
អគារការិយាល័យកណ្តាលរបស់ធនាគារអេស៊ីលីដា។ បច្ចុប្បន្នធនាគារអេស៊ីលីដា ក៏កំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសឡាវ ផងដែរ។ ភ្នំពេញប៉ុស្តិ៍
អ្នកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនឡាវ និងហ្វីលីពីននៅកម្ពុជា នឹងកើនឡើងបន្ថែមទៀត ខណៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(Double Taxation Agreement-DTA) រវាងប្រទេសទាំង ២ ជាមួយកម្ពុជានឹងចូលជាធរមាននៅពេលខាងមុខ។
បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ១១ ក្នុងនោះរួមមាន ប្រទេសថៃ និងសិង្ហបុរី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨, ប្រទេសចិន និងប្រ៊ុយណេ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩, វៀតណាម និងតំបន់រដ្ឋបាលពិសេសហុងកុង ថ្ងៃទី១ ខែមករា ឆ្នាំ២០២០, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ថ្ងៃទី១ ខែមករា ឆ្នាំ២០២១, កូរ៉េខាងត្បូង ថ្ងៃទី១ ខែមករា ឆ្នាំ២០២២, តំបន់រដ្ឋបាលពិសេសម៉ាកាវ និងប្រទេសតួកគី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
ព្រឹត្តិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ(GDT) ចេញផ្សាយក្នុងថ្ងៃទី២២ ខែឧសភា ឱ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)ចំនួន ២ ដែលរួមមាន កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន ត្រូវបានចុះហត្ថលេខារួចរាល់ហើយ ដោយពេលនេះកំពុងបន្តរៀបចំនីតិវិធីក្នុងការដាក់កិច្ចព្រមព្រៀងឱ្យចូលជាធរមាន និងចាប់ផ្តើមអនុវត្ត។
GDT បញ្ជាក់ថា៖«កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA) មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះក៏ជួយផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើនមានជាអាទិ៍ ផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន ទប់ស្កាត់ ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម»៕
GDT បានឱ្យដឹងទៀតថា បន្ថែមលើកិច្ចព្រមព្រៀងទាំង ២ ខាងលើ រដ្ឋាភិបាលកម្ពុជា-មីយ៉ាន់ម៉ា ក៏បានបញ្ចប់កិច្ចចរចាកម្រិតបច្ចេកទេស និង DTA រវាងកម្ពុជាជាមួយរដ្ឋបាលសារពើពន្ធចំនួន ៦ ផ្សេងទៀតក៏កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា ផងដែរដែលរួមមាន អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក បារាំង កាតា និងអាស៊ែបៃហ្សង់។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២២ ខែឧសភា ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA)ត្រូវបានធ្វើឡើងជាលក្ខណៈទ្វេភាគីរវាងរដ្ឋាភិបាល ឬរដ្ឋបាលនៃប្រទេស/តំបន់ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ផលវិជ្ជមានច្រើនទៅដល់វិនិយោគិននៃប្រទេស/តំបន់ដែលមាន DTA ជាមួយគ្នា។ DTA អាចធ្វើឱ្យរដ្ឋាភិបាលធ្លាក់ចុះចំណូលពន្ធខ្លះ ប៉ុន្តែវានឹងជំនួសមកវិញតាមរយៈការលើកទឹកចិត្តអ្នកវិនិយោគនៃប្រទេសទាំង ២ ឱ្យទៅបណ្តាក់ទុនគ្នាទៅវិញទៅមក។
លោកអះអាងថា៖«កិច្ចព្រមព្រៀង DTA វាអាចធ្វើឱ្យរដ្ឋាភិបាលបាត់ចំណូលមួយចំនួនពីវិនិយោគិនមកពីប្រទេសដែលមាន DTA ជាមួយគ្នា ប៉ុន្តែវានឹងជំនួសមកវិញ តាមរយៈការបង្កើនសក្តានុពលទាក់ទាញវិនិយោគិនពីប្រទេសដែលមាន DTA ជាមួយគ្នាឱ្យចូលមកវិនិយោគផ្ទាល់ក្នុងប្រទេសកាន់តែច្រើន។ បន្ថែមលើនេះ គឺវាក៏អាចជួយធ្វើឱ្យថ្លៃដើមទំនិញទាបជាងមុនផងដែរ ខណៈថ្លៃដើមទាប នឹងជួយឱ្យការនាំចេញទំនិញទៅទីផ្សារអន្តរជាតិបានកាន់តែច្រើន»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងស្តីការចៀសវាងការយកពន្ធត្រួតគ្នានេះ គឺជាការបែងចែកសិទ្ធិក្នុងការយកពន្ធរវាងគូភាគី នៃយុត្តាធិការជាហត្ថលេខី ដែលម្ខាងអាចកម្រិតផ្នែកខ្លះនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុកស្ដីពីពន្ធដារ ហើយនៅក្នុងដំណាក់កាលនៃការអនុវត្តដំបូងអាចមានផលប៉ះពាល់ផ្ទាល់ដល់ចំណូលពន្ធរបស់ប្រទេស ដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុកដែលត្រូវអនុវត្តចំពោះអ្នកជាប់ពន្ធអនិវាសនជន និងការបែងចែកសិទ្ធិយកពន្ធលើប្រភេទប្រាក់ចំណូលមួយចំនួនឱ្យប្រទេសនិវាសនដ្ឋាន។
ទោះយ៉ាងណា លោកបញ្ជាក់ថា៖«កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដល់យុត្តាធិការជាហត្ថលេខី ដូចជា ការទាក់ទាញនិងជំរុញវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិដោយសារការផ្តល់នូវភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ, កំណើន មូលដ្ឋានពន្ធ, រំហូរមូលធនដោយសារភាពទាក់ទាញនៃអត្រាពន្ធកាត់ទុកលើការប្រាក់និងភាគលាភ, ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិស្តីពីសេវាបច្ចេកទេសនិងសួយសារ, ការការពារនិវាសនជន ដែលជាវិនិយោគិននៅបរទេស និង ការពង្រីងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេស ការទប់ស្កាត់និងការបង្ក្រាបការគេចពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ»៕