នៅ​ដើម​ខែ​ក្រោយ​នេះ ការ​ចរចា​ពន្ធ​បដិការ​ ៤៩ភាគរយ​ដែល​អាមេរិក​ដាក់​លើ​ទំនិញ​ពី​កម្ពុជា​នឹង​ធ្វើ​នៅ​ជុំ​ទី​២។ ទោះ​បី​ជា​រដ្ឋបាល​លោក ដូណាល់ ត្រាំ កំណត់​អត្រា​ពន្ធ​នេះ​ដោយ​ផ្អែក​លើ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ក៏​ដោយ បញ្ហា​ដើម​កំណើត​ទំនិញ​ទំនង​​ជា​កត្តា​សម្រេច​ចិត្ត។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក ​កាល​ពី​ថ្ងៃ​ទី១០ ខែឧសភា ​បាន​លើក​ឡើង​ថា ប្រធានបទ​ធំៗ​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​ភាគី​អាមេរិក​គឺ ការ​ពង្រីក​ទំហំ​ទំនិញ​អាមេរិក​នៅ​កម្ពុជា និង​ការ​គ្រប់​គ្រង​ដើម​កំណើត​នៃ​ប្រភព​ទំនិញ​ពី​កម្ពុជា​ ដែល​អាមេរិក​ចោទ​ថា​មាន​ប្រភព​ពី​ប្រទេស​ចិន។

ពាក់​ព័ន្ធ​នឹង​ដើម​កំណើត​ទំនិញ​នេះ លោក ប៉ែន សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ថា ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា ​មាន​តម្លៃ​បន្ថែម​គ្រប់​គ្រាន់​ដែល​អាច​ចាត់​ទុក​ថា​វា​ជា​ទំនិញ​មាន​ប្រភព​ពី​កម្ពុជា ទោះ​បី​ជា​វត្ថុធាតុ​ដើម​ត្រូវ​បាន​យក​ពី​ប្រទេស​ផ្សេង​ក៏​ដោយ។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​កម្ពុជា ក្រោម​ប្រធាន​បទ «សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​នៃ​ពន្ធ​បដិការ​របស់​អាមេរិក» ដែល​រៀបចំ​ឡើង​ដោយ​សារព័ត៌មាន​កម្ពុជាថ្មី នៅ​ថ្ងៃ​ទី២៦ ខែឧសភា​នេះ លោក ប៉ែន សុវិជាតិ ថ្លែង​ថា វិធាន​ដើម​កំណើត​ទំនិញ (rule of origin) មាន​២ ប្រភេទ គឺ​មាន​ wholly obtained ដែល​មាន​​ន័យ​ថា ទំនិញ​ទាំង​អស់​​ផលិត​​​​ដោយ​ប្រើប្រាស់​​វត្ថុ​ធាតុ​ដើម​ទាំង​មូល​នៅ​ក្នុង​ស្រុក។

លោក​បន្ត​ថា ទំនិញ​ខ្លះ​ទៀត ដូចជា​ទំនិញ​ក្នុង​វិស័យ​​ឧស្សាហកម្ម​កាត់​ដេរ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​សព្វ​ថ្ងៃ​នេះ​គឺ​ផលិត​​ក្រោម​វិធាន​ តម្លៃ​បន្ថែម​គ្រប់​គ្រាន់ ឬ​ដំណើរការ​នៃ​ការ​ផលិត​គ្រប់​គ្រាន់​ (sufficient working process) ដែល​វិធាន​នេះ​កំណត់​ថា ​វា​ជា​ទំនិញ​របស់​កម្ពុជា​ដោយសារ​តែ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កម្ពុជា​ ទោះបី​វត្ថុ​ធាតុ​ដើម​នាំចូល​ពី​បរទេស​ក៏​ដោយ។

លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចម និម្មល ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៦ ឧសភា។ Sun Chanthol DPM

លោក​ថា គោលការណ៍​តម្លៃ​បន្ថែម​គ្រប់​គ្រាន់ ​ត្រូវ​បាន​សហភាព​អឺរ៉ុប និង​អង់គ្លេស អនុវត្ត​ចំពោះ​ទំនិញ​ពី​កម្ពុជា​ និង​ស្ថិត​នៅ​ក្រោម​គោលការណ៍​អនុញ្ញាត​ ASEAN cumulation ដែល​ចាត់​ទុក​ទំនិញ​ណា​មួយ​ជា​ទំនិញ​ក្នុង​ស្រុក ប្រសិន​បើ​ទំនិញ​នោះ​ប្រើ​ប្រាស់​វត្ថុធាតុ​ដើម​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ាន ហើយ​ត្រូវ​បាន​ផលិត​​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ពេញ​លេញ។

កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​នាំ​ចូល​បន្ទះ​សូឡា​ពី​កម្ពុជា​ខ្លះ​បាន​លក់​បង្ខូច​ថ្លៃ​នៅ​ទីផ្សារ​អាមេរិក និង​បាន​ទទួល​ការ​ឧបត្ថម្ភធន​ពី​រដ្ឋាភិបាល​ចិន។ សហរដ្ឋ​អាមេរិក​បាន​កំណត់​ដាក់​ពន្ធ​លើ​ក្រុមហ៊ុន​ពី​កម្ពុជា​ខ្លះ​រហូត​ដល់​ជាង ៣៥០០​ភាគរយ។​ គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក​នឹង​សម្រេច​នៅ​ក្នុង​ខែ​មិថុនា​នេះ​អំពី​កម្រិត​ពន្ធ​សូឡា​នេះ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៉ែន សុវិជាតិ​ ថ្លែង​ថា៖ «ខ្ញុំ​ចង់​ជម្រាប​ថា ក្រុមហ៊ុន​ភាគ​ច្រើន​​របស់​ចិន វា​មាន​ភាគហ៊ុន​របស់​រដ្ឋ​ហើយ វា​មិន​មែន​អត់​ទេ។ ប៉ុន្តែ​មិន​មែន​មាន​ភាគហ៊ុន​រដ្ឋ​ បាន​ន័យ​ថា​គេ​ឧបត្ថម្ភ​ធន​ទេ​ គឺ​រក​ស៊ី​​​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ដូច​គ្នា។ ក្រសួង​ពាណិជ្ជកម្ម​ (កម្ពុជា) ក៏​ដូច​គ្នា​ ក្រុហ៊ុន​ Green Trade​ ដែល​រក​ស៊ី​ស្រូវ​អង្ករ​មាន​ហ៊ុន​របស់​រដ្ឋ ប៉ុន្តែ ក៏​រក​ស៊ី​ស្មើ​ដៃ​ជាមួយ​ក្រុមហ៊ុនឯក​ជន​ដែរ មាន​ខាត​មាន​ចំណេញ​ដូច​គ្នា»។

ផល​ប៉ះពាល់​នៃ​ពន្ធ​បដិការ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​សប្ដាហ៍​មុន​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​ចរចា​ពន្ធ​បដិការ​នា​ពេល​ខាង​មុខ​នឹង​ទទួល​បាន​ជោគជ័យ ពោល​គឺ​ពន្ធ​នឹង​ធ្លាក់​ចុះ​ទាប​ជាង​មុន។​

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​វាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) បាន​ពន្យល់​នៅ​​ក្នុង​វេទិកា​សេដ្ឋកិច្ច​កម្ពុជា​ថា ផលិត​ផល​សម្លៀក​បំពាក់​ល្បីៗ​នៅ​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​ទៅ​តាម​កិច្ច​សន្យារ​របស់​ម្ចាស់​ម៉ាក​យីហោរ​ល្បីៗ ដូច​ជា NIKE, Adidas ឬ LEE Y។ ពន្ធ​ ៤៩​ភាគ​រយ​នឹង​ប៉ះពាល់​ទាំង​អ្នក​ផលិត​ អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិក។

លោក​និយាយ​ថា៖ «ជាការ​ពិត​ណាស់ បើ​សិន​អត្រាពន្ធ​នេះ​ត្រូវ​បាន​អនុវត្ត​ វា​ប៉ះពាល់​ទាំង​សង​ខាង ទាំង​យើង​ប្រទេស​អ្នក​ផលិត ​ទាំង​អ្នក​ប្រើ​ប្រាស់​ចុង​ក្រោយ ពីព្រោះ​ពន្ធ យើង​ដឹង​ហើយ​ថា​ វា​ធ្វើ​ឲ្យ​ផលិតផល​នៅ​លើ​ទីផ្សារ​ចុង​ក្រោយ​ឡើង​ថ្លៃ។ បើ​វា​ឡើង​ថ្លៃ វា​ប៉ះពាល់​ដល់​យើង​ក្នុង​នាម​ប្រទេស​ផលិត​ គឺ​វា​លែង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ភាព​ទាក់ទាញ»។

លោក​បន្ត​ថា៖ «បើ​គេ​ថា​នៅ​តែ​ទិញ​ពី​យើង ហើយ​យើង​ចូលរួម​ចំណែក​ខ្លះ​នៅ​ក្នុង​សម្ពាធ​នៃ​អត្រាពន្ធ​ហ្នឹង ក៏​ទំនិញ​នៅ​លើ​ទីផ្សារ​នឹង​នៅ​តែ​ឡើង​ថ្លៃ​ដែរ ហើយ​អ្នក​ដែល​ត្រូវ​ទទួល​បន្ទុក​ចុង​ក្រោយ គឺ​អ្នក​ប្រើ​ប្រាស់​ដែល​ជា​ប្រជា​ពលរដ្ឋ​អាមេរិក​ហ្នឹង​ឯង។ នេះ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ម៉ាក​មិន​អាច​រក​ឃើញ​ប្រទេស​ផលិត​ជំនួស។ ប៉ុន្តែ បើ​គាត់​រក​បាន​ប្រទេស​ផ្សេង​ដែល​ថោក ពេល​នោះ​គាត់​ទៅ​ទៀត​ហើយ»។

នៅ​ពេល​សួរ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​​ពិពិធកម្ម​ទីផ្សារ​ក្រៅ​ពី​អាមេរិក លោក ​កាំង ម៉ូនីកា និយាយ​ថា វា​អាស្រ័យ​ទៅ​លើ​​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ម៉ាក​យីហោ ក្នុង​ការ​សម្លឹង​មើល​ទៅ​លើ​ទីផ្សារ​ណា​ដែល​កំពុង​តែ​រីក​ចម្រើន ឬ​មាន​លទ្ធភាព​​រីក​ចម្រើន​នៅ​ក្នុង​ពេល​ ១ឆ្នាំ​ឬ ២​ឆ្នាំ​តទៅ​ទៀត។

លោក ប៉ែន សុវិជាតិ​ ថ្លែង​ថា ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​អាច​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ជា​លក្ខណៈ​ទ្វេរភាគី ​ពហុភាគី ដូចជា​តាម​រយៈ​ RCEP និង​ការ​ពង្រីក​ទីផ្សារ​ក្នុង​ស្រុក។

ស្រប​ពេល​ដែល​អាមេរិក​កំពុង​សម្លើង​មើល​លើ​ការ​នាំ​ចូល​វត្ថុធាតុ​ដើម​សម្រាប់​ការ​ផលិត​ពី​ចិន វា​ជា​ឱកាស​សម្រាប់​កម្ពុជា ក្នុង​ការ​ពង្រីក​ការ​ផលិត​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក​​ដើម្បី​បំពេញ​តម្រូវ​ការ។ ការ​ប្រើ​ប្រាស់​វត្ថុធាតុ​ដើម្បី​នៅ​ក្នុង​ស្រុក ចំណេញ​ទាំង​កម្ពុជា និង​ធ្វើ​ឲ្យ​ធូរស្រាល​ដល់​សម្ពាធ​ពី​អាមេរិក ​ក៏​ដូចជា​ការ​ពង្រឹង​ដល់​​ប្រព័ន្ធ​អនុលោមភាព​ពាក់​ព័ន្ធ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក លោក កាំង មុនីកា៕