
អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ជួបពិភាក្សាជាមួយក្រុមវិនិយោគិនមកពីខេត្តអានហ៊ួយ ប្រទេសចិន។ រដ្ឋបាលខេត្តព្រះសីហនុ
វិនិយោគិនមកពីខេត្តអានហ៊ួយ ប្រទេសចិន ចំនួន ៥ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សាពីឱកាសវិនិយោគនៅខេត្តព្រះសីហនុដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់ឱ្យកាន់តែធំថែមទៀត ខណៈទំហំទឹកប្រាក់នៃការបណ្តាក់ទុនផ្ទាល់ពីសំណាក់វិនិយោគិនចិននៅកម្ពុជា ក្នុងឆ្នាំ២០២៤ កន្លងមកមានចំនួនជិត ៥០ភាគរយនៃចំនួនទឹកប្រាក់វិនិយោគសរុប។
ចំណាប់អារម្មណ៍ខាងលើត្រូវបានលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយនៅប្រទេសចិន បានលើកឡើងក្នុងជំនួបជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមិថុនា នៅសាលាខេត្តព្រះសីហនុ។
ដំណើរទស្សនកិច្ចមកកម្ពុជារបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចិនខាងលើ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំង ៥ បានចូលរួមក្នុងវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ ដែលបានរៀបចំនៅខេត្តអានហ៊ួយ ប្រទេសចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
លោក Tang Choayang បានលើកឡើងថា បន្ទាប់ពីចូលរួមក្នុងវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ ដែលរៀបចំឡើងនៅខេត្តអានហ៊ួយ គឺមានក្រុមអ្នកវិនិយោគជាច្រើនបានចាប់អារម្មណ៍ចំពោះការមកស្វែងរកឱកាសបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។
លោកបានថ្លែងថា៖«ដោយមានការចាប់អារម្មណ៍ពីសក្តានុពលនៅខេត្តព្រះសីហនុ ទើបក្រុមហ៊ុនរបស់ពួកយើងសម្រេចចិត្តមកសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត និងឈានទៅដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ»។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ សមិទ្ធិផលទាំងអស់នេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគចិនមកកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ ត្រឹមរយៈពេល ១ សប្តាហ៍បន្ទាប់ពីការធ្វើវេទិកា គឺមានវិនិយោគិនចិនជាច្រើនបានបង្ហាញការចាប់អារម្មណ៍មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា នៅក្នុងឱកាសចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែមិថុនា លោកអភិបាលខេត្តព្រះសីហនុ ក៏បានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តជាំងស៊ូ ផងដែរ។ តាមរយៈជំនួបពិភាក្សានេះ អភិបាលខេត្តជាំងស៊ូ ក៏បានណែនាំដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគរបស់ខ្លួនចំនួន ៥០ ក្រុមហ៊ុន ដើម្បីមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខផងដែរ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឆ្នាំ២០២៤ កន្លងមក មានគម្រោងវិនិយោគសរុប ៤១៤ គម្រោងត្រូវបាន CDC អនុម័ត ដែលគម្រោងទាំងអស់នេះមានទុនវិនិយោគសរុប ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៣២ម៉ឺនកន្លែង។ ក្នុងចំនួនទុនវិនិយោគខាងលើ គឺប្រទេសចិនស្ថិតនៅលើគេ ដោយមានចំណែក ៤៩,៨២ ភាគរយនៃទំហំទុនវិនិយោគសរុប, កម្ពុជា ៣៣,៨១ ភាគរយ, វៀតណាម ៨,១១ភាគរយ និងសិង្ហបុរី ៣,៨៣ភាគរយ ក្រៅពីនោះមានដូចជា កោះ Cayman, ម៉ាឡេស៊ី, ជប៉ុន, អាមេរិក, ថៃ, កោះ Samoa, ឥណ្ឌា, កូរ៉េ និងកាណាដា ជាដើម។
ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ លោក អ៊ឹម សេងហួ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ថានភាពវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុក្នុងឆមាសទី១ ឆ្នាំ២០២៥ គឺមានភាពល្អប្រសើរតិចតួចបើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ដោយអចលនទ្រព្យល្អបំផុតក្នុងក្រុងព្រះសីហនុ អាចមានតម្លៃចន្លោះពី ៣ ៥០០- ៤ ៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ និងតំបន់ជាយក្រុងតម្លៃចន្លោះពី ៣៥០-១ ៥០០ដុល្លារ។ តម្លៃនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ គឺមិនមានអ្វីប្រែប្រួលច្រើនទេ។
លោកបន្តថា សម្រាប់សកម្មភាពទិញ-លក់ អចលនទ្រព្យអាចមានកំណើនក្នុងចន្លោះពី ១៥-២០ភាគរយ ហើយការទិញ-លក់នោះ គឺកើតឡើងភាគច្រើនចំពោះអចលនទ្រព្យដែលមានតម្លៃក្រោម ៥០ម៉ឺនដុល្លារ។
លោកបានបន្ថែមថា៖«ការដាក់ចេញគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាល ពិសេស«ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺនឹងជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការនាំចូល នាំចេញទំនិញរវាងប្រទេសកម្ពុជា និងចិន មានទឹកប្រាក់សរុប ១៥,១៩ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ក្នុងចំនួននេះ គឺទំនិញចិននាំមកកម្ពុជាចំនួន ១៣,៤៤ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ ចំណែកទំនិញកម្ពុជានាំទៅប្រទេសចិន ១,៧៥ ពាន់លានដុល្លារ កើន ១៨,៤ ភាគរយ។ ដោយឡែកសម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៧,៦៤ ពាន់លានដុល្លារ កើនឡើង ២៧,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយក្នុងនោះទំនិញកម្ពុជានាំទៅចិន ៦៣៤,០២លានដុល្លារ ធ្លាក់ចុះ ៣,៦ភាគរយ ចំណែកចិននាំមកកម្ពុជា ៧ ពាន់លានដុល្លារ កើនឡើង ៣១,៤ ភាគរយ៕