ភ្ញៀវទេសចរបរទេស​ជិត ៥៣ ម៉ឺននាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ នៅ​ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​២០២៥ ដែល​ធ្វើ​ឱ្យ​​​គ្រឹះ​​ស្ថាន​អង្គរ (Angkor Enterprise) ​ប្រមូល​ប្រាក់​ពី​ការ​លក់​សំបុត្របាន​ជាង ២៤ លាន​ដុល្លារ កើន​ជាង ១០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ បើបូក​បញ្ចូល​ជា​មួយ​​ទីតាំង​ផ្សេង​ទៀត គ្រឹះ​​ស្ថាន​មួយ​នេះ រក​ប្រាក់​បាន​ជិត ២៦ លាន​ដុល្លារ​។​

គ្រឹះស្ថាន​អង្គរ គឺ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ដែល​ត្រូវ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ស្ថិត​ក្រោម​អាណា​ព្យាបាល​បច្ចេក​ទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិត​ក្រោម​អាណា​ព្យាបាល​ហិរញ្ញ​វត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ការ​ប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួម​មាន រមណីយ​ដ្ឋាន​អង្គរ, ប្រាសាទ​កោះកែរ, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។

សម្រាប់​តម្លៃ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែក​ចេញ​ជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មាន​តម្លៃ ៣៧​ដុល្លារ, រយៈ​ពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង​ ៧​ថ្ងៃ​ មាន​តម្លៃ ៧២​ដុល្លារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​​គ្រឹះ​​ស្ថាន​អង្គរ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា បាន​ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០២៥ មាន​ភ្ញៀវទេសចរបរទេស​ ៥២៧ ៥៧៧ នាក់​បាន​ទិញ​​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ ដោយ​ចំនួន​នេះ​កើនឡើង​ប្រមាណ ១១,៧១ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤ ចំណែក​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ គឺ ២៤,៥៧ លាន​ដុល្លារ កើន​ឡើង ១០,៦៤​ភាគរយ​។​

ដោយ​ឡែក​ក្រៅ​ពី​ការ​លក់​សំបុត្រ​តំបន់​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ​ក៏​ទទួល​បាន​ចំណូល​ពី​ប្រភព​ចំនួន ៤ ផ្សេង​ទៀត​ ដែល​រួម​មាន តំបន់​ប្រាសាទ​កោះកែរ មាន​ទឹក​​​​ប្រាក់ ១៧២ ៤៨៥ ដុល្លារ, ប្រាសាទបេងមាលា ៧៥ ៥២០​ដុល្លារ, តំបន់​ភ្នំក្បាលស្ពាន ២ ៨៥០​ដុល្លារ និង​តំបន់​កំពង់ផែចុងឃ្នៀស ១ ១៤៣ ៤២១​ដុល្លារ។

ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២ ខែ​មិថុនា​ថា ភ្ញៀវ​ទេសចរបរទេស​ដែល​​ធ្វើ​ដំណើរ​មកទស្សនា​​តាម​បណ្តា​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប​បាន​កើន​ឡើង​​ច្រើនកាល​ពី​ដើម​ត្រីមាស​ទី ៤ ឆ្នាំ២០២៤ ប៉ុន្តែ​ពេល​នេះ​មិន​សូវ​មាន​ទេ ព្រោះ​វា​ជា​អំឡុង​ពេល​មិន​សូវ​មាន​ភ្ញៀវ​(Low Season)។ ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ គឺ​មាន​ចម្រុះ​ជាតិ​សាសន៍ ពិសេស​មក​តំបន់​អ៊ឺរ៉ុប អាមេរិក។ លោក​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​នឹង​មាន​ច្រើន​វិញ​នៅ​ក្នុង​រយៈ​ពេល ៣-៤ខែ​ខាង​មុខ។

លោក​និយាយ​ថា៖​«​បន្ទាប់​ពី​ធ្លាក់​ចុះយ៉ាង​គំហុក​កាល​ពី​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ភ្ញៀវបរទេស​ដែល​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទបុរាណ​កម្ពុជា​បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​»។ លោក​បន្ត​ថា៖​«​សម្រាប់​រយៈពេល​ខាង​មុខ​ គឺ​ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បែបណា​ទេ ព្រោះចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរបរទេស ក៏​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​នយោបាយ​ និង​សេដ្ឋកិច្ច​សកល​ផងដែរ​»។​​

សម្រាប់​ឆ្នាំ​២០២៥ នេះ​ក្រសួង​ទេសចរណ៍ បាន​ព្យាករណ៍​ថា​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរបរទេស​​ប្រមាណ ​៧,៥ លាននាក់​ដែលនឹងនាំ​ចំណូល​​​ចូល​សេដ្ឋកិច្ចជាតិ ​ប្រមាណ​​​ជាង ៥ ពាន់លានដុល្លារ​។

ក្រសួង​ទេសចរណ៍​ ឱ្យ​ដឹង​ថា ក្នុង​​ត្រីមាសទី១ ឆ្នាំ ២០២៥ មាន​ភ្ញៀវ​ទេសចរបរទេស​ជិត​ ១,៨៤ លាននាក់បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ ​​កើនឡើង ១៦,១​ភាគរយ​​បើ​ធៀបនឹងត្រីមាស​ទី​១ ឆ្នាំ​២០២៤។

បុរសវ័យ ៣៥ឆ្នាំ​ម្នាក់ ជា​​ឆ្មាំនៅ​ប្រាសាទ​អង្គរវត្ត បាន​និយាយ​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភាថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​​នានា​ក្នុង​ខេត្ត​សៀមរាម​ ​ភាគ​ច្រើន​គឺ​មក​ពី​តំបន់​អឺរ៉ុប និង​អាមេរិក។ ចំនួន​ភ្ញៀវជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ពិត​ជា​កើន​ឡើង​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។​​

លោក​បាន​អះអាង​ថា៖​«​ក្នុង​ពេល​នេះ គឺ​មាន​ភ្ញៀវ​បរទេស​តិចតួច​​ប៉ុណ្ណោះ​មក​លេង​អង្គរ ប៉ុន្តែ​វា​នឹង​មាន​ចំនួន​ច្រើន​ចាប់​ពី​ចុង​ខែ​សីហា​តទៅ​»។​

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា ក្នុងឆ្នាំ ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរបរទេស​សរុប ៦,៧ លាន​នាក់ ​កើន​ឡើង​ ២២,៩ ភាគរយ ចំណែក​ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ គឺ​មានសរុជិត ៣,៦៤ ពាន់លានដុល្លារ កើនជាង ១៨ភាគរយ​បើ​ធៀបនឹងឆ្នាំ​២០២៣។ វិស័យ​ទេសចរណ៍​បាន​ចូល​រួម​ចំណែក​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ៩,៤​ភាគ​រយ​៕