
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម បានចូលរួមវិភាគទានសប្បុរសធម៌ 100,000 ដុល្លារអាមេរិក ជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 162 ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2025។
ការរួមចំណែកនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្របេសកម្មកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់កិច្ចការសង្គ្រោះពេលមានគ្រោះមហន្តរាយ ការងារសុខាភិបាល និងសេវាសុខុមាលភាពសង្គម ទូទាំងប្រទេស។ មិនថាគ្រោះមហន្តរាយប្រភេទណា នៅតំបន់ដាច់ស្រយ៉ាលប៉ុណ្ណា កាកបាទក្រហមកម្ពុជា តែងតែស្វះស្វែងឆ្លើយតបជូនប្រជាពលរដ្ឋ ដែលត្រូវការបំផុត។
ពិធីប្រគល់ថវិការសប្បុរសធម៌នេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងនាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់ និងគណៈគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរូបទៀត នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
លោកស្រី ធាម រមណីយ មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយស ដែលបានរួមចំណែកគាំទ្រដល់កិច្ចការរបស់កាកបាទក្រហម ដែលបន្តផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋកម្ពុជាជាច្រើន។ បេសកម្មដែលគួរឲ្យកោតសរសើរទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីមនុស្សធម៌ និងការខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលើកកម្ពស់សុខភាព។”

លោកស្រីក៏បានបន្ថែមថា “នៅធនាគារ ABA យើងខ្ញុំជឿជាក់ទៅលើការរួបរួមនៃសហគមន៍ ហើយយើងខ្ញុំនឹងបន្តគាំទ្រកាកបាទក្រហមកម្ពុជា ក្នុងការបង្កើនលទ្ធផលវិជ្ជមានតាមរយៈការផ្តួចផ្តើមកិច្ចការសប្បុរសធម៌នានា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់កាកបាទក្រហមកម្ពុជា និងក្រុមការងារជួរមុខ ក្នុងការលើកកម្ពស់ភាពធន់ក្នុងប្រទេស។”

បង្កើតឡើងក្នុងឆ្នាំ 1955 កាកបាទក្រហមកម្ពុជា បានក្លាយជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា។ ក្នុងនាមជាដៃគូសហការយូរអង្វែងរបស់កាកបាទក្រហមកម្ពុជា ABA តែងតែគាំទ្រសេវាសង្គ្រោះក្នុងពេលមហន្តរាយ កិច្ចការសុខាភិបាល និងសុខុមាលភាពសង្គម តាំងពីឆ្នាំ 2005។

ជាក់ស្តែង កម្មវិធីរួមគ្នារវាងធនាគារ ABA និងកាកបាទក្រហមកម្ពុជា កន្លងទៅនេះ ប្រព្រឹត្តទៅកាលពីអំឡុងខែតុលា ឆ្នាំ 2024 ដែលក្រុមការងារ ABA និងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ បានចូលរួមប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួន 55 គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។