អ្នក​​ជំនាញសេដ្ឋកិច្ច និងអ្នក​ជំនាញ​​វិស័យទេសចរណ៍​ បាន​សាទរ​ចំពោះ​​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​​​កម្ពុជា​ដែល​បាន​​​​​ជ្រើស​រើស​យក​ដំណោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់ឱ្យ​បាន​ឆាប់​​នូវបញ្ហា​ជម្លោះ​ព្រំដែននៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ​ដ៏​រាំរ៉ៃជាមួយ​ប្រទេស​ថៃ​ ដែល​​វិធី​សាស្រ្ត​នេះ​ក៏​នឹង​​ជួយ​ឱ្យ​ទំនាក់​ទំនង​​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​​ទាំង ២ រក្សាបាន​នូវ​ភាព​ល្អប្រសើរ​ផងដែរ​។​

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ក្នុង​​កិច្ច​ប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី២ ខែ​មិថុនា​ បានថ្លែង​ថា ​ប្រសិន​បើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) វា​អាច​នាំ​ទៅ​រក​ស្ថានភាព​ដូច​នៅ​ Gaza ​ដែល​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ប្រយុទ្ធ​គ្នា​ដោយ​គ្មាន​ទី​បញ្ចប់។ លោកបាន​បន្ត​ថា អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ ដែល​បានចុះ​ហត្ថលេខា​រវាង​ភាគី​ទាំង ២ គឺ​មិន​អាច​ធ្វើ​បាន​ទៀត​ទេ ដោយ​សារ​តែ​វា​មាន​រយៈ​ពេល ២៥​ឆ្នាំ​ហើយ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ ហើយ​ថែម​ទាំង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​ខ្មែរ​ម្នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

លោកបាន​ថ្លែង​ថា៖«បើ​មិន​ឱ្យ​​តុលាការ​កាត់​ក្ដី​ទេ រឿង​នេះ​គឺ​ដូច​តំបន់​ហ្គាហ្សា រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ដូចគ្នា...ដោះ​ស្រាយ​អត់​ចប់​ទេ ហើយ​វ៉ៃ​គ្នា​រហូត បើ​មិន​តូច​ក៏​ធំ​ បើ​មិន​ធំ​ក៏​ដូច​ដែរ។ អីចឹងតើ​ខ្លាច​អី​នឹង​ទៅ​កាន់​តុលាការ បើ​យើង​មាន​ចិត្ត​ស្មោះ​ត្រង់»។

បញ្ហា​ជម្លោះ​នេះ​ត្រូវ​បាន​អ្នក​ជំនាញសេដ្ឋកិច្ច​ និង​អ្នក​ជំនាញក្នុង​វិស័យ​ទេសចរណ៍​ អះអាង​ថា​នឹង​ជះផល​អវិជ្ជមាន​ដល់​ប្រទេស​ទាំង ២ ប្រសិន​បើ​​អូស​បន្លាយ​ពេល​កាន់​តែ​យូរ។​

ទិន្នន័យ​​កត់​ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ឱ្យ​ដឹង​ថា ក្នុងឆ្នាំ​២០២៤ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ថៃ មាន​ទឹក​ប្រាក់​សរុប ៤,២៩​ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១៥,៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន ៣,៧១ ពាន់​លាន​ដុល្លារ​។ ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ថៃមាន​ទឹក​ប្រាក់ ៨៤៤,៩ លាន​ដុល្លារ កើន​ឡើង ៣,៣​ភាគរយ និងថៃ​នាំចូល ៣,៤៤ ពាន់​លាន​ដុល្លារ កើន ១៨,៩​ភាគរយ​។​ ផ្អែក​តាម​ទិន្នន័យ​នេះ​គឺ​ជញ្ជីង​ពាណិជ្ជកម្ម​​កម្ពុជា​មាន​ឱនភាព​ប្រមាណ ២,៦ ពាន់​លាន​ដុល្លារ​ កើន​ពី​ចំនួន ២,០៨​ ពាន់​លាន​​កាល​ពី​ឆ្នាំ​២០២៣។

