
ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៖ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលជាធនាគារកូរ៉េដ៏លេចធ្លោមួយជាមួយនឹងវត្តមានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា និង ក្រុមហ៊ុន ដាយ អ៉ិឈិឡាយហ្វ៍ អ៊ីនសួរិនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន។
កិច្ចសហការនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយធនាគារជាតិនៃកម្ពុជា (NBC) និងនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការពង្រីកលទ្ធភាពទទួលបានធានារ៉ាប់រងអាយុជីវិត និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។
កម្មវិធីនេះ មានកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Sohn Cheol Su នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អ៉ិឈិឡាយហ្វ៍ ខេមបូឌា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័នទាំងពីរ។
លោក Sohn Cheol Su នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី បានថ្លែងថា៖ «ភាពជាដៃគូនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបសម្រាប់ធនាគារ ធនាគារ អ៊ូរី។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញធានារ៉ាប់រងគួរជាទីទុកចិត្តរបស់ក្រុមហ៊ុន ដាយ អ៉ិឈិឡាយហ្វ៍ ជាមួយនឹងបណ្តាញសាខាដែលកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់យើង យើងកំពុងបង្កើតបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏រលូន និងបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុនៅក្នុងទីកន្លែងតែមួយ។ អតិថិជនរបស់យើងអាចទទួលបានការការពារហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលជាងមុន។»

តាមរយៈកិច្ចសហការនេះ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចប្រឹក្សាជាមួយបុគ្គលិកជំនាញផ្នែកធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នៅតាមបណ្ដាសាខារបស់ធនាគារ អ៊ូរី ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។ គំរូសេវាកម្មនេះ ផ្តល់ជូនការពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុផ្ទាល់នៅតាមសាខាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសតាមគោលដៅហិរញ្ញវត្ថុរបស់អតិថិជនម្នាក់ៗ ដែលជួយឱ្យការទទួលបានធានារ៉ាប់រងកាន់តែមានភាពងាយស្រួលជាងមុន។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អ៉ិឈិឡាយហ្វ៍ ខេមបូឌា បានបន្ថែមថា៖ «ភាពជាដៃគូ ជាមួយនឹងធនាគារ អ៊ូរី គឺជាការបោះជំហានដ៏មានន័យឆ្ពោះទៅរកការកសាងភាពធន់ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសហការនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលបំណងនៃអាជីវកម្មរបស់យើង «សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព» ព្រមទាំងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហរិញ្ញវត្ថុនៅកម្ពុជាថែមទៀតផង។ ជាងនេះផងដែរ យើងមានមោទនភាពដោយអាចរួមចំណែកគាំទ្រដល់គោលដៅរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការបញ្ជ្រាបការយល់ដឹងអំពីវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។»

គួរបញ្ជាក់ផងដែរថា ដាយ អ៉ិឈិឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានបទពិសោធន៍ជាង១២២ឆ្នាំមកពីប្រទេសជប៉ុន ឯធនាគារ អ៊ូរី ជាធនាគារដែលមានវត្តមាន និងបទពិសោធន៍យូរឆ្នាំនៅលើទីផ្សារអន្តរជាតិ ហើយក៏មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុនទាំង២ នឹងនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលផ្តោតលើអតិថិជនជាចម្បង និងជួយសម្រួលដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាឱ្យទទួលបានសេចក្តីស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ។

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក៖
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។
លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ធនាគារមានបុគ្គលិកជាង ៣,៨០០ នាក់ និងបម្រើអតិថិជនជាង ៥១៥ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប ១.៤ ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីជាង ១.២ ពាន់លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើសន្សំរហូតដល់ ៧១៣ លានដុល្លារអាមេរិក។ ជាមួយនឹងការបើកសាខាថ្មីចំនួនពីរនាពេលថ្មីៗនេះ ធនាគារ អ៊ូរី បច្ចុបន្នមាន ១៤៥ សាខា ទូទាំងប្រទេសគិតត្រឹមខែឧសភា ឆ្នាំ ២០២៥ ដែលពង្រីកបន្ថែមទៀតនូវការគ្របដណ្តប់ និងភាពងាយស្រួលសម្រាប់អតិថិជន។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”
អំពី ដាយ អ៉ិឈិឡាយហ្វ៍ (ខេមបូឌា)៖
ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។
ដាយ អ៉ិឈិឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២២ឆ្នាំ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនក៏បាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកាន់ប្រទេសកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការលោកអ្នក។ ដាយ អ៉ិឈិឡាយហ្វ៍ គឺជាដៃគូដែលគាំទ្រដល់សុខមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជានិច្ច។
នៅ ដាយ អ៉ិឈិឡាយហ្វ៍ «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី» គឺជាតម្លៃស្នូល ដែលណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។
*ដាយ អ៉ិឈិឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤) ៕