វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា កំពុង​បង្ហាញ​ពី​ការ​វិវឌ្ឍ​ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងភាពធន់ ព្រមជាមួយនឹងការលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុងសហគមន៍​ឱ្យ​កាន់​តែ​ប្រសើរ​។ បណ្ដាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ដែល​​ជា​អ្នកផ្តល់សេវាហិរញ្ញវត្ថុ​បាននិងកំពុងអនុវត្តការផ្តល់កម្ចីផ្អែកលើក្រមសីលធម៌ អនុលោមភាពបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្នដែលបម្រើដល់ផលប្រយោជន៍ទាំងមនុស្ស និងភពផែនដី។

សេចក្តី​ប្រកាស​ព័ត៌មាន​រួមរបស់​​សមាគមធនាគារនៅកម្ពុជា(ABC) និង​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា(CMA) នា​ថ្ងៃ​ទី​១៦ ខែ​មិថុនា បាន​លើក​ឡើង​ថា វឌ្ឍនភាពនេះ​បានចាប់ផ្តើមក្នុងឆ្នាំ២០១៩ នៅពេលដែលសមាគមធនាគារនៅកម្ពុជា​(ABC) ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាពសម្រាប់កម្ពុជា​(CSFP)។ គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាព ដែលមានការចូលរួមដោយស្ម័គ្រចិត្តនេះ បានជួយឱ្យគ្រឹះ​ស្ថានហិរញ្ញវត្ថុ ដាក់បញ្ចូលនូវលក្ខណៈវិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងសកម្មភាពនៃការផ្តល់ឥណទានរបស់ពួកគេ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បាននិយាយថា៖«ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដែលមានការទទួល​ខុសត្រូវ យើងប្តេជ្ញាធានានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ​សម្រាប់រួមចំណែកគាំទ្រដល់សុខុមាលភាពរបស់ប្រជាជន និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម»​។

ស្របគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក៏បានបង្ហាញការយកចិត្តទុកដាក់ព្រមគ្នាក្នុងការជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានមូលនិធិនិងគាំទ្រអាជីវកម្មខ្នាតតូច គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាប់ដៃគូសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) រយៈពេលបីឆ្នាំ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពង្រីកឥណទានបន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រិនស្ត្រី និងប្រជាពលរដ្ឋនៅតាមទីជនបទ ដោយផ្តល់ការធានាឥណទាន និងការបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

នៅក្នុងកម្រិតសហគមន៍ ទាំងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តយុទ្ធនាការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ។ ចាប់តាំងពីឆ្នាំ ២០២០ មក​សមាជិករបស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាននិងកំពុងជំរុញយុទ្ធនាការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលប្រចាំខែយ៉ាងសកម្ម និងបានពង្រីកការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុតាមបណ្តាញឌីជីថលមកប្រចាំសប្តាហ៍ដែលចាប់ផ្តើមនៅឆ្នាំ២០២៣។

កម្មវិធីសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ «Safe Finance» របស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលគាំទ្រដោយធនាគារជាតិ នៃកម្ពុជា (NBC) និងស្ថាប័នក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុផ្សេងៗកំពុងផ្សព្វផ្សាយ និងចែកចាយសម្ភារអប់រំនៅតាមភូមិ ឃុំ នានា ដើម្បីបង្កើនការយល់ដឹងស្តីពីចំណេះដឹងហិរញ្ញវត្ថុ និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់។

ប្រធានក្រុមប្រឹក្សាភិបាល​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី ឌិត នីតា បាននិយាយ​ថា៖«ការទូទាត់តាមប្រព័ន្ធឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្ដូរបរិបទនៃការរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលខ្វះលទ្ធភាពក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងគណនេយ្យភាព យើងកំពុងកសាងនូវសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងគាំទ្រដល់អតិថិជន និងកិច្ចការពារសហគមន៍»។

ជាមួយគ្នានេះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាមិនត្រឹមតែមានភាពរីកចម្រើនផ្នែកហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រកបដោយការទទួលខុសត្រូវផងដែរ។ ពោល ពួកគេមិនត្រឹមតែកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នោះទេ ការផ្តល់ឥណទានដែលមានតម្លៃសមរម្យដល់សហគ្រិននៅតាមទីជនបទ ឬការធានាថាអ្នកខ្ចីប្រាក់គ្រប់រូបយល់ពីសិទ្ធិរបស់ពួកគេ គឺជារឿងចាំបាច់។ នេះសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុនេះ ជាវិស័យដែលមានទំនួលខុសត្រូវ។ ស្របពេលជាមួយនឹងការផ្តល់អាទិភាពខ្ពស់ពីវិនិយោគិនបរទេសលើតម្លាភាព និរន្តរភាព និងផលប៉ះពាល់រយៈពេលវែងរបស់សង្គម វិស័យហិរញ្ញវត្ថុរបស់កម្ពុជា នឹងលូតលាស់ជាលំដាប់ និងក្លាយជាគំរូសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍៕