
លោក ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល ក្នុងជំនួបជាមួយលោក Adrian Smith។ CDC
យ៉ាងហោចមានជំនួបពិភាក្សាចំនួន ៦ ត្រូវបានធ្វើឡើងរវាងភាគីកម្ពុជាដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយនឹងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភាអាមេរិក កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគផ្ទាល់នៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល កាលពីសប្តាហ៍មុន បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាមួយភាគីសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៥។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ជាពិសេសការពិភាក្សាពីអត្រាពន្ធនាំចូលទំនិញរវាងប្រទេសទាំង ២ ដែលរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃទី៣ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) បានគ្រោងយកពន្ធពីទំនិញនាំចូលពីកម្ពុជា ក្នុងអត្រា ៤៩ភាគរយ។
បណ្តាញសង្គមផ្លូវការរបស់លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រៅពីកិច្ចប្រជុំជាមួយលោកស្រី Sarah Ellerman ក្រុមការងារតំណាងរដ្ឋាភិបាលកម្ពុជា ក៏បានជួបពិភាក្សាការងារដាច់ដោយឡែក ចំនួន ៦ផ្សេងទៀត ជាមួយថ្នាក់ដឹកនាំនៅសហរដ្ឋអាមេរិក ដែលមានដូចជា លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក, លោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ABC), លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក, លោក Adam Smith សមាជិកសភាសហរដ្ឋអាមេរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពារជាតិរបស់សភា, លោកស្រី Beth Van Duyne សមាជិកសភាសហរដ្ឋអាមេរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរ គឺគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូចនៃរដ្ឋសភាសហរដ្ឋអាមេរិក, និងលោក Adrian Smith សមាជិកសភាសហរដ្ឋអាមេរិក និងជាប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្មនៃគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយរបស់សភាសហរដ្ឋអាមេរិក។
បើតាម Facebook របស់លោក ស៊ុន ចាន់ថុល ខ្លឹមសាររួមនៃជំនួបទាំងអស់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ព្រមទាំងបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹង និងជំរុញការវិនិយោគឯកជនពីសហរដ្ឋអាមេរិកមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
លោក ចាន់ថុល បានលើកឡើងថា៖«កម្ពុជាជាប្រទេសមួយដែលមានភាពអំណោយផលច្រើនសម្រាប់ការមកបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗពីសហរដ្ឋអាមេរិក ដោយកម្ពុជាមានកត្តាអំណោយផលមួយចំនួនដូចជា សម្បូរកម្លាំងពលកម្មវ័យក្មេង មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន ជាដើម»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ (Hong Vanak)បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២១ ខែឧសភាថា ជំនួបពិភាក្សាទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ដើម្បីបង្ហាញទៅដល់មន្ត្រី និងវិនិយោគិនអាមេរិកអំពីសក្តានុពលដែលអ្នកវិនិយោគនឹងអាចទទួលបានពីការបណ្តាក់ទុនផ្ទាល់ ឬធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បើទោះបីកាលពីពេលថ្មីៗនេះរដ្ឋាភិបាលអាមេរិកបានប្រកាសពីផែនការដំឡើងពន្ធគយចំពោះទំនិញនាំចូលពីប្រទេសជាច្រើន រួមទាំងកម្ពុជា។
លោកបន្តថា បច្ចុប្បន្នអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជាដែលភាគច្រើន ជាផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង កង់ និងសំបកកង់រថយន្ត ជាដើម។
លោកបានថ្លែងថា៖«ការផ្សព្វផ្សាយដោយផ្ទាល់បែបនេះ នឹងនាំមកនូវផលវិជ្ជមានច្រើនសម្រាប់កម្ពុជា ខណៈនៅកម្ពុជាក៏មានវិនិយោគិនអាមេរិកមួយចំនួនកំពុងបណ្តាក់ទុនផងដែរ»។ លោកបន្តថា៖«ប្រសិនបើការចរចាផ្នែកពន្ធគយរវាងរដ្ឋាភិបាលទាំង២ ទទួលបានលទ្ធផលល្អ គឺនឹងមានវិនិយោគិនអាមេរិកកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុងឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ ចំណែកអាមេរិកនាំចូលកម្ពុជាវិញ ២៦៤,១៤ លានដុល្លារ។ ដោយឡែកសម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២៥ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៣,៣ពាន់លានដុល្លារ កើនឡើង ២២,៦ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំទំនិញទៅអាមេរិក ៣,២ពាន់លានដុល្លារ កើនឡើង ២២,៣ភាគរយ និងអាមេរិកនាំមកវិញ ៩៧,៨២លានដុល្លារ កើន ៣៤,៨ភាគរយ៕