អ្នក​សេដ្ឋកិច្ច​​យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​ស្នងការ​ផ្នែក​ពាណិជ្ជកម្ម​ និង​វិនិយោគិន​​កាណា​ដា​មក​កាន់​ប្រទេស​​កម្ពុជានៅ​​​ចុង​ខែ​ឧសភា​នេះ​ នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់កម្ពុជា​​​ក្នុង​ការប​ង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ក៏​ដូច​ជា​ទាក់​ទាញ​អ្នក​វិនិយោគ​កាណាដាឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​​កាន់តែ​ច្រើន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​ ២៨ ដល់ថ្ងៃទី​៣០ ខែឧសភា​ខាង​មុខនេះ​ លោកស្រី​ Sara Wilshaw ស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា និងជាឧបការីអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រសួងការបរទេសកាណាដា នឹងដឹកនាំគណៈប្រតិភូ​ពាណិជ្ជកម្មកាណាដា ដ៏ធំបំផុតមិនធ្លាប់មានមកកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្ម​ពាណិជ្ជកម្មក្រុមកាណាដា​សម្រាប់ឆ្នាំ ២០២៥ (TCTM) ទៅកាន់ប្រទេសថៃ និងកម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​​ឱ្យ​ដឹង​ទៀត​ថា៖​«​នៅរាជធានីភ្នំពេញ លោកស្រី Wilshaw នឹងមានការចូលរួមដោយតំណាងចំនួន ៩០ នាក់មកពី​ស្ថាប័នកាណាដាជាង ៥០ ដែលស្វែងរកឱកាសពាណិជ្ជកម្ម និងភាពជាដៃគូ​នៅក្នុងសេដ្ឋកិច្ចអាស៊ានដ៏​រស់រវើកនេះ។ បេសកកម្មនេះបំពេញបន្ថែមលើទំនាក់ទំនងទ្វេភាគីដែលកាន់តែស៊ីជម្រៅ បន្ទាប់ពីដំណើរ​ទស្សនកិច្ចផ្សព្វផ្សាយជំរុញការវិនិយោគទៅ​ប្រទេសកាណាដារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែកញ្ញា ឆ្នាំ ២០២៤»។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​បន្ត​ថា ក្នុងនាមជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្រោមយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​យុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្ម TCTM ជួយដល់ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនច្នៃប្រឌិតកាណាដា​ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារយុទ្ធសាស្ត្រនៅកម្រិតសកល គឺ​កាណាដា​នឹង​ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកសាងភាពជាដៃគូ​រយៈពេលវែង ប្រកបដោយបរិយាបន្ន តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្ត​សំខាន់ៗ និងភាគីពាក់ព័ន្ធក្នុងស្រុក។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Sara Wilshaw នឹង​មាន​កម្ម​វិធី​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា ជំនួប​ប្រជុំ​រវាង​លោកស្រី Wilshaw ជាមួយ​​​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC), លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី, លោកស្រី ចម និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​​ក៏​មានជំនួប​ផ្គូរផ្គង​ផ្នែក​ឯកជន B2B រវាង​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង ២ ផងដែរ​។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ថា ដំណើរ​ទស្សនកិច្ច​នេះ​​​នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការទូត ជា​ពិសេស​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កាណាដា-កម្ពុជា និង​កាណាដា-​អាស៊ាន​ឱ្យ​​​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ លោក​បន្ត​ថា កម្ពុជា​ក៏​ត្រូវ​តែ​បង្ហាញ​នូវ​ឆន្ទះ​របស់​ខ្លួនឱ្យ​បាន​ច្បាស់​លាស់​ តាម​រយៈ​ការ​​​លើក​ទឹក​ចិត្ត​ឱ្យ​​កាន់​តែ​ច្រើន ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគកាណាដា​ឱ្យ​​មក​បណ្តាក់​ទុន​ផ្ទាល់​កាន់​តែ​ច្រើន ហើយ​ព្រម​ជាមួយគ្នា​នេះ​ក៏​ធ្វើ​ការ​​​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ឱ្យ​​ច្រើន​ផងដែរ។

លោក​បាន​ថ្លែង​ថា៖​«​ខ្ញុំជឿថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ និង​ធុរជន​កាណាដា​មក​កម្ពុជា​នៅ​ពេលខាង​មុខ​​នេះ ​គឺជា​ការ​​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​​អាស៊ាន​​ ក្នុង​ន័យ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ពិសេស​ក្នុងបរិបទ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ដោយ​សារ​ការគម្រាម​​ដាក់​សម្ពាធ​ពន្ធ​គយ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​»។​

លោក​​បន្ថែម​ថា​ទៀត​៖​«ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ និង​ពង្រឹក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជា​មួយ​ប្រទេស​ដៃគូ​ គឺ​ពិត​ជា​មាន​ភាព​ចាំបាច់​​ណាស់​ក្នុង​ការជំរុញ​កំណើន​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ​»។​​

យោងតាម​ស្ថិតិ​​អាជ្ញាធរប្រទេស​​កាណាដា គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​រវាង​កាណាដា និង​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ បាន​កើន​​​ដល់ ២,៤​ពាន់លាន​ដុល្លារ ដោយ​ប្រទេស​កាណាដា ឈរ​នៅ​លំដាប់​ទី​៤ នៃ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ផលិត​ផល​វាយនភណ្ឌ​របស់​កម្ពុជា​។​ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​កាណាដា​នាំ​មក​កម្ពុជា មាន​តម្លៃសរុប ៣៣,៥ លាន​ដុល្លារ និង​ទំនិញ​កម្ពុជា​នាំ​ចូល​កាណាដា មាន​ចំនួនជាង ២,៣ ពាន់​លាន​ដុល្លារ​។ ជា​មួយ​គ្នា​នេះ ការ​វិនិយោគ​ផ្ទាល់​របស់​កាណាដា​នៅ​កម្ពុជា មាន​ទឹក​ប្រាក់​ប្រមាណ ២,៩ ពាន់​លាន​ដុល្លារ​។​

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​កាណាដា គឺ​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ទំនិញ​កម្ពុជា ដោយ​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​កើន​ឡើង​ស្ទើរ​រាល់​ឆ្នាំ​។ តាម​រយៈ​បរិមាណ​នាំ​ចេញ​​ទំនិញ​ដ៏​ច្រើនពី​កម្ពុជា កន្លង​មក​សភា​ពាណិជ្ជកម្ម​កម្ពុជា ​ក៏​បាន​បើក​ការិយាល័​យ​តំណាង​សភាពាណិជ្ជកម្ម(CCC) នៅ​ក្នុង​ប្រទេស​កាណាដា រួច​ហើយ។

លោក​​ពន្យល់​ថា ​ការិយាល័យ​តំណាង CCC  ​នៅ​​ប្រទេស​កា​ណា​ដា​​ មាន​តួនាទី​ជួយ​ផ្សព្វ​ផ្សាយ​ផលិតផល​កម្ពុជា​ទៅដល់​អតិថិជន​កាណាដា និង​ផ្តល់​ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិនិយោគិន​កាណាដា​ឱ្យមក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​។

លោក​បាននិយាយ​ថា៖ «​យើង​សង្ឃឹម​ថា តាម​រយៈ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កាណាដា នឹង​បន្ត​កើន​ឡើង​ទៀត»។

បើតាម​លោក លឹម ហេង ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា គឺជា​ផលិតផល​សម្លៀក​បំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា​រួមមាន គ្រឿង​អេឡិច​ត្រូនិក រថយន្ត ជាដើម៕​