រាជរដ្ឋាភិបាលកម្ពុជា​មាន​ការ​ប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្រ្កាបបទល្មើស ព្រម​ទាំង​ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ​ប្រកបដោយតម្លាភាព ជា​ពិសេស​សម្រាប់ការនាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក​។

នេះ​ជា​ការ​​អះអា​ងរបស់ លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​​ជំនួប​ពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

ជាកិច្ច​ចាប់​ផ្តើម​លោក ​អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញ​ការ​​ស្វាគមន៍ចំពោះលោកស្រី Bridgette Walker និងសហការី ព្រម​ទាំង​បាន​​ថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ​​កម្ពុជា ដែលតែងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែល្អប្រសើរ ដែលរួមចំណែកយ៉ាងធំធេងក្នុងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោ​កបាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅក្នុង​ការចាកចេញពីក្រុម​ប្រទេសមានការអភិវឌ្ឍតិចតួចនៅត្រឹម​ឆ្នាំ២០២៩ និងក្លាយ​ជា​ប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០​។

លោក​បញ្ជាក់​​​ថា៖​«​ក្នុងការសម្រេចគោលដៅនេះ​ កម្ពុជាត្រូវការរក្សាឱ្យ​បាននូវ​កំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយកសក្តានុពលនៃមូលធនឯកជនពីអ្នកវិនិយោគ​បរទេស និងដៃគូវិនិយោគឱ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលមួយនេះ។ សហរដ្ឋអាមេរិក ជាដៃគូសហការដ៏ល្អ និងទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា»។

ទាក់​ទង​នឹង​​ករណីអត្រាពន្ធគយបដិការដែល​រដ្ឋាភិបាល​អាមេរិក​គ្រោង​យក​ពី​ទំនិញ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ក្នុង​​​អត្រា​ ៤៩​ភាគរយ​ លោក ​អូន ព័ន្ធមុនីរ័ត្ន បាននិយាយ​​ថា កម្ពុជា​បានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដូចជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមាន​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន និងបានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកអំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) ជុំទី២នៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ។

លោក​បាន​ថ្លែង​ថា៖​«​​រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្រ្កាបបទល្មើស និង​ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកប​ដោយតម្លាភាពសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។

លោក​ប្រាប់​ទៀត​ថា ជាក់ស្តែង​ រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែង​បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង​ប្រកាសរបស់ក្រសួង​ពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់​ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីជំរុញទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតជាដើម ។

ជាការ​ឆ្លើយ​តប លោកស្រី Bridgette Walker បានសម្តែងការ​សាទរចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្ន​ងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន​។ ជាមួយគ្នានេះ​​លោកស្រី​ក៏បានចែករំលែកនូវការ​ព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែតដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់៕​