
លោក ហេង សួរ ឡើងថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)។ STPM
គិតត្រឹមខែមេសា ឆ្នាំ២០២៥ ចំនួនរោងចក្រសហគ្រាសនៅកម្ពុជាមានប្រមាណជាង ៤៥ពាន់ ជាមួយនឹងកម្មករនិយោជិតកំពុងបម្រើការជាង ១,៨លាននាក់ ក្នុងនោះជិត ១លាននាក់ស្ថិតក្នុងវិស័យវាយនភណ្ឌ។
នេះបើតាមការអះអាងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសនៃពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) ដែលមានការចូលរួមជាគណៈអធិបតីពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែឧសភា នេះ។
លោក ហេង សួរ បានឱ្យដឹងថា ក្នុងរយៈពេល ២០ខែដំបូងនៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា(ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២២៥)គឺចំនួនរោងចក្រ/សហគ្រាស បានកើនពីចំនួន ៤០ ៣០០ ដល់ចំនួន ៤៥ ៣៨៦ សហគ្រាស ចំណែកកម្មករនិយោជិតបានកើនពី ១,៦៥លាននាក់ដល់ប្រមាណ១,៨៧លាននាក់ និងផ្តល់ប្រាក់ឈ្នួលជូនកម្មករ-និយោជិតជាមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៦ ពាន់លានដុល្លារ។ ក្នុងចំនួនខាងលើ គឺវិស័យកាត់ដេរមានសហគ្រាសសរុប ១ ៦៥៧ និងកម្មករ-និយោជិតប្រមាណ ៩៧ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣ ពាន់លានដុល្លារ។
លោកបន្តថា ដោយឡែកសម្រាប់ខេត្តព្រះសីហនុ បើគិតចាប់ពីឆ្នាំ២០០៨ ដល់ខែមេសា ឆ្នាំ២០២៥ គឺចំនួនរោងចក្រ/សហគ្រាសបានកើនពី ៩៦ ដែលមានកម្មករនិយោជិតសរុបជាង១ ម៉ឺននាក់ ទៅដល់ចំនួន ៣ ៨៣៣ សហគ្រាស ជាមួយនឹងកម្មករបម្រើការប្រមាណ ១២ម៉ឺននាក់ និងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ៣៦០លានដុល្លារ។ បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៥។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាបង្កើតឱកាសការងារជូនប្រជាជន ព្រមទាំងធានាឱ្យបាននូវប្រាក់ចំណូលកាន់តែខ្ពស់។ ការទទួលបានក្រុមហ៊ុនចំនួន ២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) គឺពុំមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាកើតចេញពីការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ លោកបន្តថា ក្នុងរយៈពេល ២ ទសវត្សកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការធ្វើពិពិធកម្ម និងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។
លោកបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាមានគោលជំហរក្នុងការចាប់យកការវិនិយោគមកពីគ្រប់ប្រទេស ដោយដាក់ចេញនូវគោលនយោបាយដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកបណ្តាក់ទុន និងបើកដំណើរការក្រុមហ៊ុននៅក្នុងទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលស្វាគមន៍ និងចាប់យកក្រុមហ៊ុនវិនិយោគទាំងអស់ គឺអាចនិយាយបានថាចាប់យក«ទាំងសាច់គោ និងស្ពៃ»ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន»។
លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ក្នុងការបង្កើតឱកាសការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់តែខ្ពស់។
លោកបញ្ជាក់ថា៖«រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតរោងចក្រសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងរោងចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត។ ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំ ពោលគឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រង»។
ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា លោក Wang Wenbin បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមតែជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃមិត្តភាពរវាងចិន-កម្ពុជាផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសនេះ បានដើរតួនាទីជាស្ពាន និងខ្សែចម្លងយ៉ាងសកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែស៊ីជម្រៅរវាងខេត្តជាំងស៊ូ(ប្រទេសចិន) ជាមួយនឹងខេត្តព្រះសីហនុក្នុងវិស័យសុខាភិបាល ការអប់រំ និងវប្បធម៌ផងដែរ។
លោកលើកឡើងថា៖«នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការរួបរួមគ្នាគឺពិតជាមានភាពចាំបាច់ ហើយគេក៏អាចប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ប្រទេសចិនមានឆន្ទៈក្នុងការរួមសហការជាមួយកម្ពុជា ក៏ដូចជាជំរុញការអនុវត្តយុទ្ធសាស្រ្ត ខ្សែក្រវាត់ និងផ្លូវ»។
ជាមួយគ្នានេះ លោក Wang Wenbin ក៏សន្យានឹងខិតខំលើកទឹកចិត្តវិនិយោគិនចិនឱ្យចូលមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២២ ខែឧសភាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ គឺជាគន្លឹះមួយក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗក៏ជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងពេលវេលាផងដែរ។
លោកបានបញ្ជាក់ថា៖«ការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ កំពុងក្លាយជាចំណុចដ៏សំខាន់ដែលទាក់ទាញចិត្តអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ វិនិយោគិនចិន នឹងចូលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែច្រើននាពេលខាងមុខ»៕