
ទិដ្ឋភាពរថយន្តដឹកទំនិញ និងប្រជាជនជាច្រើននៅច្រកដូង ក្នុងថ្ងៃទី១៣ ខែមិថុនា។ សហការី
អ្នកជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគលើការផលិត កែច្នៃ និងគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីជម្លោះនៅតាមព្រំដែនរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃបានកើនកម្តៅជាបន្តបន្ទាប់ ជាពិសេសភាគីថៃបានគំរាមបិទច្រកព្រំដែន ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធឺណិតមកកាន់ប្រទេសកម្ពុជាផងដែរ។
ឆ្លើយតបនឹងការគំរាមកំហែងពីភាគីប្រទេសថៃ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានសរសេរនៅលើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួនថា ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួនឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតមកកម្ពុជា។
លោកបានបញ្ជាក់ថា៖«ដើម្បីកុំឱ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ»។
បន្ថែមលើលោកក៏បានប្រាប់ឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា ជាពិសេសការបិទព្រំដែន ដែលនឹងអាចជំរុញឱ្យកម្ពុជាឈានទៅឈប់ប្រើទំនិញថៃ ដែលជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
ស្ថិតិកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងថៃ មានទឹកប្រាក់សរុប ១ ៨៧៩,០៤ លានដុល្លារ កើនឡើង ៨,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដោយក្នុងនោះកម្ពុជានាំទៅប្រទេសថៃ ៣៩៥,៩៥ លានដុល្លារ កើនឡើង ១,១ភាគរយ ចំណែកទំនិញថៃនាំមកកម្ពុជាវិញ ១ ៤៨៣,០៩ លានដុល្លារ កើន ១០,៤ ភាគរយ។ បច្ចុប្បន្នប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម។
កម្ពុជាកំពុងខិតខំបង្កើតសមត្ថភាពផលិត និងកែច្នៃផលិតផលក្នុងស្រុក
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៣ ខែមិថុនាថា ជម្លោះតាមព្រំដែន ការកើនកម្តៅផ្នែកនយោបាយ និងការបិទច្រកទ្វារព្រំដែនដែលផ្តើមចេញពីភាគីថៃ បាននិងកំពុងធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍ភាគីទាំង ២។ ទោះយ៉ាងណាកម្ពុជានឹងមិនជួបបញ្ហាដោយសារតែការបិទព្រំដែន ឬឈប់នាំចូលទំនិញពីប្រទេសថៃនោះទេ ព្រោះបច្ចុប្បន្នសមត្ថភាពផលិតកម្មនៅកម្ពុជាបានកើនឡើងជាលំដាប់ ហើយកម្ពុជាក៏មានទីផ្សារប្រទេសជាច្រើនដូចជា វៀតណាម និងចិន សម្រាប់ជំនួសទំនិញនាំចូលមកពីប្រទេសថៃផងដែរ។
លោកបានបន្ថែមថា ការបិទព្រំដែនមួយចំនួនដែលផ្តើមចេញពីភាគីថៃនៅពេលនេះ គឺអាចបង្កផលប៉ះពាល់មួយចំនួនសម្រាប់ប្រជាកសិករកម្ពុជាក្នុងការនាំចេញកសិផល ប៉ុន្តែផលិតផលទាំងអស់នោះគេអាចបង្វែរទៅកាន់ប្រទេសជិតខាងមួយចំនួន ឬនឹងត្រូវប្រើប្រាស់សម្រាប់បង្កើនសមត្ថភាពកែច្នៃពីសំណាក់រោងចក្រក្នុងស្រុក។
លោកបានថ្លែងថា៖«បញ្ហានេះបានកើតឡើងស្របពេលដែលកម្ពុជាបាននិងកំពុងខិតខំពង្រឹងសមត្ថភាពក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន»។
ចំណែកអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia-China Commerce Association (CCCA) បាននិយាយថា បើទោះបីជាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចឈានទៅដល់ការធ្វើពហិការក្នុងការប្រើប្រាស់ផលិតផលរបស់គ្នាទៅវិញទៅមក ប៉ុន្តែក្នុងកាលៈទេសៈនេះ គឺកម្ពុជាមានភាពចាំបាច់ក្នុងការបង្កើតការផលិតទំនិញនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។ លោកបន្តថា ការលើកកម្ពស់ផលិតផលក្នុងស្រុកនឹងផ្តល់ផលចំណេញច្រើនសម្រេាប់សេដ្ឋកិច្ចជាតិ ដែលមានដូចជា បង្កើនភាពទាក់ទាញសម្រាប់ការមកបណ្តាក់ទុនផ្ទាល់ បង្កើតឱកាសការងារ និងបង្កើតសមត្ថភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«នេះជាឱកាសដែលកម្ពុជាត្រូវខិតខំពង្រឹង និងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន ក៏ដូចជាបង្កើនជំនឿចិត្តទៅលើគុណភាពផលិតផលក្នុងស្រុក ដែលសកម្មភាពទាំងនេះនឹងផ្តល់ចូលរួមចំណែកយ៉ាងច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យបោះជំហានទៅមុខកាន់តែលឿនបន្ថែមទៀត»។
ទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ ចាប់ផ្តើមធ្លាក់ចុះ
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវបរទេសសរុប ២,៤ លាននាក់បានចូលមកប្រទេសកម្ពុជា កើនឡើង ១៣,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំនួននេះ ភ្ញៀវជនជាតិថៃ មានចំនួនច្រើនជាងគេ គឺប្រមាណ ៦៧៤ ១៣៤នាក់ កើនឡើង ១៤,៦ភាគរយ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា(PATA) លោក ធួន ស៊ីណាន បាននិយាយថា ជម្លោះតាមព្រំដែន និងការឡើងកម្តៅផ្នែកនយោបាយរវាងប្រទេសកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមជាតិនិយមជ្រុលថៃ គឺកំពុងបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ផលប្រយោជន៍នៃប្រជាជាតិប្រទេសទាំង ២ រៀងៗខ្លួន។ សម្រាប់ភ្ញៀវទេសចរជនជាតិថៃ ដែលឆ្លងដែនមកកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានមួយចំនួនជាអ្នកមកលេងល្បែងភ្នាល់នៅតាមតំបន់ព្រំដែនតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖«បើគេគិតពីផលប្រយោជន៍ក្នុងវិស័យទេសចរណ៍(ចរន្តការធ្វើដំណើរ)រវាងប្រទេសកម្ពុជា និងថៃ គឺភាគីថៃគេទទួលបានចំណូលច្រើនពីកម្ពុជា ជាងកម្ពុជាទទួលបានពីភាគីថៃ»។
លោកបានប្រាប់ទៀតថា បន្ទាប់ពីមានការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា គឺមានកញ្ចប់ទេសចរណ៍ និងសំបុត្រយន្តហោះរវាងកម្ពុជា-ថៃ ជាច្រើនត្រូវបានលុបចោលភ្លាមៗ ដោយនៅសល់តែមួយចំនួនតូចប៉ុណ្ណោះ ដូចជា ការណាត់ជួបពេទ្យ និងជំនួបពាណិជ្ជកម្មដែលចាំបាច់។ ជាមួយគ្នានេះ ផែនការក្នុងការរៀបចំពិព័រណ៌ក្នុងវិស័យទេសចរណ៍ និងជំនួបពាណិជ្ជកម្មទ្វេភាគី ក៏ត្រូវបានលុបចោលស្ទើទាំងស្រុងផងដែរនៅពេលនេះ។
លោកបានបញ្ជាក់ថា៖«ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានលើកឡើងចំនួន ៦ ចំណុចនាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ និងសារជាបន្តបន្ទាប់នាពេលកន្លងមក ព្រោះក្នុងនាមជាប្រជាជាតិមួយ គឺយើងពិតជាត្រូវការ ការគោរព និងភាពស្មើគ្នាក្នុងការរស់នៅ ខណៈមួយរយៈចុងក្រោយនេះនៅលើបណ្តាញសង្គមគេឃើញមានអ្នកនយោបាយថៃមួយចំនួន បានប្រមាថមើលងាយជាតិសាសន៍កម្ពុជា ដែលមិនអាចទទួលយកបានក្នុងនាមជាប្រជាជាតិមួយមានភាពថ្លៃថ្នូ និងជាម្ចាស់លើប្រវត្តិសាស្រ្ត ភាសា និងវប្បធម៌ ជាដើម»។
បើតាមលោក ស៊ីណាន នៅពេលនេះគេអាចបែងចែកប្រជាជនខ្មែរដែលធ្វើដំណើរទៅប្រទេសថៃ ជា ៤ ប្រភេទ គឺ អ្នកទៅស្វែងរកសេវាសុខាភិបាល, អ្នកទៅទិញទំនិញ, ភ្ញៀវទេសចរ, និងមន្ត្រី/អ្នកជំនួញធំៗទៅប្រទេសថៃដើម្បីជួបប្រជុំ ឬចរចាពាណិជ្ជកម្ម។ ចំណែកប្រជាជនថៃធ្វើដំណើរមកកម្ពុជាមាន ៣ ប្រភេទ គឺអ្នកមកលេងល្បែង, ធុរជន, និងភ្ញៀវទេសចរ៕