គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគជាង ៨០០​​លានដុល្លារ ​​ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) អនុម័ត​​ក្នុងខែឧសភា ឆ្នាំ២០២៥ ដែល​ធ្វើ​ឱ្យ​គម្រោង​វិ​និយោគ​​​​បាន​អនុម័ត​ក្នុង​រយៈ​ពេល ៥ ខែ​ដើម​ឆ្នាំ២០២៥ កើន​ដល់​ជិត ៣០០ គម្រោង​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CDC ​ចេញ​ផ្សាយ​ក្នុង​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ​​ឱ្យ​ដឹង​ថា ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុប ៥៩ គម្រោង​ដែលមានទុនវិនិយោគសរុប ៨១៦លានដុល្លារ និងអាចបង្កើតការងារបាន ៤៤ពាន់​កន្លែង។ សម្រាប់​​គម្រោង​​ទាំង ៥៩ គឺ​ ៣៨ គម្រោង​​មាន​ទីតាំង​នៅក្រៅតំបន់សេដ្ឋកិច្ច និងចំនួន ២១ ស្ថិត​ក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន(SEZ)​។ ចំនួន​គម្រោង​ដែល​ចុះ​បញ្ជី​ក្នុងខែឧសភា បាន​កើនឡើង ៣៤ គម្រោង ខណៈទុនវិនិយោគ​​​កើនឡើងប្រមាណ ៥៧០ លានដុល្លារ ឬ​ស្មើនឹងប្រមាណ ២៣១ភាគរយ ​បើ​ធៀបនឹងខែ​ឧសភា​ ឆ្នាំ២០២៤។

បើ​តាម CDC គម្រោងដែល​​លេចធ្លោ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៥ គឺ​​គម្រោង​អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី​ដើរ​ដោយ​ថាមពល​ខ្យល់ មាន​អានុភាព ១៥០ មេហ្គាវ៉ាត់ នៅ​ខេត្ត​មណ្ឌលគិរី ​ក្រោម​ទុន​វិនិយោគ ២០៧ លាន​ដុល្លារ, គម្រោង​ពង្រីកផលិតកម្មផលិត​សំបក​កង់​រថយន្ត នៅ​ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​បន្ថែម ២៤៤ លាន​ដុល្លារ, និង​គម្រោង​​បង្កើតរោងចក្រ​ផលិត​សារធាតុគីមីសម្រាប់​វិស័យ​ឧស្សាហកម្ម នៅ​ខេត្ត​ស្វាយរៀង មាន​​ទុន ២០ លាន​ដុល្លារ។​ ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន បាន​គ្របដណ្តប់​ ៨៤,៨​​ភាគរយ​ ក្រៅ​ពី​នោះ​មាន​កម្ពុជា សិង្ហបុរី កោះ Samao និង​សាធារណរដ្ឋកូរ៉េ។​ គម្រោង​ទាំង ៥៩ មាន​​ក្នុង​ខេត្ត​ស្វាយរៀង ១៩ កំពង់ស្ពឺ ១៥ តាកែវ ៨ កណ្តាល ៧ ភ្នំពេញ ៦ ក្រៅ​ពី​នោះ​មាន​នៅ​ខេត្ត​ព្រះសីហនុ មណ្ឌលគិរី កំពង់ឆ្នាំង និង​ខេត្តកោះកុង។ 

ជាសរុប​បើ​គិតពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួនសរុប​ ២៩០ គម្រោង កើនឡើងចំនួន ១៣៧ គម្រោង ស្មើនឹងប្រមាណ ៩០​ភាគរយ​ ខណៈទុនវិនិយោគសរុប​មាន ៤,២ ពាន់​លានដុល្លារ កើនឡើង ១,៤ ពាន់លានដុល្លារ ស្មើនឹង ៥២​ភាគរយ​​បើ​ធៀបនឹងរយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់ CDC។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១០ ខែ​មិថុនាថា ​ទោះបី​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​ពិភពលោកកំពុង​ស្ថិត​ក្នុង​ភាពមិន​ច្បាស់​លាស់ ហើយ​កម្ពុជា​​ក៏​​កំពុង​​ចរចា​បញ្ហា​ពន្ធបដិកា​ជា​មួយ​សហរដ្ឋ​អាមេរិក​ ក៏​កម្ពុជា​នៅ​តែ​មាន​សក្តានុពល​គ្រប់​គ្រាន់​ក្នុង​ការ​ទាក់​ទាញវិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បណ្តាក់​ទុន​​កាន់​តែ​ច្រើន។ ចំនួន​គម្រោង​វិនិយោគ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ខណៈ​ច្បាប់​វិនិយោគ​​នៅ​កម្ពុជា និង​កត្តា​​កម្លាំង​ពលកម្ម​វ័យ​ក្មេងដែល​មាន​ជំនាញ កំពុង​​ផ្តល់​ភាព​អនុគ្រោះ និង​ផល​វិជ្ជមាន​ច្រើន​សម្រាប់​វិនិយោគិន​គ្រប់​ជាតិ​សាសសន៍​។ លោក​បន្ត​ថា ក្រៅ​ពីនេះ​ កម្ពុជា​ក៏​មាន​ទីផ្សារ​ជា​ច្រើន​ចាំ​​ទទួល​ទំនិញ​​ក្រោម​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធ​គយផងដែរ។

លោក​អះអាងថា៖​«​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​​លើ​ការ​កសាង​ប្រព័ន្ធច្បាប់ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំង​ការ​ចូល​រួម​របស់​​ផ្នែក​ឯកជននឹង​ជួយ​បង្កើត​នូវ​បរិយាកាស​កាន់​តែ​ទាក់​ទាញសម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ។ គម្រោង​វិនិយោគ​ថ្មីៗ​នេះ​ពេល​នេះ ក៏​កាន់​តែ​មាន​ភាព​ចម្រុះ ដែល​ធ្វើ​ឱ្យ​សរសរគ្រឹះ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​មាន​ភាព​រឹង​មាំ​ជាង​​មុន​​»។

ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល កាល​ពី​​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុង​ពេល​​​អមដំណើរ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅ​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន បាន​លើក​ឡើង​ពេល​​​​ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន​ថា កម្ពុជា មាន​សក្តានុពល​ច្រើន​សម្រាប់​ការ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ជា​ពិសេស​កម្ពុជា​ក៏​មាន​ទីតាំងភូមិសាស្រ្ត​អំណោយ​ផល​ផងដែរ​ដូច​ជា​ នៅចំណុចកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានការអភិវឌ្ឍប្រកបដោយថាមវ័ន្ត, ជាទីតាំងអំណោយផលសម្រាប់​ផ្នែកឯកជន​សំដៅជំរុញក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដើម្បីវិបុលភាពរួម, និងមាន​ការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ និងមានភាពប្រកួតប្រជែងជាមួយនឹងឧត្តមភាពប្រៀបធៀបខ្ពស់នៅក្នុងតំបន់ ហើយថែមទាំងផ្តល់នូវសេវាថែទាំគាំទ្រវិនិយោគដ៏កក់ក្តៅជូនដល់វិនិយោគិនថែមទៀតផង។​

កាល​ពី​ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ​តាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុប ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៣២ ម៉ឺនកន្លែង​។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គឺ​ចំនួន ២៦៤ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និងចំនួន ១៥០ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន។

ជារួមក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគកើនឡើងជិត ២ ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០ភាគរយ​​បើ​ធៀបនឹង​ឆ្នាំ២០២៣៕