កត្តា​អាកាស​ធាតុមាន​ភ្លៀង​ធ្លាក់​ច្រើន​នាអំឡុងខែ​មីនា-មេសា បាន​ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​​អំបិលកំពត កែប ដែល​ជា​ផលិត​ផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ«GI»​ ​ក្នុង​ឆ្នាំ​២០២៥ នេះ​​ធ្លាក់ចុះ​​យ៉ាង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដោយ​សម្រេច​បាន​ត្រឹម​​ជាង​ ៣ ម៉ឺន​តោន។ នេះ​បើ​តាមប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប។

លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប បាននិយាយ​ថា កត្តា​អាកាស​ធាតុ​បាន​ធ្វើ​ឱ្យ​ការផលិត​អំបិល​នៅ​ខេត្ត​កំពត និង​កែប ត្រូវអាក់​ខាន​ចាប់​តាំងពី​ចុងត្រីមាសទី​១ បន្តរហូតដល់​ខែមេសា ឆ្នាំ​២០២៥។​ ទោះយ៉ាង​ណាទិន្នផល​ដែល​ប្រមូល​បានតិច​​ក្នុង​ឆ្នាំ​នេះ​នឹង​មិន​បង្កអ្វី​នោះ​ទេ ព្រោះអំបិល​ដែល​កម្ពុជា​ផលិត​បាន​កាល​ពី​ឆ្នាំ​២០២៤ មាន​នៅ​សល់ក្នុង​ឃ្លាំង​ស្តុក​ប្រមាណ ៥ ម៉ឺន​តោន​។​

លោកបាន​ថ្លែង​ថា៖«​ឆ្នាំនេះ​យើង​ផលិតបានត្រឹមតែ​ជាង ៣ម៉ឺន​តោនប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​អំបិល​របស់​យើង​នៅ​សល់​ក្នុង​ឃ្លាំង​​ឆ្នាំមុន​ប្រហែល​ ៥ ម៉ឺន​តោន ដូច្នេះ​យើងអាចទប់ទល់បាន​។ ជាមធ្យម​កម្ពុជា​មាន​តម្រូវ​ការ​អំបិល​ប្រើប្រាស់​​ប្រហែល ៧-៨ ម៉ឺន​តោន​​ក្នុង​មួយឆ្នាំ​»។

បើតាម​លោក ណារិន កាល​ពី​អំឡុង​ខែ​​មីនា អំបិលកំពត កែប មានតម្លៃចន្លោះពី ៥ ៥០០-​៦ ០០០រៀល​ក្នុង​មួយបាវទម្ងន់ ៥០គីឡូក្រាម​ ប៉ុន្តែ​ពេល​នេះបាន​កើន​ដល់​​ពី ៩ ០០០-​១១ ០០០រៀល​។ ការ​ឡើងថ្លៃ​នេះ គឺ​ដោយសារ​​ពេល​នេះ​រដូវកាល​ប្រមូល​ផល​អំបិល​បាន​បិទ​បញ្ចប់​ទាំង​ស្រុង​ហើយ​។​ ជាទូទៅ​រដូវប្រមូលអំបិលកំពត កែប ចាប់ពីខែមករា ដល់ ខែមេសា ជារៀងរាល់​ឆ្នាំ​ ប៉ុន្តែឆ្នាំ​ណា​ដែល​មាន​អាកាស​ធាតុក្តៅ និង​មិន​សូវ​មាន​​ភ្ញៀង គឺ​ការ​ប្រមូល​ផល​អាច​អូស​បន្លាយ​ដល់​ខែ​មិថុនា។

បច្ចុប្បន្ន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប មានសមាជិក​ ១៣ក្រុម និង​ក្រុមហ៊ុនកែច្នៃអំបិល​មានចំនួន ៤ ព្រមទាំង​មានសហគមន៍ផលិតប្រមាណ ១៥០​គ្រួសារ​។​ សមាគមនេះកំពុង​រៀប​ចំ​បង្កើតសហគមន៍ថ្មីមួយទៀត ដោយក្រសួង-ស្ថាប័នពាក់ពន្ធកំពុង​ត្រួតពិនិត្យ​សំណើរបស់សមាគម​។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី ក្នុង​​ជំនួបសវនាការ​ការងារ​ជាមួយ​គ ណៈកម្មការទី ៩ នៃ​ព្រឹទ្ធសភា កាល​ពី​​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​និយាយថា ជុំវិញការអភិវឌ្ឍស្រែអំបិល គឺ​កម្ពុជា​មានស្រែ​អំបិលចំនួនពីរកន្លែង លើផ្ទៃដីសរុបជិត ៤ ពាន់ហិកតា ក្នុងនោះស្រែអំបិលនៅខេត្តកំពត មានចំនួន ៣ ៤៨៩ ហិកតា និងនៅខេត្តកែប​ ៤៩៧ ហិកតា។

លោក​រដ្ឋមន្រ្តី​បានបញ្ជាក់​ថា ចំពោះការងារផលិតអំបិលវិញ គឺ​នៅក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតអំបិលបានចំនួន​ប្រមាណជាង ១៦៨ ពាន់តោន ដែលជាបរិមាណមួយកើនឡើងខ្ពស់​បើធៀបនឹងរយៈពេល ៥ឆ្នាំចុងក្រោយ។ ជាក់ស្តែងក្នុងឆ្នាំ ២០២០ កម្ពុជាផលិតបានជាង ៩៦ ពាន់តោន, ឆ្នាំ ២០២១ ជាង ៧៥ ពាន់តោន, ឆ្នាំ ២០២២ ជិត ៣៣ ពាន់តោន និងនៅឆ្នាំ ២០២៣ ផលិតបានជាង ៨១ ពាន់តោន ។ ចំណែកនៅក្នុងឆ្នាំ ២០២៤ ចំពោះការផលិតអំបិល​បាន​កើន​ឡើង​ខ្ពស់​ ដោយសារអាកាសធាតុភាពភាពអំណោយផលដល់ការផលិត និងបានធ្វើឱ្យកម្ពុជាមិនមាននាំអំបិលចូលពីក្រៅប្រទេសទៀតឡើយ៕