
លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Saite Holding Co. Ltd ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ STPM
ក្រុមហ៊ុនមកពីប្រទេសចិន Beijing Scitech Holdings Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះឱកាសវិនិយោគលើការចម្រាញ់ប្រេងឆៅ និងការផលិតផលិតផលផ្សេងៗដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅនៅក្នុងប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសនៃជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព កាលពីថ្ងៃទី៥ ខែឧសភា លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បានលើកសរសើរពីការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ខណៈលោកសង្កេតឃើញកម្ពុជាតែងមានការផ្លាស់ប្តូរជាវិជ្ជមានជានិច្ចនៅរាល់ពេលរូបលោកធ្វើដំណើរមកប្រទេសកម្ពុជាម្តងៗ។
លោកបានបន្ថែមថា ក្នុងនាមជាវិនិយោគិនចិន លោកពិតជារីករាយដែលបានឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសចិន-កម្ពុជាកាន់តែរឹងមាំ និងរីកលូតលាស់ជាបន្តបន្ទាប់។
លោកនិយាយថា៖«ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្ញុំពិតជាមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ»។
លោកអះអាងទៀតថា ការវិនិយោគនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជាផងដែរ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«កម្ពុជាតែងស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានាដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា»។
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានរំលេចឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ និងពិចារណាក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។
លោកបានថ្លែងថា៖«ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅតំបន់ និងសកលលោក»។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៦ ខែឧសភាថា កម្ពុជា និងចិនជាប្រទេសក្នុងតំបន់តែមួយ និងមានទំនាក់ទំនងល្អជាបងប្អូន ដូច្នេះចំនួនវិនិយោគិនចិនដែលចូលមកវិនិយោគនៅកម្ពុជាគឺបានកើនឡើងជាបន្តបន្ទាប់ពី ១ ឆ្នាំទៅ ១ឆ្នាំ ។
មានកត្តាជាច្រើនដែលលើកទឹកចិត្តឱ្យវិនិយោគិនចិនចូលមកបណ្តាក់ទុននៅកម្ពុជា ដែលមានដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត ស្ថិរភាពនយោបាយ ច្បាប់វិនិយោគអំណោយផល សម្បូរកម្លាំងពលកម្មជំនាញនិងតម្លៃសមរម្យ និងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរផងដែរ។
លោកបន្តថា ក្រៅពីអ្វីដែលបានលើកឡើងខាងលើ រដ្ឋាភិបាលកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដែលធ្វើឱ្យទំនិញកម្ពុជាមានទីផ្សារនាំចេញកាន់តែច្រើន និងទទួលបានលខ្ខខណ្ឌពិសេសផ្នែកពន្ធនាំចូលទៀតផង។
លោកបាននិយាយថា៖«សក្តានុពលនៃទីតាំងភូមិសាស្រ្ត ព្រមទាំងកត្តាទីផ្សារនាំចេញផលិតផលទៅលក់នៅទីផ្សារអន្តរជាតិ គឺពិតជាជួយទាក់ទាញឱ្យវិនិយោគិនចិនចូលមកបើកអាជីវកម្មនៅកម្ពុជាកាន់តែច្រើន»។
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី កាលពីចុងឆ្នាំ២០២៤ បាននិយាយថា ទំនាក់ទំនងរវាងកម្ពុជា និងចិនបានឈានដល់កម្រិតខ្ពស់បំផុត ហើយភាគីទាំងពីរក៏កំពុងខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ, ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។
លោក វុទ្ធី និយាយថា៖«រំហូរគម្រោងវិនិយោគផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើងជាលំដាប់ក្នុងឆ្នាំខាងមុខ»៕