ដោយឡែក​សម្រាប់​រយៈ​ពេល ៤ខែ​ដើម ​ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់ ១,៤៩ ពាន់លាន​ដុល្លារ កើន​ឡើង ៦,៤​ភាគ​រយបើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤ ​ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ថៃ ៣២៧,៧៨ លាន​ដុល្លារ ធ្លាក់​ចុះ ២,៩​ភាគរយ និង​ថៃ​នាំចូល ១,១៧ ​ពាន់​​លាន​ដុល្លារ កើន​ឡើង ៩,៤​ភាគរយ​។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍នៅ​ថ្ងៃ​ទី​៣ ខែមិថុនា​ថា ​ទោះបី​ប្រទេស​កម្ពុជា និង​ថៃ បាន​​កើតមាន​​បញ្ហាជម្លោះ​ប្រដាប់​អាវុធ​​រយៈ​ពេល​ខ្លី​ជាមួយ​គ្នាកាល​ពី​សប្តាហ៍​មុន​ក៏​ដោយ ក៏​សកម្ម​ភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទំនាក់​ទំនង​ការទូត​ រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ នៅ​ពេល​នេះ​ហាក់មិន​ទាន់​​ឡើង​កម្តៅ​គួរ​ឱ្យ​កត់​សម្គាល់​​ទេ ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​ការ​ប្រកាស​ពី​ការ​ធ្វើ​ពហិការ​មិន​​ប្រើ​ប្រាស់​ផលិត​ផល​នៃ​ប្រទេស​នីមួយៗ​​នោះ​ទេ។ ការ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ច្បាប់​​អន្តរជាតិ​​កាន់​តែលឿន គឺ​កាន់​តែ​ល្អ ព្រោះ​វា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ច្រើន​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២។​

លោក​បាន​និយាយ​​ថា៖​«​ដោយសារ​ប្រទេស​ទាំង ២ មិន​បាន​ឈាន​​ដល់​ការ​​ប្រកាស​ពី​ការ​ធ្វើ​ពហិការ​​ប្រើ​ប្រាស់​ផលិត​ផល​​របស់​គ្នា​​ទៅ​វិញ​ទៅមក​ ដូច្នេះ​ផល​ប៉ពាល់​​នៃ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នៅ​មិន​ទាន់​មាន​សញ្ញា​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​​​ទេ។ ម្យ៉ាង​​ទៀត​ ការ​ប៉ះ​ទង្គិច​នៅ​តាម​ព្រំដែន​កាល​ពី​សប្តាហ៍​កន្លង​មក គឺ​មិន​មែន​ទើប​តែ​កើត​ឡើង​ជា​លើក​ដំបូង​នោះ​ទេ»។​

លោក​​បញ្ជាក់​ថា៖​«​ដរាបណា​រដ្ឋាភិបាល​ទាំង ២ មាន​ឆន្ទះ​ក្នុង​ការ​ទប់​ស្កាត់​​ជម្លោះតាម​ព្រំដែនមិន​ឱ្យក្លាយ​ទៅ​ជាជម្លោះ​ផ្នែក​ការ​ទូត និង​ពាណិជ្ជកម្ម គឺ​វា​នឹង​មិន​រីក​រាល​ដាល​ដល់​ផ្នែក​ផ្សេងៗ​ទៀត​​ឡើយ​»។

ទាក់​ទង​នឹង​ការ​វិនិយោគ លោក​ វិចិត្រ បាន​អះអាង​ថា ដោយសារ​ច្បាប់​វិនិយោគ​របស់​កម្ពុជា មាន​លក្ខណអំណោយផល និង​មិន​មាន​ការ​រើស​អើង​សម្រាប់​ជាតិ​សាសន៍​​ណាមួយ ដូច្នេះ​បើ​វិនិយោគិន​បរទេស រួម​ទាំង​វិនិយោគិន​ថៃ​នៅ​តែ​មើល​ឃើញ​ពី​ឱកាស​ក្នុង​​ការទទួល​បាន​ផល​ចំណេញ គឺ​គេ​ប្រាកដ​ជាចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​។

បើ​តាម​លោក វិចិត្រ ភាព​​អំណោយ​ផល​​ខ្លាំង​នៃ​ច្បាប់​វិនិយោគ​​កម្ពុជា ​ដែល​ប្រទេស​ផ្សេងៗ​ស្ទើរតែមិន​មាន​នោះ គឺ​ការ​អនុញ្ញាត​ឱ្យ​វិនិយោគិន​បរទេស​អាច​មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​លើ​អាជីវកម្ម​របស់​ខ្លួន ១០០​ភាគរយ ហើយ​​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ក៏​គេ​អាច​យក​ចេញ​ទៅ​វិញ​បាន​ទាំង​អស់​ផងដែរ​។​

