ក្រុមហ៊ុន​​ម៉ាឡេស៊ី​ចំនួន ២ បាន​បង្ហាញបំណង​ក្នុងការ​​ស្វែករកឱកាសវិនិយោគ​​បន្ថែម​នៅកម្ពុជាលើ​​ផ្នែក​បច្ចេកវិទ្យា និង​ឡូជីស្ទីក ខណៈ​ប្រទេស​ទាំង ២ ​បាន​អនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា​(DTA) ជា​មួយតាំង​ពីដើម​​ឆ្នាំ​២០២១។

ម៉ាឡេស៊ី គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១១ ដែល​​​កំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា​(DTA)ជាមួយ​កម្ពុជា ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១។ ប្រទេស​ ១០ ផ្សេង​ទៀត​ដែល​កំពុង​​​​អនុវត្ត DTA ជា​មួយ​កម្ពុជា រួម​មាន​ ប្រទេស​ថៃ, ​សិង្ហបុរី, ​ចិន,​ ប្រ៊ុយណេ, វៀតណាម ​តំបន់​រដ្ឋបាល​ពិសេស​​ហុងកុង, ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង​, តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ និង​ប្រទេស​តួកគី។

បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ឱ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ឧសភា មាន​ជំនួប​មួយ​រវាង​​​លោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad ជា​មួយ​នឹង​​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​​ប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​នានា​ដែល​រៀបចំ​ឡើង​​ក្នុង​ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុង​ជំនួបខាង​លើ លោក Datuk Hanifah Noordin បានលើក​ឡើង​អំពី​​សាវតា​របស់​ក្រុមហ៊ុន​ដែលមានជំនាញលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់​​។ បន្ថែម​ពី​លើ​នេះ ក្រុមហ៊ុន​ក៏​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​មួយ​ចំនួន​នៅ​កម្ពុជាផងដែរ​។​​

លោក​បាន​និយាយ​ថា៖​«​បច្ចុប្បន្ន​ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា»។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបង្ហាញ​ក្តី​រីករាយ​ដែល​បាន​​ជួបពិភាក្សាជា​មួយ​នាយកប្រតិបត្តិក្រុមហ៊ុន និងបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយ​លោក​លើក​ឡើងអំ​ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល​ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីក​នៅ​កម្ពុជា និងការជំរុញការ​អភិវឌ្ឍ​វិស័យនេះ​តាមរយៈការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ដូចជាការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់ ការកសាង​ព្រលាន​យន្តហោះ​ និងផ្លូវថ្នល់ ជាដើម​។

លោក​លើក​ឡើង​ទៀត​ថា បន្ថែមពី​លើ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​​ដាក់​ចេញ​នូវ​យន្តការលើ​ការ​វិនិយោគ​លើ​តំបន់សេដ្ឋកិច្ចពិសេស ដោយ​បែង​ចែក​ទៅ​តាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ ព្រម​ទាំងបាន​ដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលើវិស័យ​ឡូជីស្ទីក ជាដើម​។

លោក​បាន​ថ្លែង​ថា៖​«​ចំពោះវិស័យឌីជីថល ​គឺ​​កំពុង​ទទួល​បាន​នូវ​ការ​​យកចិត្តទុកដាក់ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ ដោយ​បាន​ចាត់​ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ»។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​​ប្រាប់​ឱ្យ​​ក្រុមហ៊ុនឱ្យ​​បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។​

ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា-ម៉ាឡេស៊ី មាន​ទឹក​ប្រាក់សរុប ៨៦៥,៥២​លាន​ដុល្លារ កើន​ឡើង ៣៦,៩​ភាគរយ​បើ​ធៀប​នឹងឆ្នាំ​២០២៣ ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ទំនិញ​ទៅ​ម៉ាឡេស៊ី មាន​ទឹក​ប្រាក់ ១៤៧,៣៩លាន​ដុល្លារ កើន​ឡើង ៤​០,៣​ភាគរយ ចំណែក​ម៉ាឡេស៊ី​នាំចូល ៧១៨,១៣​លាន​ដុល្លារ កើន ៣៦,២​ភាគរយ​។ ដោយ​ឡែក​សម្រាប់​រយៈ​ពេល ៤​ខែ​ដើម​ឆ្នាំ​២០២៥ នេះ គឺ​ពាណិជ្ជកម្ម​សរុប​មាន​ចំនួន ៣៥៣,១៧ លាន​ដុល្លារ កើន ៣៣,៥​ភាគរយធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ដោយ​កម្ពុជា​នាំ​ចេញ ៤៥,៩២លាន​ដុល្លារ កើន​ ៦​ភាគរយ ចំណែក​ម៉ាឡេស៊ី​នាំ​ចូល ៣០៧,២៥​លាន​ដុល្លារ កើន ៣៨,៩​ភាគរយ​។​

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៨ ខែឧសភា​ថា ក្នុងនាម​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែ​ ១ ប្រទេស​ទាំង​ ២ តែងមាន​សកម្មភាព​នាំ​​ចេញ​-​នាំចូល​ទំនិញ​ជាមួយគ្នា​ជាប្រចាំ​ ហើយ​ក៏​មាន​វិនិយោគិន​ម៉ាឡេស៊ី​ជា​ច្រើន​កំពុង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ កត្តា​ទីតាំង​ភូមិសាស្រ្ត ច្បាប់​វិនិយោគ និង​ទីផ្សារ​នាំ​ចេញ​ បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​បរទេស រួម​ទាំង​ម៉ាឡេស៊ី មើល​ឃើញ​ពី​ឱកាស​ក្នុង​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

លោកបាន​ថ្លែង​ថា​៖«ស្ថិរភាពនយោបាយ ​កំណើន​សេដ្ឋកិច្ច និង​ច្បាប់​វិនិយោគ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​​ប្រទេស​មួយ​ដែល​មាន​លក្ខណៈ​អំណោយ​ផល​ខ្លាំង​សម្រាប់​ការ​បណ្តាក់​ទុន​លើ​គ្រប់​វិស័យ​»។

ទាក់​ទង​នឹង​ទំហំពាណិជ្ជកម្ម លោក វណ្ណៈ បាន​អះអាង​ថា តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ និង​ជា​ប្រទេស​ក្នុង​តំបន់​តែ​ ១ គឺ​​ទឹក​ប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ច្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត​៕