ក្រុមហ៊ុន​/សហគ្រាសដែល​បាន​​ដាក់​សំណើសុំ​ចុះ​បញ្ជី​អាជីវកម្ម​​តាម​រយៈ​ប្រព័ន្ធ​ចុះ​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន(OBR)​​ចំនួនជិត ៤៧​ ពាន់ ដែល​មាន​​​ដើម​ទុន​ចុះ​បញ្ជី​សរុប​​ជាង ១៨ ពាន់​លាន​ដុល្លារ​ ត្រូវ​បានរដ្ឋាភិបាល​​អនុម័ត​ក្នុងរយៈ​ពេល​ ៥​ឆ្នាំ​ដំបូង​នៃ​ការ​ដាក់ឱ្យ​អនុវត្តប្រព័ន្ធ​មួយ​នេះ​ជា​ផ្លូវការ​។

​​OBR ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ ៣ ដំណក់​កាល ដោយ​ដំណាក់​កាល​ទី១ ត្រូវ​បានប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​រួម​មាន​ក្រសួង-​ស្ថាប័ន​រដ្ឋ​ចំនួន ៦ ចូល​រួម គឺ​ក្រសួង​មហាផ្ទៃ, ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ, ក្រសួង​ពាណិជ្ជ​កម្ម, ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ, អគ្គ​នាយក​ដ្ឋាន​ពន្ធដារ, និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្រោយ​មក​រដ្ឋាភិ​បាល​ក៏​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ដំណាក់​កាល ​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ និង​ដំណាក់​កាល​ ទី​៣ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​បាន​បន្ថែម​ក្រសួង​-ស្ថាប័ន​មួយ​ចំនួន​បន្ថែម​ទៀត។ បើ​គិត​រហូតមកដល់បច្ចុប្បន្ន​មានក្រសួង ស្ថាប័នចំនួន ២១ ចូលរួម និង​បានបញ្ចូលសេវាសាធារណៈគោលចំនួន ៣៣ មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​បានរយៈពេល ៥​ឆ្នាំ​ហើយ។ ប្រព័ន្ធនេះ​បានជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអាជីវកម្មរបស់​ធុរជន រួមទាំងបានចូលរួមចំណែកលើកកម្ពស់បរិយា​កាសធុរកិច្ច និង​សេដ្ឋកិច្ចឌីជីថលក្នុង​ប្រទេសកម្ពុជាផងដែរ។ OBR ក៏បានបន្តពង្រឹង និង​ពង្រីកការដ្ឋានជាបន្តបន្ទាប់​ដែលគ្រប​ដណ្តប់ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច​ជាច្រើនទៀត។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គិតត្រឹម​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ ចំនួន​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​អាជីវកម្ម​ដែល​បាន​អនុម័ត​មាន​ចំនួន​សរុប ៤៦ ៧៧៦ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​សរុប​​​ ៧៤,៧២ ទ្រី​​លាន​រៀល ឬ​ស្មើ​នឹង ១៨,២៣ ពាន់​លាន​ដុល្លារ​​​។ ក្នុង​ចំណោមក្រុមហ៊ុន/សហគ្រាសទាំង ៤៦ ៧៧៦ គឺមាន​​ម្ចាស់​ជា​ស្រ្តី​ចំនួន ១៧ ២៤០ ឬ​ ៣៧ ភាគរយ​នៃ​ចំនួន​សរុប។

ដើម​ទុន​ចុះ​បញ្ជី​សរុប​ខាង​លើ គឺមាន​​ក្នុង​សកម្មភាព​សេវាកម្ម​ស្នាក់​នៅចំនួន ១,៥៦​ ពាន់​លាន​ដុល្លារ(ស្មើ​​ ៨,៥៤ ​ភាគរយ), សកម្ម​ភាព​អចលនទ្រព្យ ដោយ​ប្រើ​អចលនទ្រព្យផ្ទាល់​ខ្លួន ឬ​ជួល​ពី​គេ ១,៤៦ ​ពាន់​លាន​ដុល្លារ (៨,០២ ​ភាគរយ), ការ​សាងសង់អគារ ១,៤២ ​ពាន់​លាន​ដុល្លារ (៧,៨២​ ភាគរយ), កម្មន្តសាល​សម្លៀកបំពាក់លើកលែង​សម្លៀកបំពាក់​ពី​រោម​សត្វ ៨៩២លាន​ដុល្លារ (៤,៩ ​ភាគរយ), សកម្មភាព​ពិគ្រោះយោបល់​ផ្នែក​គ្រប់គ្រង ៨៨៤ ​លាន​ដុល្លារ (៤,៨៥ ​ភាគរយ) និង​អាជីវកម្ម​ផ្សេងៗ​ទៀត ១២,០១​ ពាន់​លាន​ដុល្លារ (៦៥,៨៨ ​ភាគរយ)។​