លោក​បានថ្លែង​​​ថា៖​«​ដរាបណា​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ស្ថិរភាពនយោបាយ​ ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច​ កម្លាំងពលកម្មវ័យ​ក្មេង​ប្រកប​ដោយ​សមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពិសេស​កំពង់ផែទឹកជ្រៅនៅ​ខេត្ត​ព្រះសីហនុ អាកាសយានដ្ឋាន​អន្តរជាតិ​ និង​ច្បាប់​វិនិយោគ​អំណោយផល គឺ​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយមថា កម្ពុជាគឺ​​ជា​ទីតាំង​ដ៏​​ទាក់​ទាញ​សម្រាប់​ការ​បណ្តាក់​ទុនលើ​គ្រប់​វិស័យ​ពីសំណាក់​គ្រប់​អ្នក​វិនិយោគ​គ្រប់​ជាតិ​សាសន៍​​»។​

ចំណែក​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​មាន​ច្រក​ទ្វារ​ព្រំដែន​ច្រើន​ជាប់​ជាមួយ​ប្រទេស​ថៃ ធ្លាប់​បាន​និយាយ​ថា ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ថៃ​គឺ​ជា​ផលិតកម្ម​កសិកម្ម​មាន​​ដូចជា ដំឡូងមី ពោត ផ្លែស្វាយ ម្រេច ផ្លែស្វាយ និងសណ្តែក​ ជាដើម ចំណែក​ទំនិញ​​ថៃ​នាំ​ចូល​វិញ​មាន​ដូចជា ​គ្រឿង​សំណង់ សម្ភារ​អគ្គិសនី គ្រឿង​យន្តកសិកម្ម ចំណី​អាហារ គ្រឿង​ទេស ភេសជ្ជៈ និង​ផ្លែឈើ ជាដើម។

សម្រាប់​វិស័យ​ទេសចរណ៍ ត្រូវ​បាន​ លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លើក​ឡើង​ថា វិស័យ​ទេសចរណ៍​ គឺ​តែង​មាន​ភាព​ផុយ​ស្រួយ​បំផុត​នៅ​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ណាមួយ​កើត​ឡើង។ ក្នុង​នាម​ជា​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​លោក​ចង់​ឃើញ​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយ និង​មាន​ការ​អភិវឌ្ឍលើ​គ្រប់​វិស័យ​ ខណៈ​កម្ពុជា​មាន​ទីតាំងសក្តានុពល​​ជា​ច្រើន​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ឱ្យ​មក​កម្សាន្ត​។​​

លោក​បាន​ថ្លែង​ថា៖​«​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ជា​រឿង​ដ៏​ត្រឹម​ត្រូវ ព្រោះ​កម្ពុជា​មាន​ឯកសារ និង​កំពុង​ប្រើប្រាស់​នូវ​ផែនទី​ដែល​មាន​ការ​ទទួល​ស្គាល់ជាអន្តរជាតិ​។ ជា​ទូទៅ​កន្លែង​ណា​ដែល​មាន​សង្គ្រាម គឺ​មិន​មាន​ភ្ញៀវ​ទេសចរ​ទៅ​ដើរ​កម្សាន្ត​​នោះ​ទេ»។

ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរបរទេស​សរុប ៦,៧ លាន​នាក់ ​កើន​ឡើង​ ២២,៩ ភាគរយបើ​ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុង​នោះ​ភ្ញៀវ​ជន​ជាតិ​ថៃ មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ប្រមាណជិត ២,១៥លាននាក់ កើន​ឡើង ១៧,៩ភាគរយ​។ សម្រាប់​រយៈ​ពេល ៣ខែដើម​ឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវបរទេស ១,៨៤លាននាក់ កើន​ឡើង ១៦,១​ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៤ ក្នុង​នោះ​ភ្ញៀវជនជាតិថៃ មាន​ចំនួន ៥០​ម៉ឺននាក់ កើន​ឡើង ១៩,៥​ភាគរយ​៕