សហភាព​អឺរ៉ុប(EU) និង​អាល្លឺម៉ង់ ​បាន​ប្រកាស​​​«ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា​៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម (Launching of the EU-Cambodia Business Partnership: Export Lab and Agri-Innovation Lab) ដែលកម្ម​វិធី​​នេះ​មាន​គោល​បំណង​ជំរុញ និង​លើក​កម្ពស់​សមត្ថ​ភាព​ការ​នាំ​ចេញទំនិញ​​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​អន្តរជាតិ។

ពិធី​សម្ពោធ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ​២០២៥ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសហគមន៍​អឺរ៉ុប ​និងប្រទេស​អាល្លឺម៉ង់ ព្រម​ទាំង​ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សេចក្តីប្រកាសព័ត៌មានរបស់​ស្ថានទូត​សហភាពអឺរ៉ុប​ប្រចាំនៅកម្ពុជា​​ បាន​សរសេរ​ថា មិនថាអ្នកកំពុងស្វែងរកការពង្រីកអាជីវកម្ម ផលិតកម្មធ្វើឱ្យ​ទាន់សម័យ ឬចង់ទៅកាន់ទីផ្សារអន្ដរជាតិ កម្មវិធីនេះនឹង​ផ្ដល់ជំនួយហិរញ្ញប្បទានរួមរហូតដល់ ៥ ម៉ឺនដុល្លារ​សម្រាប់គម្រោងនីមួយៗ ជាមួយនឹងការណែនាំពីអ្នកជំនាញ ការបណ្តុះបណ្តាលតាមតម្រូវការ និងឱកាសចូលរួមក្នុងការច្នៃប្រឌិត និងការប្រកួតប្រជែងនាំចេញ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានលើក​ឡើង​ថា​៖«​សហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ កំពុងសហការជាមួយគ្នា​ដើម្បីបើកចំហសក្ដានុពលដែលមិនទាន់បានប្រើប្រាស់របស់កម្ពុជា​នៅក្នុងវិស័យកែច្នៃផលិតផលកសិកម្ម នវានុវត្តន៍ចំណី​អាហារ និងការនាំចេញផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃបន្ថែម។ យើងចង់ឃើញផលិតផលកម្ពុជាច្រើនជាងមុន​នៅលើធ្នើហាងអាហារនៅអឺរ៉ុប នៅភោជនីយដ្ឋាន និងពិព័រណ៍អាហារអឺរ៉ុប មិនត្រឹមតែជាផលិតផលទូទៅទេ ប៉ុន្តែជាសញ្ញានៃគុណភាព នវានុវត្តន៍ និងមោទនភាពផ្ទាល់ខ្លួន»។

អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍​នៅស្ថានទូតអាល្លឺម៉ង់ លោក Gidon Windecker បានលើកឡើងពីសារៈសំខាន់នៃសហការនេះថា៖​«តាមរយៈជំនាញបច្ចេកទេស ការអនុលោមតាមស្ដង់ដារអន្ដរជាតិ និងការភ្ជាប់អាជីវកម្មជាមួយគ្នា យើងកំពុងបង្កើតស្ពានភ្ជាប់រវាងសហគ្រាសកម្ពុជា និងអឺរ៉ុប​ដើម្បីបង្កើនភាពរឹងមាំនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ចូលកម្ពុជាចូលទៅក្នុងទីផ្សារអន្ដរជាតិ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ គឺ​កម្មវិធី​សហប្រតិបត្តិការអាជីវកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជា(EU-Cambodia Business Partnership Facility) មិនមែនជាកម្មវិធីផ្ដល់ថវិកាតែប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏​ជាជំរុញដ៏សំខាន់សម្រាប់ការប្រែប្រួល នវានុវត្តន៍ និងការរីកចម្រើនប្រកបដោយចីរភាព។ យើងអញ្ជើញសហគ្រាសកម្ពុជាទាំងអស់ដែលមានលក្ខណៈសម្បត្តិ សូមចាប់យកឱកាសនេះ​ដើម្បីលើកស្ទួយអាជីវកម្មរបស់អ្នក ធ្វើអត្ថប្រយោជន៍ដល់ការអភិវឌ្ឍជាតិ និងភ្ជាប់ខ្លួនជាមួយទីផ្សារពិភពលោក។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក​ សំហេង បូរ៉ា បានថ្លែងថា កម្មវិធីនេះ​ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការគាំទ្រ និងជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម កសិកែច្នៃ និងផលិតផលបែបច្នៃប្រឌិត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។ លោក​បាន​បន្ត​ថា ក្នុង​កម្មវិធីនេះ​ ក៏បានដាក់ឱ្យដំណើរការជាផ្លូវការផងដែរនូវគម្រោង Export Lab និង Agri-Innovation Lab ដែលគម្រោងនេះជាជំហានចាប់ផ្ដើមសំខាន់មួយក្នុងការគាំទ្រដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

លោក​បាន​បញ្ជាក់​ថា៖​«​កម្មវិធីទាំងនេះនឹងផ្តល់នូវការបណ្ដុះបណ្ដាលជំនាញផ្នែកអភិវឌ្ឍផលិតផល ការរៀបចំស្តង់ដារនាំចេញ ការផ្សាភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារអឺរ៉ុប-អាស៊ាន និងផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេសដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា  នៅក្នុងវិស័យកសិកម្ម កសិកែច្នៃ និងវស័យគោលដៅជាច្រើនទៀត»។

ជាមួយគ្នានេះ លោក​ក៏​បាន​​បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងអាជីវកម្មនៅកម្ពុជា ចាប់យកឱកាសនេះដើម្បីជំរុញ​ការអភិវឌ្ឍផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ជាមួយការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារអាស៊ាន និងពិភពលោក។ លើសពីនេះ លោក​​ក៏បានជំរុញឱ្យក្រុមហ៊ុន និងសហគ្រាសបង្កើនសមត្ថភាពបច្ចេកទេស ស្តង់ដារ និងការវេចខ្ចប់ផលិតផល ដើម្បីបង្កើតគំនិតថ្មី និងជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលជាជម្រើសសំខាន់សម្រាប់ពង្រីកទីផ្សារនាំចេញ និងពង្រីកការទទួលស្គាល់កិត្តិនាមរបស់ផលិតផលកម្ពុជា “Product of Cambodia” នៅលើឆាកអន្តរជាតិ៕​