ក្រសួង​បាន​បញ្ជាក់​ថា៖​«​ប្រព័ន្ធនេះ​បានផ្តល់អត្ថ​ប្រយោជន៍ជាច្រើន​ដល់ធុរជន ដោយបានកាត់បន្ថយនីតិវិធី ពេលវេលា និង កម្រៃសេវាមួយចំនួន ហើយអនុញ្ញាតឱ្យអ្នកស្នើសុំ​ចុះបញ្ជីអាជីវកម្មបានដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើអ្នកស្នើសុំបានផ្តល់ព័ត៌មាន និង​ឯកសារភ្ជាប់ត្រឹមត្រូវ និង​ពេញលេញ»។

អ្នកសេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៦ ខែ​មិថុនា ​ថា នេះ​ជា​វឌ្ឍនភាព​នៃ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ លើក​ទឹក​ចិត្ត និង​កៀរគរឱ្យ​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​​កម្ពុជា​​​ទាំងអស់​ឱ្យ​​មក​ចុះ​បញ្ជី​អាជីវកម្ម​នៅ​អាជ្ញាធរ។ ការ​ចុះ​បញ្ជី​បាន​ផ្តល់​ផល​វិជ្ជមាន​ទាំង​សម្រាប់​ម្ចាស់​អាជីវកម្ម និង​អាជ្ញាធរ។

លោក​បន្ត​ថា សម្រាប់​ម្ចាស់​អាជីវកម្ម ការ​ចុះ​បញ្ជី​​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​​​មាន​ភាព​ស្រប​ច្បាប់ និង​អាច​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស/​ជំនាញ ឬ​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ពី​រដ្ឋាភិបាល​​ក្នុង​ករណី​ពិសេស​ណាមួយ។ ចំណែក​​រដ្ឋាភិបាល គឺមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង យក​ពន្ធ ឬ​ដាក់​ចេញ​នូវ​វិធានការគាំទ្រ ព្រម​ទាំង​អាច​មាន​ទិន្នន័យ​ច្បាស់​លាស់​សម្រាប់​បង្ហាញ​ទៅ​ដល់​អ្នក​វិនិយោគ​ដែល​​ចង់​បើក​អាជីវកម្ម​តាម​វិស័យ​នីមួយៗ​​។

លោក​បាន​ថ្លែង​ថា៖​«​នៅ​ពេល​អាជីវកម្ម​ក្នុង​ប្រទេស​មាន​ការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ គឺ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ច្រើន​ទាំង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ជា​ពិសេស​នឹង​​ជួយ​ទប់​ស្កាត់​ ឬ​កាត់បន្ថយ​ការ​លក់​ទំនិញ​មួយ​ចំនួន​ដែល​គ្មាន​ប្រភពច្បាស់លាស់ ឬ​ការ​លក់​បង្ខូច​ថ្លៃ​ដែល​បណ្តាល​មក​ពី​ការ​បង់​ពន្ធ​មិន​មាន​តម្លាភាព​ជា​ដើម​»។​

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន ធ្លាប់បាន​​​និយាយ​ថា ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​អាជីវកម្ម​, ការ​សម្រួល​នីតិវិធី​ចុះ​បញ្ជី​ដែល​មាន​ភាព​ងាយ​ស្រួល, និង​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ម្ចាស់​អាជីវកម្ម គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​ចុះ​បញ្ជី។ នៅ​ពេល​គ្រប់​អាជីវកម្ម​សុទ្ធ​តែ​បាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​មាន​តម្លាភាពជាង​មុន​។

លោក​បញ្ជាក់​ថា៖​«​នៅ​ពេល​គ្រប់​អាជីវកម្ម​ទាំង​អស់​ត្រូវ​បាន​ចុះ​បញ្ជី វានឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ហើយ​ជា​មួយ​គ្នា​នេះ​វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​លក់​បង្ខូច​ថ្លៃ​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​មិន​ស្រប​ច្បាប់​មួយ​ចំនួន​ដែល​រក​ស៊ី​ដោយ​មិន​បង់​ពន្ធ​ផង​ដែរ​»៕​