិក​ ទទួលបាន​លទ្ធផល​ជាវិជ្ជមាន គឺ​ប្រាកដ​ណាស់​ថា​ទំនិញផលិតនៅកម្ពុជានឹងកាន់តែមានទីផ្សារ​ធំទូលាយនៅ​សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ជាពិសេស​ផលិតផលសម្លៀក​បំពាក់ ស្បែកជើង កាបូបធ្វើ​ដំណើរ កង់ សំបកកង់​រថយន្ត និងផលិតផលកសិកម្មមួយចំនួន​ទៀត។

​លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២ ខែ​ឧសភា ​ថា៖«​ដោយសារ​​កម្ពុជា​មានតម្លៃពលកម្មប្រកួតប្រជែងខ្លាំង ដូច្នេះ​ប្រសិន​បើ​អាមេរិក​បន្ធូរបន្ថយពន្ធនាំចូល​សម្រាប់​ផលិតផលរបស់​យើង គឺ​នឹងមាន​ទំនិញ​កាន់​តែ​ច្រើន​​រត់​​ចូលទីផ្សារ​អាមេរិក​​។ ទោះ​យ៉ាង​ណា កម្ពុជា​ក៏​មាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើត​ការ​បញ្ជា​ទិញ​ទំនិញ​ផលិត​នៅ​អាមេរិក​ផងដែរ​»។

លោកបន្តថា​៖​«ជារួមដើម្បី​ឱ្យការចរចាទទួលបានផ្លែផ្កា ​គឺកម្ពុជា​ត្រូវ​តែមានលក្ខខណ្ឌ​ដោះដូរ​ ដូច​ជា ការប្តេជ្ញា​នាំចូលទំនិញ​ពីអាមេរិក​ឱ្យ​កាន់​តែ​ច្រើន​ពី​ចំនួន​ជិត ៣០០​លាន​ដុល្លារ​ក្នុង​ ១ឆ្នាំ​​ទៅ​ជាង ១ ពាន់​លាន​ដុល្លារ​នា​ពេល​ខាងមុខ។ មួយវិញទៀត រដ្ឋាភិបាល​កម្ពុជា​ក៏អាចសិក្សាលើលទ្ធភាព​ទម្លាក់ពន្ធគយនាំ​ទំនិញ​​ពី​អាមេរិកដល់​សូន្យ​តែម្តង​ ដើម្បី​ឱ្យ​កិច្ចចរចានេះកាន់​តែមាន​ភាព​ទាក់ទាញ​ជូនទៅសហរដ្ឋអាមេរិក​»។​

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុង​ឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយ​​ក្នុងនោះ​កម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤,១៤ លានដុល្លារ។

រដ្ឋបាល​សហរដ្ឋ​អាមេរិក​ដែល​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​ Donald J. Trump កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា(ម៉ោង​នៅ​សហរដ្ឋអាមេរិក) បាន​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​គយ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​ស្ទើ​រគ្រប់​ប្រទេស​​​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៥ ត​ទៅ។ ទោះយ៉ាង​ណា​នៅ​ពេល​កាល​បរិច្ឆេទចូល​មក​ដល់ លោក​ Donald J. Trump ក៏​បាន​សម្រេច​​ពន្យារ​ពេល​ចំនួន ៩០​ថ្ងៃ​ ដើម្បី​បើក​ឱកាស​ឱ្យ​ប្រទេស​នីមួយៗ​​​ជួប​ចរចា​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​

កម្ពុជា​​ត្រូវ​បាន​សហរដ្ឋអាមេរិក ​​កំណត់​យក​ពន្ធ​​ទំនិញ​ក្នុង​អត្រា ៤៩​ភាគរយ​ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​អាស៊ាន​​។ ការ​កំណត់​អត្រា​ពន្ធ​ថ្មី​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ចំនួន​ទឹក​ប្រាក់​នៃ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-​សហរដ្ឋអាមេរិក ​ក្នុង​ឆ្នាំ ​២០២៤។

កាល​ពី​រាត្រី​​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏​ធ្លាប់​បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួល​ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ​ឯក​អគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ផងដែរ៕​