
ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភ្នំពេញប៉ុស្តិ៍
រាជរដ្ឋាភិបាលកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបជិត ៧៩ លានដុល្លារអាមេរិក (សមមូលនឹង ៥៩,១១លានអេសដេអ៊ែរ) ដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពនានា ដែលធ្វើឱ្យបំណុលសរុបរបស់កម្ពុជា កើនដល់ជាង ១២ពាន់លានដុល្លារ។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bulletin) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយក្នុងថ្ងៃទី៣០ ខែឧសភា នេះបង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបមានចំនួន ៧៨,៨១ លានដុល្លារអាមេរិក សមមូលនឹង ៥៩,១១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣ភាគរយនៃពិដានដែលច្បាប់អនុញ្ញាត (២ ០០០ លានអេសដេអ៊ែ) ក្នុងក្រមខណ្ឌពហុភាគី ១០០ភាគរយ។ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គឺមានការថយចុះប្រមាណ ៤៤ភាគរយ។
ឯកសារបានបញ្ជាក់ថា៖«ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥០ភាគរយ។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»។
បើយោងតាមព្រឹត្តិបត្រខាងលើ គឺគិតត្រឹមដំណាច់ត្រីមាសទី១ ដោយបូកសរុបទាំងបំណុលមរតក គឺកម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១២,១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩ភាគរយ ត្រូវនឹងប្រមាណជាង ១២,០៦ ពាន់លានដុល្លារអាមេរិកជាបំណុលសាធារណៈក្រៅប្រទេស (ក្របខណ្ឌទ្វេភាគីប្រមាណ ៦១ភាគរយ និងក្របខណ្ឌពហុភាគីប្រមាណ ៣៩ភាគរយ) និង ១ភាគរយត្រូវប្រមាណជាង ១១៨,៣៣លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន៖ ៤៨ភាគរយ ជាដុល្លារអាមេរិក, ១៨ភាគរយជាអេសដេអ៊ែ, ១១ភាគរយ ជាយេនជប៉ុន, ១០ភាគរយ ជាយ័នចិន, ៨ភាគរយ ជាអឺរ៉ូ, និង ៥ភាគរយទៀតជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
ក្រៅពីការចុះកិច្ចព្រមព្រៀងឥណទាន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានទូទាត់សេវាបំណុលសរុបបានចំនួន ២៣៧,៨៤ លានដុល្លារអាមេរិក ដែលរួមមាន ក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណជាង ២១០,១៨លានដុល្លារអាមេរិក (ក្នុងនោះប្រាក់ដើម ១៦៨,៥៤ លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗជាង ៤១,៦៤លានដុល្លារអាមេរិក) និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ២៧,៦៦ លានដុល្លារអាមេរិក (ក្នុងនោះប្រាក់ដើម ២៥,៨២ លានដុល្លារអាមេរិក និងការប្រាក់ ១,៨៤លានដុល្លារអាមេរិក)។
ឯកសារបានអះអាងថា៖«បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ៣១ភាគរយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងឯកសារខាងលើបានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍ ១.ក្របខ័ណ្ឌគតិយុត្ត, ២.គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣.សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤.ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។
ច្បាប់ថវិកាបានបង្ហាញថា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ រាជរដ្ឋាភិបាលអាចខ្ចីប្រាក់ពីគេក្នុងកម្រិត ២ ០០០ ០០០ ០០O SDR(ពីរប៊ីលានអេសដេអ៊ែ)។ ការខ្ចីប្រាក់ពីគេដែលត្រូវចុះកិច្ចសន្យាក្នុងកម្រិតខាងលើ ត្រូវមានលក្ខណៈជាការខ្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ៕