សមត្ថភាព​នៃ​ការ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​បាន​កើន​ដល់​ប្រមាណ ១១លាន​តោន​​ក្នុង ១​ឆ្នាំ បន្ទាប់​ពី​រោងចក្រផលិត​ស៊ីម៉ងត៍ទី​ ៦ នៅ​កម្ពុជា​ ដែលវិនិយោគ​ដោយ​​ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន​(ភ្នំពេញ) ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ២៥០​លាន​ដុល្លារ​​ប្រកាស​បើកដំណើរការជាផ្លូវ​នា​​​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២៥ នេះ។

រោង​ចក្រ​នេះ​​មាន​ទីតាំង​ស្ថិត​នៅ​​ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយ​មានសមត្ថភាពផលិតកម្មស៊ីម៉ងត៍បាន​ ២,២ លានតោនក្នុង ១ ឆ្នាំ និងអាច​បង្កើតការងារ​ដោយ​ផ្ទាល់ និងប្រយោលជាង ១០០០ កន្លែង។ រោងចក្រ​នេះ ​គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​​រវាង​វិនិយោ​គិនក្នុង​ស្រុក និង​វិនិយោគិនចិន ដើម្បី​ឆ្លើយតបនឹងកំណើន​តម្រូវការ​ប្រចាំ​ថ្ងៃទៅ​លើ​ការ​សាងសង់​​​លំនៅឋាន អគារ​ពាណិជ្ជកម្ម ការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​​។ កាល​ពី​ជាង ១ ទសវត្សមុន កម្ពុជា​បាន​នាំ​ចូល​ស៊ីម៉ងត៍​​​​ស្ទើ​រទាំង​ស្រុងពី​ប្រទេស​ជិត​ខាង ​ដូច​ជា ​​ថៃ វៀតណាម និង​ចិន​ ជាដើម។​​​

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​​​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) Conch បាន​សម្តែង​ក្តី​រីករាយ និង​មោទនភាព​​ចំពោះ​ការ​សម្រេចបាន​នូវរោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា​ដែល​ជា​​វិនិយោគរួមគ្នារវាងក្រុមហ៊ុន ខនស៍ អ៊ិនធឺណេសូណល ហូលឌិង និង​ហ៊ុន ខនស៍ ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយ​នឹង​ទុនសរុប ២៥០លានដុល្លារ។

ជា​មួយ​គ្នា​នេះ​លោកក៏​បាន​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ទាំង​អស់​ឱ្យ​ខិត​ខំ​​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដោយ​លោក​លើក​ឡើង​ថា ការ​វិនិយោគលើ​​រោងចក្រ​/​សហគ្រាស​ផលិត​​ក្នុង​ស្រុក​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដែល​នេះ​ជាសញ្ញានៃ​ការ​ជំរុញ​​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន។ លោក​បន្ត​ថា រដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហ​ប្រតិ​បត្តិការជានិច្ចចំពោះរាល់​គម្រោងវិនិយោគ ជាពិសេសគម្រោងវិនិយោគ​ដែលជួយជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង​ឆ្នាំ​២០៥០។

លោក​បាន​ថ្លែង​ថា៖​«ខ្ញុំសូ​មអំពាវនាវ​ដល់វិនិយោគិន​សូមជ្រើសរើសយកកម្ពុជា​ធ្វើ​ជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជារក្សា​បាននូវភាគលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច»។

បន្ថែម​ពី​លើ​នេះ លោកនាយករដ្ឋមន្ត្រី​ក៏​បាន​ជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសហគមឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា ត្រូវ​ខិតខំស្វែងរកទីផ្សារដើម្បី​ជំរុញ​ការចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន។

