ប្រជាជន​កម្ពុជា​ជាង ៩០​ភាគរយ​បានបង្ហាញ​ការ​​ពេញចិត្តចំពោះចំណាត់ការទូទៅរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​​វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់ AVI ស្តីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដែល​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១៨ ខែ​មិថុនា នេះ ​ឱ្យ​ដឹង​ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី​(AVI) បានរៀបចំការស្ទាបស្ទង់​មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ​តំបន់ព្រំដែនជាមួយភាគីថៃ។ 

AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និង​សម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១ ៥៨៨ នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជា យុវជន វ័យកណ្តាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា​ រួមមានពលករក្នុង និងក្រៅស្រុក បុគ្គលិកឯកជន មន្ត្រីរាជការ និស្សិត ក្រុមផ្សេងៗ និងអាជីវករ។

យោង​តាម​ AVI លទ្ធផលសំខាន់ៗនៃការស្ទាបស្ទង់មតិខាងលើនេះ បានបង្ហាញថា៖

១. ប្រជាជនកម្ពុជាច្រើនលើសលប់​(ជាង ៩៣,៦ភាគរយ) ពេញចិត្តចំពោះចំណាត់ការទូទៅរបស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

២. ប្រជាជន ៩៩,៨ភាគរយ​គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់​មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌​អន្តរជាតិ (ICJ)។ ក្នុងនោះដែរ ប្រជាជនបានផ្តល់តម្លៃលើការចរចាទ្វេភាគី (២៩,៣ភាគរយ) ដរាប​ណាមានការតភ្ជាប់ជាមួយតុលាការ ICJ ហើយប្រជាជនកម្ពុជាតិចតួចប្រមាណ ១,១ភាគរយ​មានជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ។ ក្នុងចំណោមអ្នកចូលរួម​ក្នុងសម្រង់មតិខាងលើ ស្ទើរតែគ្មាននរណាម្នាក់(ប្រមាណ០,២ភាគរយ) បានជ្រើសរើសមាគ៌ា​សង្គ្រាម។

៣. ប្រជាជនកម្ពុជា ៨៨,៧ភាគរយ​ពេញចិត្តចំពោះចំណាត់ការបិទព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបចំពោះការបិទព្រំដែនជាឯកតោភាគីដោយយោធាថៃ។ លើសពីនេះ ប្រជាជន​កម្ពុជា ៨៨,៦ភាគរយ គាំទ្រការប្រើប្រាស់ទំនិញក្នុងស្រុក​។

៤. ប្រជាជនកម្ពុជា ៧៣,៨ភាគរយ ជឿថាទំនាស់ព្រំដែននេះបង្កដោយយោធាថៃ ហើយ ២៣,១ភាគរយ​ជឿថាបង្កដោយពួកជាតិនិយមជ្រុលថៃ ហើយប្រជាជនកម្ពុជាយល់ថារដ្ឋាភិបាលថៃមាន​អំណាចតិចតួចនៅក្នុងឥទ្ធិពលនៃការគ្រប់គ្រងរដ្ឋរបស់ថៃ។

៥. ឆ្លើយតបចំពោះវិធានការដាក់កងកម្លាំងប្រដាប់អាវុធឱ្យត្រៀម ២៤ម៉ោងលើ២៤ម៉ោង ប្រជាជនកម្ពុជា ៩៥,៨ភាគរយ គាំទ្រ​បុព្វហេតុការពារជាតិរបស់កងយោពលខេមរភូមិន្ទ ដើម្បីត្រៀម​ទប់ស្កាត់ និងឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ។

ជារួម​តាមរយៈការស្ទាបស្ទង់មតិខាងលើនេះ AVI អាចធ្វើការសន្និដ្ឋានថា៖​«​រាជរដ្ឋាភិបាល​កម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យ មានភាពម្ចាស់ការ និងមានបទពិសោធចាស់ទុំផ្នែក​នយោបាយ មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស៊ីជម្រៅ និងវែងឆ្ងាយក្នុងការដោះស្រាយជម្លោះតំបន់ព្រំ ដែនជាមួយថៃ។ លើសពីនេះ ប្រជាជនកម្ពុជាទូទៅគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការដោះស្រាយជម្លោះតំបន់ព្រំដែនជាមួយថៃ ដោយទទួលបានព័ត៌មាន និងការពន្យល់​ច្បាស់​លាស់ ត្រឹមត្រូវ និងម៉ឺងម៉ាត់ពីមេដឹកនាំកម្ពុជា។ 

ក្នុងន័យនេះកម្ពុជាជ្រើសរើសយកដំណោះ​ស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស​តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និង​សម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ»៕​