
កម្មករលីអង្ករនៅរោងចក្រកែច្នៃអង្កររបស់ក្រុមហ៊ុន ខ្មែរហ្វូត ដែលជាក្រុមហ៊ុននាំចេញអង្ករមួយរបស់កម្ពុជា។ សហការី
ផលិតកម្មស្រូវ-អង្ករ បាននាំថវិកាចូលសេដ្ឋកិច្ចជាតិជាង ៩៣២លានដុល្លារនារយៈពេល ៤ខែដើមឆ្នាំ២០២៥ កើនឡើងជិត ៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវមានទឹកប្រាក់ជាង ៧២៣លាន និងអង្ករជិត ២១០លានដុល្លារ។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា(CRF)។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ កម្ពុជារកចំណូលពីការនាំចេញស្រូវ-អង្ករ បានទឹកប្រាក់សរុប ៩៣២,២៧ លានដុល្លារ កើនឡើង ៧,៩៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមាន ៨៦៣,៦១ លានដុល្លារ។
យោងតាម CRF សម្រាប់រយៈពេល ៤ខែដើមឆ្នាំ ២០២៥ ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន ៤៨ និងទៅកាន់គោលដៅចំនួន ៥៩ ដោយសម្រេចបានក្នុងបរិមាណ ២៨២ ៣១៥ តោន កើនឡើង ១៣,៦១ភាគរយបើធៀបនឹងរយៈពេល ៤ ខែឆ្នាំ ២០២៤ ដែលមានចំនួន ២៤៨ ៤៩១ តោន។ គោលដៅនាំចេញទាំង ៥៩ នោះ គឺប្រទេសក្នុងតំបន់អឺរ៉ុបចំនួន ១៣,៤ម៉ឺនតោន, ប្រទេសចិន និងហុងកុង ជាង ៧ម៉ឺនតោន, ប្រទេសក្នុងអាស៊ានជាង ៤ ម៉ឺនតោន និងទៅកាន់គោលដៅ ២៦ ប្រទេសផ្សេងទៀតដូចជា អាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៣,៧ម៉ឺនតោន។
ដោយឡែកសម្រាប់ការនាំចេញស្រូវ គឺសម្រេចបានក្នុងបរិមាណ ៣ ០៣១ ៤៣១តោន កើនឡើង ២៥,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសទទួលទិញស្រូវពីកម្ពុជាភាគច្រើនគឺជាប្រទេសវៀតណាម និងថៃ ដែលនៅទីនោះមានឃ្លាំងស្តុក ទុនបង្វិល និងម៉ាស៊ីនកិនស្រូវច្រើន។
អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បាននិយាយថា ស្ថានភាពនាំចេញអង្ករទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ គឺមានភាពល្អប្រសើរបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញការបញ្ចេញថវិកាដើម្បីបង្កើនលទ្ធភាពឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាចទិញស្រូវស្តុកបានច្រើនជាងមុន។
បើតាម CRF ចំពោះប្រភេទអង្ករដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិ នាដើមឆ្នាំ២០២៥ នេះ គឺអង្ករក្រអូប មានបរិមាណ ៧៧,៩៤ភាគរយ, អង្ករសគ្រាប់វែង ១៧,១៥ភាគរយ, អង្ករចំហ៊ុយ ២,៤៧ភាគរយ, អង្ករសរីរាង្គ ១,៩៥ភាគរយ និងអង្ករផ្សេងៗចំនួន ០,៤៩ភាគរយ៕