
ជារៀងរាល់ឆ្នាំកម្ពុជាបានចំណាយប្រាក់រាប់រយលានដុល្លារលើការនាំចូលជីកសិកម្មពីក្រៅប្រទេស។ FB
រោងចក្រផលិតជីកសិកម្មដែលវិនិយោគដោយក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសពីផែនការបើកដំណើរការជាផ្លូវការនៅពេលខាងមុខឆាប់ៗនេះ ជាមួយនឹងសមត្ថភាពផលិតជីមានគុណភាពកម្រិតស្តង់ដារអន្តរជាតិបានជាង ២០០ តោនក្នុង១ថ្ងៃ។
រោងចក្រនេះបានសាងសង់លើផ្ទៃដីទំហំ ១៥ ហិកតាក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគដំណាក់កាលដំបូងជាង ២ លានដុល្លារ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១១ ខែមិថុនា លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឱ្យដឹងថា ការពឹងផ្អែករបស់ប្រជាកសិករ និងអ្នកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាលើផលិតផលជីនាំចូលពីក្រៅប្រទេសនឹងត្រូវកាត់បន្ថយមួយចំណែក ដោយនៅពាក់កណ្តាលខែកក្កដា ឬដើមខែសីហាខាងមុខ ក្រុមហ៊ុនរបស់លោកគ្រោងនឹងបើកដំណើរការរោងចក្រផលិតជីកសិកម្មមួយដែលមានសមត្ថភាពផលិតជីបានជាង ២០០ តោនក្នុង ១ថ្ងៃ។ លោកបន្តថា ការសាងសង់រោងចក្របានបញ្ចប់ស្ទើរ ១០០ភាគរយហើយ ដោយបច្ចុប្បន្នក្រុមកម្មករជំនាញកំពុងធ្វើការផលិតជីសាកល្បងខ្លះៗ។
លោកប្រាប់ទៀតថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុននឹងផលិតកសិកម្មចំនួន ៣ ប្រភេទ គឺជីកំប៉ុស ជីអាចម៌ជន្លេន និងជីទឹក ដោយវត្ថុធាតដើម និងសមាសធាតុរួមផ្សំទាំងអស់ គឺជាផលិតផលក្នុងស្រុក ១០០ភាគរយ។
លោកបានថ្លែងថា៖«នៅពេលនេះក្រុមអ្នកជំនាញកំពុងធ្វើការផលិតជីសាកល្បងជាបណ្តើរៗ ដោយយើងនៅរង់ចាំសំបកការុងសម្រាប់ច្រកជី មុននឹងចាប់ផ្តើមប្រកាសបើកដំណើរការជាផ្លូវការ។ តាមការប៉ាន់ស្មាន គឺយើងអាចចាប់ផ្តើមផលិតជាផ្លូវការនៅពាក់កណ្តាលខែកក្កដា ឬដើមខែសីហា ខាងមុខ ជាមួយនឹងសមត្ថភាពផលិតបានជីប្រហែល ២០០តោន ក្នុង ១ថ្ងៃ»។
លោកបន្ថែមថា ការវិនិយោគរបស់ក្រុមហ៊ុនលើរោងចក្រផលិតជីកសិកម្មនេះ ក៏ដើរស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគលើការផលិតជីកសិកម្មឱ្យបានកាន់តែច្រើន និងមានគុណភាព ខណៈបញ្ហាជីកសិកម្មនេះកំពុងជះផលអវិជ្ជមានជាច្រើនទៅលើគុណភាព បរិមាណ និងតម្លៃរបស់ផលិតផលកសិកម្មកម្ពុជា។
លោកប្រាប់ទៀតថា ជីកសិកម្មរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងមានតម្លៃក្រោមទីផ្សារ ព្រោះក្រុមហ៊ុនមានមធ្យោបាយដឹកជញ្ជូនផ្ទាល់ខ្លួនសម្បូរបែប លឿន និងទៅដល់គ្រប់ទីកន្លែងក្នុងប្រទេស។
បើតាមលោក វីរៈ បន្ទាប់ពីរោងចក្រខាងលើបើកដំណើរការពេញលេញ ក្រុមហ៊ុនរបស់លោក ក៏មានផែនការផលិតជីគីមីសម្រាប់បម្រើក្នុងវិស័យកសិកម្មផងដែរតាមរយៈការនាំចូលវត្ថុធាតុដើមមួយចំនួនពីប្រទេសរុស្ស៊ី ដែលក្រុមហ៊ុនមានដៃគូនោះទីនោះស្រាប់។
នៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាអ្នកវិនិយោគក្នុងវិស័យកសិកម្ម បានស្នើឱ្យរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យគុណភាពជីកសិកម្មនាំចូល និងពង្រីកការវិនិយោគលើរោងចក្រផលិតជីកសិកម្មក្នុងស្រុកឱ្យបានច្រើន។ លោកនិយាយថា ការធ្វើកសិកម្មសំខាន់ត្រូវការជី ពូជ ទឹក ដីដែលមានជីជាតិ ប៉ុន្តែបើសិនដីមិនល្អ គឺគេអាចកែប្រែដីនោះឱ្យមានជីជាតិបានដោយប្រើប្រាស់ជី។
ពាក់ព័ន្ធបញ្ហាជីកសិកម្មនេះ លោកក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ឱ្យជួយត្រួតពិនិត្យគុណភាពជីនាំចូល ដើម្បីធ្វើយ៉ាងកុំឱ្យមានការនាំចូលជីដែលគ្មានគុណភាពយកមកលក់ឱ្យកសិករ ធ្វើឱ្យពួកគាត់ប្រើប្រាស់ទទួលផលបានតិច ប៉ុន្តែការចំណាយលើថ្លៃដើមផលិតខ្ពស់។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ជីកសិកម្ម មិនត្រឹមតែជាវត្ថុធាតុដើម ឬធាតុផ្សំសម្រាប់ការផលិតក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលិតផលយុទ្ធសាស្ត្រផងដែរ ប្រសិនបើប្រទេសមានតម្រូវការប្រើប្រាស់ និងប្រទេសផលិតជីមានបញ្ហាជាមួយគ្នា។
លោកបានថ្លែងថា៖«ជីគឺជាយុទ្ធសាស្រ្ត ពឹងដង្ហើមគេដក ថ្ងៃណាមួយគេចង់ធ្វើបាប បើសិនជាមានបញ្ហាជី គេក្រឡុកតែថ្លៃជី យើងងាប់។ បិទតែជី យើងអត់មានលទ្ធភាពទេ។ អឺចឹងសមត្ថភាពក្នុងការផលិតជីដោយខ្លួនឯងនេះ ត្រូវតែខិតខំធ្វើ។»
លោកលើកឡើងទៀតថា ដើម្បីបង្កើនសមត្ថភាពផលិតជី លោកបានប្រាប់ថ្នាក់ដឹកនាំក្រសួងកសិកម្ម អ្នកវិនិយោគក្នុងវិស័យកសិកម្ម និងអ្នកជំនាញត្រូវធ្វើការរួមគ្នាដើម្បីសិក្សាពីលទ្ធភាពផលិតជីក្នុងស្រុក ទាំងជីគីមី និងជីធម្មជាតិឱ្យបានយ៉ាងហោចណាស់ ៣០ភាគរយនៃតម្រូវការសរុបក្នុងប្រទេស៕