កម្ពុជា​កំពុង​​បំផុស និង​លើក​ទឹក​ចិត្ត​​ប្រជាពលរដ្ឋ​​ឱ្យចូល​រួម​ប្រើ​ប្រាស់​វិធី​សាស្រ្ត​នៃ​ការ​​​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​កាន់​តែ​ច្រើន​ និង​មាន​​សុវត្ថិភាពជាង​មុន តាម​រយៈ​ការ​រៀបចំ​វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ។

ក្រសួង​ពាណិជ្ជកម្ម គ្រោងនឹង​​​រៀបចំ«​វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ» លើកទី២ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ​២០២៥ នា​មជ្ឈមណ្ឌលសន្និបាត និង​​ពិព័រណ៍កោះពេជ្រ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី«ការ​រៀបចំ​វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ» លើកទី២ កាល​ពី​រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានប្រាប់​​ថា ដើម្បី​ជំរុញ​សកម្ម​ភាព​​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​ផ្សព្វផ្សាយ​ផលិតផល​​នៅ​តាម​ប្រព័ន្ធ​ឌីជីថល​​នៅ​កម្ពុជា ឱ្យ​កាន់​តែ​មាន​ភាព​រស់​រវើក និង​មាន​សុវត្ថិភាព​ ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ» លើក​ទី​២ នៅ​ខែកញ្ញា​ខាង​មុខ បន្ទាប់​ពី​ទទួលបានជោគជ័យ​ក្នុងការរៀបចំ​លើក​ទី​១ កាលពីចុង​ឆ្នាំ២០២៤។

លោក​ស្រី​បន្ត​ថា វេទិកាពាណិជ្ជកម្ម​ឌីជីថល ​ពិត​ជា​មាន​សារៈ​សំខាន់​​ក្នុង​ការ​ជួយ​លើក​កម្ពស់​សមត្ថភាព​នៃ​ការ​ផ្សព្វផ្សាយ ជំរុញ​ការ​លក់​​ ព្រម​ទាំង​អាច​ជួយ​ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រុមហ៊ុនក្នុង​ស្រុក-ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស។ វេទិកា​នេះ​ក៏នឹង​ជួយ​ពង្រីកទីផ្សារ​នាំ​ចេញ​ទំនិញ​​​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់​តែ​ច្រើន​​ជាង​មុន​​​។

លោកស្រី​បាន​បន្ថែម​​ថា ការ​ជំរុញ និង​លើក​កម្ពស់​ប្រតិបត្តិការ​ទិញ-លក់​ទំនិញ​តាម​ប្រព័ន្ធ​ឌីជីថល​ ក៏​​ស្រប​គ្នានឹង​​អនុសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ដែល​​ថ្លែងថា​​«ពង្រឹងទីផ្សារចាស់ និង​ពង្រីកទីផ្សារថ្មី»។​ បច្ចុប្បន្ន​​​ក្រសួង​ពាណិជ្ជកម្ម​ ក៏​បាន​ដាក់​ឱ្យ​ដំណើរ​ការគេហទំព័រ https://cambodiatrade.com/ ដែល​មាន​ដាក់​តាំង​លក់​ផលិតផល​ក្នុង​ស្រុក​ជាច្រើន​​​។

ទាក់​ទង​នឹង​សកម្ម​ភាព​នៃ​ប្រតិបត្តិការ​​អាជីវកម្មតាម​ឌីជីថល​នៅ​កម្ពុជា គឺ​គេ​សង្កេត​​ឃើញ​មាន​ការ​វិវវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​នារយៈ​ពេល ៤-៥​ ឆ្នាំ​ចុង​ក្រោយ​នេះ។

លោកស្រី​ រដ្ឋា បាន​លើក​ឡើង​ថា ការ​​មក​ដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ បាន​ជំរុញ​ឱ្យ​កម្ពុជា​បង្កើត​ច្បាប់​ស្តី​ពី​ ពាណិជ្ជកម្មតាម​អេឡិចត្រូនិក នៅ​ក្នុងឆ្នាំ ២០១៩ ហើយ​​នៅឆ្នាំ ២០២០ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិកជាលើកដំបូង​ដោយផ្តោតលើអាជីវកម្មធុនតូច និងមធ្យម​(SME)។ បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០ ផងដែរ។​

លោកស្រី​បញ្ជាក់ថា តាមរយៈ«​វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ»​ ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា​នឹង​​សម្រេចបានគោលដៅមួយ​ចំនួន​ដូចជា ជំរុញ​សកម្ម​ភាព​​ធ្វើពាណិជ្ជកម្ម​តាម​ឌីជីថល​, ការចាប់ដៃគូសហការ​រវាង​ម្ចាស់​អាជីវកម្ម និង​ការ​យល់ដឹង​កាន់​តែ​ច្រើន​ពី​ភាព​វិជ្ជមាន​​​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ឌីជីថល ក៏​ដូច​ជា​បញ្ហា​សុវត្ថិភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​​ ជា​ដើម​។​

បើ​តាម​លោកស្រី​រដ្ឋលេខាធិការ ក្នុង​វេទិកាខាងលើ​ក៏​នឹង​មាន​​ការធ្វើ​បទ​បង្ហាញពី​​អ្នកជំនាញ​លើផ្នែកបញ្ញាសិប្បនិម្មិត ពាណិជ្ជកម្មឌីជីថល ព្រម​ទាំង​ការ​ជជែក​ដេញ​ដោល​របស់​ក្រុមយុវជនផងដែរ។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០២៤ ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថលនៅ​កម្ពុជា​(ក្នុង​ស្រុក និង​ឆ្លងដែន) មាន​ទឹក​ប្រាក់ប្រមាណ ១,៥១ ពាន់​លាន​ដុល្លារ កើន​ពី​ ១,២៨​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣។ ក្នុង​ឆ្នាំ​២០២៥ នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ដល់ ១,៧៨​ពាន់​លានដុល្លារ​។ ចំនួន​នេះ​ គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយបើ​ធៀប​ទៅ​​ទឹក​ប្រាក់​សរុប​ក្នុង​តំបន់អាស៊ាន ដែល​​មាន​ប្រមាណ ១១៦​ ពាន់​លានដុល្លារ ក្នុង​ឆ្នាំ​២០២៤  និង​​រំពឹង​កើន​ដល់ ១៣៧ ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២៥ នេះ​៕