អគ្គនាយកក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក លោក លី ឈាងហ្វុង បាន​ឱ្យ​ដឹង​ថា រោងចក្រ​ផលិត​ស៊ីម៉ងត៍ ខនស៍ គ្រុប គឺ​សហគ្រាស​ឧស្សាហកម្មឈានមុខគេមួយ​នៅក្នុង​វិស័យ​ឧស្សាហកម្មសំណង់ ដែល​ប្រកាន់ខ្ជាប់នូវ​ទស្សនៈបង្កើត​ទីកន្លែង​សម្រាប់ការរស់នៅរបស់មនុស្សជាតិ​សម្រាប់ពេលអនាគត និងបានចូលរួមយ៉ាងសកម្មក្នុងការ​ឆ្លើយតបនឹង​គំនិតផ្តួចផ្តើម​ផ្លូវមួយ​ខ្សែក្រវាត់មួយ ​ជួយជំរុញការអភិវឌ្ឍជាតិ និង​អន្តរជាតិ​ប្រកប​ដោយប្រសិទ្ធភាព ​បង្កើត​ខ្សែក្រវាត់​បៃតង ព្រមទាំងពន្លឺ​នៃ​វិស័យ​ឧស្សាហកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍​ អាស៊ីកណ្តាល និង​ជំរុញវិស័យអចលនទ្រព្យ​ ជាដើម​។

លោកនិយាយ​ថា៖​«រោងចក្រផលិតស៊ីម៉ងត៍​ក្រុមហ៊ុន​ ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោង​រោងចក្រ​ខ្នាតធំទី ២ ដែលបានវិនិយោគ និង​សាងសង់​ដោយសហគ្រាស​ ខនស៍ គ្រុប និង​សហគ្រាស ខេធី បាស៊ីហ្វិក គ្រុប ក្នុងប្រទេសកម្ពុជា​។ បន្ទាប់ពីគម្រោង​រោងចក្រ​ស៊ីម៉ងតិ៍ខ្នាតធំទី១ គឺ​គម្រោង​រោងចក្រ​ផលិតស៊ីម៉ងតិ៍ បាត់ដំបង ខនស៍ ស៊ីមេន ដែល​បាន​សម្ពោធដំណើរការផលិតស៊ីម៉ងត៍ កាល​ពី​​ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ​២០១៨​​»។

បើ​យោង​តាម​លោក ឈាងហ្វុង មកទល់ពេលនេះ​ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន បានបណ្តាក់​ទុនប្រមាណ​ ៤៨០លានដុល្លារ​​នៅក្នុងប្រទេសកម្ពុជា​ ដោយ​​បង្កើត​ឱកាសការងារ​ផ្ទាល់​ប្រមាណ​ ១ពាន់កន្លែង​ និងប្រយោលប្រមាណ ៣ ពាន់កន្លែង​។​

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ថ្លែងថា ពាក់ព័ន្ធនឹង​ផលិតផលស៊ីម៉ងត៍​នៅកម្ពុជា​ គឺ​គិតមកទល់ឆ្នាំ២០២៥ នេះ កម្ពុជា​មានរោងចក្រ​ផលិតស៊ីម៉ងត៍ចំនួន ៦ ដែលបានបោះទុនវិនិយោគសរុប​ ១ ១១១ លាន​ដុល្លារ​ និង​ផ្តល់ការងារ​បានប្រហែល ៣ពាន់​កន្លែង​។ រោងចក្រទាំង ៦ សមត្ថភាពផលិត​បាន​ ១១ លាន​តោនក្នុង​១ឆ្នាំ​ ដែលបានប្រែក្លាយកម្ពុជាពី​ប្រទេសនាំចូលស៊ីម៉ងត៍ ១០០ភាគរយ ​ទៅជាប្រទេសដែលមានការផ្គត់ផ្គង់​តម្រូវការស៊ីម៉ងត៍ទាំងស្រុង​ដោយ​ខ្លួនឯង ហើយចាប់ផ្តើមនាំចេញទៅកាន់ប្រទេស​ថៃ ក្នុងបរិមាណ​ ៣ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២៤ ​កន្លងមក​។

អគ្គលេខាធិការ​នៃ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា (CCMA) លោក ពុត ចន្តារិទ្ធ ធ្លាប់​​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ ថា ចាប់​ពី​ចំណុចសូន្យ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ស៊ីម៉ងត៍​ពី​ក្រៅប្រទេស គឺ​នៅ​ចុង​ឆ្នាំ​២០២៤ រោងចក្រ​ផលិតផល​ស៊ីម៉ងត៍​នៅ​កម្ពុជា អាច​មាន​សមត្ថភាព​ផ្គត់​ផ្គង់​ឱ្យ​តម្រូវ​ការ​ក្នុង​ស្រុកបាន​​ប្រហែល ៩០​ភាគ​រយ​នៃ​ត្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំ​ឆ្នាំ​៕