ផ្នែក​ឯកជន​នៃ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ​បាន​បង្ហាញការគាំទ្រចំពោះ​សេចក្តីអំពាវនាវរបស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ ដែល​ស្នើ​ឱ្យគ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​កម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ជាមួយ​នឹង​ការ​ឡើង​កម្តៅ​នៃ​ជម្លោះ​នៅ​តាម​ព្រំដែនជាមួយ​ប្រទេស​ថៃ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​មិថុនា បានសរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​ខ្លួន​ ដោយ​​ស្នើ​ឱ្យ​​សមាគមធនាគារនៅកម្ពុជា និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន​។

ជា​ការ​ឆ្លើយតប​សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាយប់​ថ្ងៃ​សៅរ៍​ ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​គ្នា ដោយ​បាន​បង្ហាញ​នូវ​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្តី​អំពាវនាវ​របស់​លោក ហ៊ុន ម៉ាណែត។

សេចក្តី​ថ្លែងការ​រួម​​របស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន​សរសេរ​ថា សមាគម​ទាំង ២ សូម​គាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់លោក​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​ឱ្យសមាគមទាំងពីរ​«ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។

សេចក្តី​ថ្លែង​ការ​បាន​បញ្ជាក់​ថា៖​«​គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរ នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគមបាននិងបន្តអនុវត្ត។ ក្នុងករណីមានតម្រូវការជាក់ស្ដែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើសុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន​ទាក់ទងផ្ទាល់​ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះស្រាយដ៏សមរម្យ»។

សមាគមទាំងពីរ បាន​អះអាង​ថា នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញ និងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុលបង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕​