ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី​(Asian Infrastructure Investment Bank-AIIB) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន និង​មានជំនឿ​ថា​សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត​​។

ចំណាប់​អាម្មណ៍​នេះ​ត្រូវ​បាន​​លើក​ឡើងដោយ លោក Jin Liqun ប្រធានធនាគារ AIIB ក្នុង​ឱកាស​នៃ​ជំនួប​​ពិភាក្សាការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់​ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

នៅ​ក្នុង​ជំនួប​នេះ​ លោក Jin Liqun បានសម្តែង​ការ​កោតសរសើរ​ចំពោះ​ភាព​ការ​រីក​ចម្រើន​​​ដ៏​ឆាប់​រហ័ស​របស់​​កម្ពុជា និង​មាន​ជំនឿយ៉ាងមុតមាំថា​សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត។ ដើម្បី​ចូល​រួម​ចំណែក​ជំរុញ​​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​ AIIB ក៏​កំពុង​​​ចាប់​​អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការនៅ​កម្ពុជាលើវិស័យសក្ដានុពលមួយចំនួន​ដូច​ជា វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជា​ដើម​។

លោកបាន​ថ្លែង​ថា៖​«​​ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា​លើវិស័យទាំងនេះ​ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព»។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយដែលបានជួបថ្នាក់​ដឹកនាំធនាគារ AIIB ជាថ្មីម្តងទៀត និងបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ថ្នាក់​ដឹកនាំ​ធនាគារ AIIB ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា រាជរដ្ឋាភិបាលកម្ពុជាតែទទួលស្វាគមន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូទាំងអស់ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ជា​ពិសេស​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

លោក​បាន​ថ្លែង​​ថា៖​«​គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺការបន្តកសាងសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន ក៏ដូចជាការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិមួយ​​ប្រកបដោយភាពធន់​, បរិយាបន្ន​ និងចីរភាព»។

លោក​បាន​បន្ថែម​ថា៖​«​ខ្ញុំសូម​​លើកទឹកចិត្តឱ្យធនាគារ AIIB បន្តធ្វើការកាន់តែជិតស្និទ្ធ និងពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកឱកាសជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែស៊ីជម្រៅរវាង AIIB និងកម្ពុជា»៕