ទុន​វិនិយោគ​​ក្នុង​​វិស័យយានយន្តកម្ពុជា គិត​ត្រឹម​ឆ្នាំ ​២០២៤ មាន​ប្រមាណ​ ៧៤៦ លាន​ដុល្លារ ខណៈការនាំចេញមាន​ទឹក​ប្រាក់​ជាង ១,១​ ពាន់​លាន​ដុល្លារ ដែល​ភាគ​ច្រើន​បាន​មក​ពី​​ការនាំ​ចេញ​​ផលិតសំបកកង់រថយន្ត​។ នេះ​បើ​តាម​​​លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​។

ក្នុង​កិច្ច​ប្រជុំលើក​ទី​២ នៃ​​​គណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៥ លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា វិស័យ​យានយន្ត​កម្ពុជា​កំពុង​បង្ហាញ​ពី​វឌ្ឍនភាព​ដ៏​គួរ​ឱ្យ​កត់​សម្គាល់។ ​កិច្ចប្រជុំនេះ គឺពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​​ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ មុននឹងដាក់ឆ្លងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខ។

លោក​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ខិតខំ​​ធ្វើ​បុរេសកម្ម​ក្នុងចក្ខុវិស័យ​ដើម្បី​ប្រែក្លាយខ្លួន​ទៅ​ជា «មជ្ឈ​មណ្ឌល​ប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងពិភពលោក» ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន«សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤»។

លោក​បានថ្លែង​​ថា៖​«​ ក្រោយពីបានដាក់ចេញនូវផែនទីបង្ហាញផ្លូវនាពេលកន្លងមក ការធ្វើពិពិធកម្មសេដ្ឋកិច្ចបានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ។ ជាក់ស្ដែងនៅឆ្នាំ ២០២៤ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារ ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ ១,១៤ ពាន់​លានដុល្លារ គឺ​​លើសពី​ផែនការសម្រាប់ឆ្នាំ២០២៧។ ​មួយផ្នែកធំនៃ​ទឹកប្រាក់​នាំ​ចេញ គឺ​បានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្ត ដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន ៧ ដែលកំពុង​ផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា​ផងដែរ»។

លោក​លើក​ឡើង​ទៀត​ថា ដោយឡែក​ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនិន្នាការនៃការកើនឡើងផងដែរ បើទោះបីបានថយល្បឿនបន្តិចនៅឆ្នាំ ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសកល។

អ្នក​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុងថ្ងៃ​ទី​១៩ ខែ​មិថុនាថា កត្តា​ស្ថិរភាពនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន តម្លៃ​កម្លាំង​ពលកម្ម​ជំនាញ និងកត្តា​ទីផ្សារ​ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​កាន់​តែ​ច្រើន និង​មាន​នៅ​ស្ទើរ​គ្រប់​វិស័យ​។

លោក​បន្ត​ថា បន្តិចម្តងៗ​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ទាំង​ស្រុង ទៅ​ជា​ប្រទេស​នាំ​ចេញ​ទំនិញ​ចម្រុះ​មុខ​ទៅ​ទីផ្សារ​ពិភពលោក។ បច្ចុប្បន្ន​ក្រៅ​ពី​ការ​នាំ​ចេញ​ផលិតផលវាយនភណ្ឌ កសិកម្ម និង​ធនធាន​ធម្មជាតិ ​កម្ពុជាក៏​​កំពុង​បង្កើន​ការ​នាំ​ចេញ​ផលិតផល​សម្រេច​​ដែល​ជា​ប្រភេទ​គ្រឿង​ម៉ាស៊ីន គ្រឿង​បង្គុំ​អេឡិចត្រូនិក សំបកកង់​រថយន្ត ព្រម​ទាំង​រថយន្ត​មួយ​ចំនួន​ផងដែរ​។

លោក​បាន​ថ្លែង​ថា៖​«​ផលិតផល​នាំ​ចេញ​របស់​ក​ម្ពុជា​កំពុង​ត្រូវ​បាន​​ធ្វើ​ពិពិធកម្មជាបន្ត​បន្ទាប់ ដែល​ទិដ្ឋភាព​នេះ​បាន​ជួយ​ឱ្យ​កម្ពុជា​មាន​ទីផ្សារ​នាំ​ចេញ​កាន់​តែ​ច្រើន ហើយ​ជន្ទល់​​សេដ្ឋកិច្ច​ជាតិ​ក៏​កាន់​តែរឹងមាំជាង​មុន​ផងដែរ​»។

លោក​លើក​ឡើង​ទៀត​ថា ជា​មួយ​នឹង​អ្វី​ដែល​កម្ពុជា​កំពុង​មាន​នៅ​ពេល​នេះ គឺ​ការ​នាំ​ចេញ​ផលិតផល​/​ទំនិញ​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​មាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​នា​​ពេល​ខាង​មុខ​។

បច្ចុប្បន្ន​កម្ពុជា​មានរោងចក្រដំឡើងរថយន្តមួយ​ចំនួន ដូចជា ក្រុមហ៊ុន RMA មានរោងចក្ររថយន្ត Ford នៅខេត្តពោធិ៍សាត់, ក្រុមហ៊ុន Hyundai នៅខេត្តកោះកុង​, ក្រុមហ៊ុន ISUZU  នៅ​ខេត្តកំពង់ស្ពឺ, ក្រុមហ៊ុន TOYOTA នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, ក្រុមហ៊ុន GTV MOTOR នៅខេត្តកណ្តាល និងក្រុមហ៊ុន BYD (រោងចក្រដំឡើងរថយន្តអគ្គិសនី) នៅខេត្តព្រះសីហនុ។

របាយការណ៍​​ក្រសួង​ពាណិជ្ជកម្ម ​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​សំបក​កង់​រថយន្ត​​​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ទឹក​ប្រាក់​សរុប ៧៧២,៥៥ លាន​ដុល្លារ កើន​ឡើង ១៣៥,៣៤ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ ៣២៨,២៧ លាន​ដុល្លារ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ បាន​​និយាយ​ថា កំណើន​ទឹក​ប្រាក់​នាំ​ចេញ​សំបក​កង់​រថយន្ត ឆ្លុះបញ្ចាំង​ពី​ការ​ធ្វើ​ពិពិធកម្ម​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ចំនួន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​កំពុង​កើន​ឡើង។ កំណើន​ទឹក​ប្រាក់​នាំ​ចេញ​សំបក​កង់​រថយន្ត គឺ​ជា​វឌ្ឍនភាព​នៃ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើកំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ និង​ការ​ចរចា​បើក​ទីផ្សារ​ជាមួយ​ប្រទេស​កាន់​តែ​ច្រើន។

លោក​​ថ្លែង​ថា៖​«ការ​នាំ​ចេញ​ផលិត​ផល​សំបក​កង់​រថយន្ត​ គឺ​ជា​ភាព​ជោគ​ជ័យ​ថ្មី​មួយ​ទៀត​ដែល​កម្ពុជា​អាច​យក​ផលិតផល​របស់​ខ្លួន​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​​​មាន​កាន់​តែ​ច្រើន»៕