
កសិករអង្គុយរើសគ្រាប់ស្វាយចន្ទី។ ស្ថានទូតអូស្រ្តាលី
អូស្ត្រាលី-ជប៉ុន កំពុងសហការគ្នាជួយពង្រឹងវិស័យស្វាយចន្ទីកម្ពុជាតាមរយៈការជួយបង្កើនសមត្ថភាពកែច្នៃឱ្យមានគុណភាពកាន់តែល្អ និងរសជាតិកាន់តែឆ្ងាញ់ ខណៈក្នុងឆ្នាំ២០២៤ កន្លងមក ក្នុងចំណោមគ្រាប់ស្វាយចន្ទីដែលប្រមូល គឺមានប្រហែលតែ ៥ ភាគរយប៉ុណ្ណោះត្រូវបានកែច្នៃក្នុងស្រុក ក្រៅពីនោះត្រូវបានឈ្មួញនាំចេញទៅកែច្នៃបន្តនៅក្រៅប្រទេស។
បណ្តាញសង្គមផ្លូវការរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឱ្យដឹងថា អូស្ត្រាលី និងជប៉ុនកំពុងធ្វើការរួមគ្នាដើម្បីជួយពង្រឹងវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈការគាំទ្រឱ្យគ្នាទៅវិញទៅមកដែលអាចជួយបង្កើនសមត្ថភាពកែច្នៃ និងទទួលបានគ្រាប់ស្វាយចន្ទីកាន់តែមានរសជាតិឆ្ងាញ់ គុណភាពល្អ និងនាំចេញបានកាន់តែច្រើនទៅកាន់ទីផ្សារពិភពលោក។ បច្ចុប្បន្នមានគ្រាប់ស្វាយចន្ទីប្រមាណ ៥ ភាគរយប៉ុណ្ណោះនៃគ្រាប់ស្វាយចន្ទីចំនួន ៨៤០ ០០០ តោនដែលប្រមូលបានក្នុងប្រទេសកម្ពុជាត្រូវបានកែច្នៃនៅក្នុងប្រទេស។
ស្ថានទូតបានបញ្ជាក់ថា៖«ប្រសិនបើកម្ពុជាអាចបង្កើនការកែច្នៃក្នុងប្រទេសបាន កម្ពុជាអាចទទួលបានតម្លៃបន្ថែម បង្កើតការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើន»។
ស្ថានទូតបានលើកឡើងថា ដោយមានការគាំទ្រពីរដ្ឋាភិបាលទាំងពីរ(អូស្ត្រាលី-ជប៉ុន) ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech ដែលស្ថិតក្នុងខេត្តកំពង់ធំ កំពុងរួមចំណែកជំរុញការកែច្នៃនៅក្នុងប្រទេស បង្កើនវត្តមានគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងធានាឱ្យកសិករខ្នាតតូចដែលដាំគ្រាប់ស្វាយចន្ទីទាំងនេះទទួលបានតម្លៃសមរម្យ និងមានស្ថិរភាព។ ការគាំទ្ររបស់ជប៉ុនបានជួយឱ្យក្រុមហ៊ុន MIRARTH ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ និងធ្វើការសិក្សាអំពីលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទី និងការកាត់បន្ថយកាកសំណល់។ ចំណែកឯប្រទេសអូស្ត្រាលីវិញ បានជួយ MIRARTH បង្កើនការត្រៀមខ្លួននាំចេញរបស់ខ្លួនដោយផ្តល់ជំនួយតាមរយៈការបណ្តុះបណ្តាល ការផ្គូរផ្គងអាជីវកម្ម និងការចូលរួមក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៥ ដែលបាននាំឱ្យមានកិច្ចព្រមព្រៀងដំបូងជាមួយក្រុមហ៊ុនមួយចំនួន។
បើយោងតាមស្ថានទូតអូស្រ្តាលី ក្រុមហ៊ុន MIRARTH គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៣ ០០០ តោនក្នុងឆ្នាំ ២០២៥ និងឆ្ពោះទៅរកគោលដៅគ្មានកាកសំណល់។
ស្ថានទូតបញ្ជាក់ថា៖«កិច្ចសហការរវាងអូស្ត្រាលី និងជប៉ុននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសយើងទាំងពីរក្នុងការជំរុញវិស័យដែលមានសក្តានុពលខ្ពស់នៅកម្ពុជា ដើម្បីបង្កើនផលិតភាពនៃផលិតកម្ម ការងារ និងជីវភាពរស់នៅ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
សមាគមស្វាយចន្ទីកម្ពុជា កាលពីពេលកន្លងមកបានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ នៅកម្ពុជាមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម(សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗមិនមានផលិតកម្មពេញ ១ឆ្នាំឡើយ។
បើយោងតាមសមាគមស្វាយចន្ទីកម្ពុជា សម្រាប់ទិន្នផលគ្រាប់ស្វាយចន្ទីឆៅ(មិនទាន់កែច្នៃ) ដែលប្រមូលបានក្នុងឆ្នាំ ២០២៤ គឺមាន ៨៥០ ០០០តោន ក្នុងនោះការនាំចេញគ្រាប់ឆៅទៅក្រៅប្រទេស(ប្រទេសវៀតណាម)មានចំនួន ៨១៥ ០០០តោន កើនឡើង ២១ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ បើគិតជាប្រាក់ គឺមានប្រមាណ ១,១៥ ពាន់លានដុល្លារ កើនឡើង ២៦,១៥ភាគរយ។
នៅកម្ពុជាបច្ចុប្បន្នអាចមានផ្ទៃដីដាំដុះស្វាយចន្ទីប្រហែល ៧០០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ៥៨០ ១១៧ ហិកតា ក្រៅពីនោះជាផ្ទៃដីដាំដុះថ្មី។ ស្វាយចន្ទីមានដាំនៅស្ទើគ្រប់ខេត្ត ប៉ុន្តែភាគច្រើននៅក្នុងខេត្តកំពង់ធំ ក្រចេះ រតនគិរី ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា៕