
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជាកសិករក្នុងសហគមន៍កសិកម្មទំនើប នៅខេត្តសៀមរាប។ ឃឹម ហ្វីណង់
រដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍នូវកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារអាមេរិកបន្ថែមសម្រាប់គាំទ្រដល់ការផ្ដល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ ជូនទៅដល់សហគមន៍កសិកម្មទំនើប ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីជួយពង្រឹងគុណភាពវិស័យកសិកម្ម និងទីផ្សារផងដែរ។
ក្នុងពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍នូវកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារបន្ថែមទៀតដើម្បីគាំទ្រដល់ការផ្ដល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះជូនសហគគមន៍កសិកម្មទំនើបនៅក្នុងរយៈពេល ៣ ឆ្នាំ ដែលជាយន្តការពង្រឹងគុណភាពកសិកម្ម និងទីផ្សារ ហើយរដ្ឋាភិបាលក៏នឹងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងសមាជិកកសិករឱ្យកាន់ច្រើនថែមទៀត។
លោកបន្តថា ចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនេះ គឺកម្ពុជាកំពុងសម្រេចបានលទ្ធផលសំខាន់ៗដូចជា បានបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១២ បន្ថែមលើសហគមន៍កសិកម្មដែលមានស្រាប់សរុបចំនួន ២ ៦០១ និងត្រូវចុះបញ្ជីទទួលស្គាល់ជាផ្លូវការក្នុងខេត្តចំនួន ៧ រួមមាន ខេត្តសៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ និងពោធិ៍សាត់ លើមុខដំណាំយុទ្ធសាស្រ្តចំនួន ៤ មុខ គឺដំណាំស្រូវ ស្វាយចន្ទី ដំណាំបន្លែ និងម្រេច។
លោកបានថ្លែងថា៖«រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបជូនសហគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ ២០២៥-២០២៧។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បាននិងកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្តាខេត្ត និងគ្របដណ្ដប់លើដំណាំ ដែលមានសក្ដានុពលខ្ពស់ផ្សេងទៀត ដូចជា ស្វាយចន្ទី កៅស៊ូ និងទុរេន ជាដើម»។
លោកលើកឡើងទៀតថា វឌ្ឍនភាពនៃវិស័យកសិកម្មដែលកម្ពុជាសម្រេចបាននាពេលកន្លងមក គឺពិតជាកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ និងរដ្ឋាភិបាលអាណត្តិនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ និងស្របតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចគ្រប់កាលៈទេសៈ។
លោកបានបញ្ជាក់ថា៖«ក្នុងដំណាក់កាលកម្ពុជាខ្វះស្បៀង រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តស្តីពី«ការផ្ទេរអនុវត្តន៍ផ្ទាល់បែបបើកទូលាយមកការអភិវឌ្ឍបែបស៊ីជម្រៅនៅឆ្នាំ១៩៨៧ ដូចដែលសម្តេចតេជោ(លោក ហ៊ុន សែន) បានពន្យល់លម្អិតនៅក្នុងគោលដៅជំរុញបន្ថែមផលិតកម្ម និងបង្កើនទិន្នផលតាមរយៈការដោះស្រាយទឹក ការបង្កើនការដំាដុះ ការធ្វើប្រភពប្រពលវប្បកម្ម(គឺជាការធ្វើស្រែ ដែលមិនចាំបាច់រង់ចាំទឹកភ្លៀងទើបអាចធ្វើស្រែបាននោះទេ គឺមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ដែលមានទឹកជានិច្ចសម្រាប់ធ្វើស្រែគ្រប់រដូវ) លើផ្ទៃដីដែលស្រាប់ ព្រមទាំងការស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងពូជថ្មីៗ ព្រមទាំងការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម ការដាក់ចេញគោលនយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និងការបង្កើនផ្ទៃដីផលិតកម្ម»។
លោកបាននិយាយថា៖«ជាលទ្ធផលវិស័យកសិកម្មកម្ពុជា បច្ចុប្បន្នមានលទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញនៅគ្រប់កាលៈទេសៈ និងបញ្ជៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារមិនថាក្នុងស្ថានភាពនៃរីករាលដាលជំងឺកូវីដ ១៩ ឬគ្រោះធម្មជាតិ និងភាពតាន់តឹងនៃភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោកនោះទេ ព្រមទាំងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ»។
គិតមកដល់ពេលនេះ ទាំងសហគមន៍កសិកម្មទំនើបថ្មីចំនួន ១២ និងសហគមន៍ដែលមានសម្រាប់ ២៦០១ សហគមន៍ បានដាំដំណាំគ្រប់ដណ្តប់លើផ្ទៃដីសរុប ១១ ៤២១ ហិកតា និងមានលទ្ធផលប្រចាំឆ្នាំចំនួន ១៩,៧៧ លានដុល្លារអាមេរិក ហើយ បច្ចុប្បន្នសហគមន៍កសិកម្មទំនើបចំនួន ៦ កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ក្នុងរង្វង់ ៧ភាគរយក្នុង ១ឆ្នាំ សម្រាប់ការធ្វើទុនបង្វិលដែលមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារអាមេរិក៕